ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ល្បែង​បោះអង្គញ់ ពេញនិយម​យ៉ាងខ្លាំង ពេល​ចូលឆ្នាំថ្មី​
12, Apr 2018 , 8:59 pm        
រូបភាព
​ល្បែង​បោះអង្គញ់ ត្រូវបាន​ដាក់ឈ្មោះ​តាម​ផ្លែ​អង្គញ់​។ ល្បែង​បោះអង្គញ់ អាច​រាប់​ចូលក្នុង​ប្រភេទ​កីឡា ដែល​ហាត់​ដៃ​ឲ្យ​ត្រង់ ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​នឹងន​។ ដើមឡើយ ប្រជាព​រដ្ឋ​កម្ពុជា​គ្រប់​វ័យ ចូលចិត្ត​លេងល្បែង​បោះអង្គញ់​យ៉ាងខ្លាំង ក្នុង​រដូវ ចូលឆ្នាំ​ខ្មែរ​។ ប៉ុន្តែ គេ​សង្កេតឃើញថា នាពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ក្រុមយុវជន បែរជា​ព្រ​ហើយ​កន្តើយ នឹង​ល្បែង​នេះ ទៅវិញ​។​



​ល្បែង​អង្គញ់ គេ​លេង​បាន​ចាប់​ពីគ្នា ២​នាក់​ឡើងទៅ រហូតដល់ ១០​នាក់ ដោយ​ចែកចេញ ជា​ពី​ក្រុម​មាន​ចំនួន​ស្មើ គ្នា ដែលមាន​នារី​ម្ខាង និង​បុរស​ម្ខាង ឬក៏​ចម្រុះ​គ្នា​ទាំង​ពីរភេទ​ក៏បាន​។ អង្គញ់ ដែល​គេ​យកមក​លេង​នេះ ឲ្យ ឈ្មោះថា «​កោយ​» ចែកចេញជា​ពីរ​ផ្នែក គឺ កោយ​ដាំ មួយចំនួន និង​កោយ​បោះ​មួយចំនួន​។ កោយ​ដាំ គឺ​គេ​យក​ផ្លែ​អង្គញ់​ដាំ​ភ្ជាប់​ទៅនឹង​ដី​។ រីឯ​កោយ​បោះ គឺ​ផ្លែ​អង្គញ់​ទាំងឡាយ ដែល​គេ​កាន់​យក ហើយ​បោះ​ក្ដី​ឬ​ធ្វើ​អ្វី​គ្រប់បែប​ទៀត​ក្ដី សម្រាប់​បោះ​រំលំ​កោយ ដាំ​ទាំង​ប៉ុន្មាន​នោះ​ដែល​ដាំ​នោះ​។

​លក្ខខណ្ឌ​នៃ​ការបោះ​អង្គញ់ មាន​ច្រើន​របៀប រួ​មាន ១. បោះ (​កាន់​បោះ​មកពី​ទី តម្រង់​កោយ​ដាំ​), ២. ស៊ីគោល (​បាញ់​ដោយ​ម្រាមដៃ​ដាក់​លើ​ក្បាលជង្គង់​), ៣. ស៊ី​ប៉ា​រ៉េត (​បាញ់​ដោយ​ម្រាមដៃ​ដាក់​ផ្ទាល់​នឹង​ដី​), ៤. ត្រកង (​ប្រមៀល​អង្គញ់​មកពី​ទី​), ៥. ចាក់​ខ្ទែ​ក (​ដាក់​អង្គញ់​លើ​ខ្នងជើង​ដើរ​បី​ជំហាន​), ៦. បោះ​ជោះ (​បោះ​សម្រេច​ជា​ចុងក្រោយ​បំផុត​)​។​

​របៀប​លេង​ក្នុង​សង្កាត់​នីមួយៗ​មាន​ដូចតទៅ​៖
​ថ្នាក់​ទី​១ បោះ ៖ ពួក​អ្នក ដែល​ត្រូវ​ឡើងទៅ​បោះ គឺ​ត្រូវ​បោះ​តម្រង់​ទៅ​កោយ​ដែល​ដាំ​ណាមួយ​។  នៅពេល​បោះ​ទៅ​ត្រូវ កោយ​ដាំ​នោះ​ហើយ កោយ​នោះ​ក៏​ដួល​ខ្ទាត​ចេញពី​រន្ធ​ទៅ កោយ​បោះ​ក៏​នៅក្នុង​រន្ធ​កោយ​ដាំ​, ហើយ​អ្នក​ដាំ​ទះ​កោយ បោះ​នោះ​បង្កប់​ថែមទៀត យ៉ាងនេះ​គេ​ហៅថា «​ស្អុយ​»​។ បើ​បោះ​ត្រូវ​កោយ ណាមួយ​ហើយ បើ​បោះ​កោយ​មួយ ក្រោយ​ទៅ​ត្រូវ​កើយ ដដែល​ទៀត​គេ​ហៅថា «​ម៉ា​យ​»​។ បើ​អ្នក​បោះ​ប្រព្រឹត្ត​ខុស វិន័យ​ទាំង នេះហើយ ត្រូវ​អ្នក​ដាំ​ទៅ បោះ​អ្នក​បោះ​មក​ដាំ​វិញ​ម្ដង​។ កាលណា​បោះ​ទៅ​ត្រូវ​កោយ ដែល​ដាំ​ដួល​ទាំង អស់​រួចហើយ អ្នក​បោះ​ត្រូវ​ចាប់ បន្តធ្វើ ស៊ីគោល​តទៅទៀត​។​

​ថ្នាក់​ទី​២ ស៊ីគោល​៖ នៅពេល​បើ​បោះ​ត្រូវ​អស់ហើយ គេ​យក​កោយ​របស់គេ ដែល​សំដៅទៅ «​ទី​» ហើយ​អង្គុយច្រហោង រុញ​ក្បាលជង្គង់ ម្ខាង​ទៅមុខ​បន្តិច​យក​កោយ​ដាក់​លើ​ក្បាលជង្គង់​នោះ ទាត់​កោយ​ដោយ​មេដៃ ឬ ចង្អុលដៃ តម្រង់​ទៅ​កើយ​ដាំ​ណាមួយ​។ បើ​កោយ​ធ្លាក់ ទៅនោះ​ធ្លាក់​ជិត​កោយ​ដាំ​ពេក​ប្រហែល​ជាមួយ​ចំអាម ឬ កន្លះ​ចំអាម នោះ​, អ្នក​ស៊ីគោល​គេ​សួរ​អ្នក​ដាំ​ថា «​វ័ធ ឬ ណាប់​?» បើ​អ្នក​ដាំ​ឆ្លើយថា «​វ័ធ​» អ្នក​ស៊ីគោល ត្រូវ​វាស់​ជា​ចំអាម ដោយ យក​មេដៃ​ដាក់​លើ​កើយ​របស់ខ្លួន​ចង្អុលដៃ​វ័ធ​កោយ​ដាំ​ឲ្យ​ដួល​តែម្ដង​។ បើ​អ្នក​ដាំ​ឆ្លើយថា «​ណាប់​» អ្នក​ស៊ីគោល​គេ លើក​កោយ​របស់គេ​គប់​ទៅ​កោយ​ដាំ​នោះ​ឲ្យ​ដួល​តែម្ដង​។ ដូចនេះ​កោយ ដែល​ស៊ីគោល​ធ្លាក់​ជិត​ពេក​នោះ គេ​ឲ្យ ឈ្មោះថា «​វ័ធ​-​ណាប់​»​។ បើ​កោយ​ដែល​ស៊ីគោល ទៅហើយ​ធ្លាក់​ឆ្ងាយ​ពី​កោយ ដាំ​ជាង​មួយ​ចំអាម​នោះ​អ្នក​ស៊ីគោល ត្រូវ​លុតជង្គង់ ហើយ​យក​កើយ​នោះ មក​ដាក់​លើ​ក្បាលជង្គង់​ផ្ទាត់​តម្រង់​ទៅ​កោយ​ដាំ​បន្តទៅ​ម្ដងទៀត ទាល់តែ​អស់ កើយ​របស់ខ្លួន​។ បើ​កោយ​ស៊ីគោល នោះរ​ត់ទៅ​ប៉ះ ដូចជា​កើយ ស៊ីគោល​ទៅមុន​ធ្លាក់ ត្រង់​កន្លែង​ណាមួយ ហើយ កើយ​ទៅក្រោយរ​ត់ទៅ​ប៉ះ កោយ​មុន​នោះ​ដល់ពេល​អ្នកបាញ់ ទៅ​បាញ់​ម្ដងទៀត​នោះ អ្នក​ដាំ​គេ​ត្រូវ​ពិន័យ ដូច្នេះ គឺ កោយ​មុនគេ​ឲ្យ​ផ្ទាត់ ដោយ​ស្រលៀង​ភ្នែក​ម្ខាង គឺ​ឲ្យ​ធ្មេចភ្នែក​ម្ខាង​ឯកោ​យ ក្រោយ​គេ​ឲ្យ​ផ្ទាត់​ដោយ​ខ្វាក់ភ្នែក គឺ​ឲ្យ ធ្មេច ភ្នែក​ទាំងសងខាង​។ ដូច្នេះ​ទើប​គេ​ឲ្យ​ឈ្មោះ កើត ២ នេះ​ថា កោយ​ខ្វាក់ និង​ស្រលៀង​តាម​ទណ្ឌកម្ម ដែល​គេ ពិន័យ​ស៊ីគោល​ដូច​បាន​រៀបរាប់ មកនេះ ត្រូវ​កោយ​ដាំ​ដួល​អស់ហើយ​គេ​ត្រូវធ្វើ​ស៊ី​ប៉ា​រ៉េត​តទៅទៀត​។​

​ថ្នាក់​ទី​៣ ស៊ី​ប៉ា​រ៉េត​៖ គឺ​ពួក​អ្នក​ស៊ីគោល​នោះ​កាល​បានធ្វើ​ស៊ីគោល​រួចហើយ​គេ​នាំ គ្នា​យក​កោយ​ទៅ​ដាក់​ផ្ទាល់​នឹង​ដី ហើយ​បាញ់​ដោយ​ម្រាម ដាំ​មួយ​ម្ដងៗ តម្រង់​ទៅរក​កោយ​ដាំ រហូតដល់​អស់ កើយ​ការពិន័យ​មាន វ័ធ​, ណាប់​, ស្រ លៀង​, ខ្វាក់ របៀប​ដូច​ស៊ីគោល ដែរ​ខុសគ្នា​ត្រង់​ស៊ីគោល គេ​ធ្វើ​លើ ក្បាលជង្គង់​, ចំណែក​ស៊ី​ប៉ា​រ៉េត​ដាក់​កោយ​ផ្ទាល់ នឹង​ដី​តែប៉ុណ្ណោះ​។ លុះ​ធ្វើ​ស៊ី​ប៉ា​រ៉េត​រួចហើយ គេ​ធ្វើ​ត្រកង​ត ទៅទៀត​។​

​ថ្នាក់​ទី​៤ ត្រកង ឬ ត្រ​ឡង​កង​៖ គឺ​ក្រោយ​ដែល​ធ្វើ​ស៊ី​ប៉ា​រ៉េត​ត្រូវ​អស់ហើយ គេ​ចាប់ធ្វើ​បន្តទៅទៀត ដោយ​ត្រកង​។ ត្រកង​នេះ គឺ​គេ​ប្រមៀល​កោយ (​គ្រាប់​អង្គញ់​) ឲ្យ​រមៀល​ដូច​បរកង់ ហេតុនេះ​បានជា គេ​ហៅថា «​ត្រកង ឬ ត្រ​ឡង កង​»​។​ត្រកង​មាន​ពីរ បែប​,​គេ​យក​បែបណា មួយ​មកលេង ក៏បាន តាមតែ​គេ ណាត់គ្នា​ហៅថា ត្រកង​ទប់ និង ត្រកង ធា​។ ត្រកង​ទប់​គឺ​គេ​ប្រមៀល​កោយ ទៅហើយ​ត្រូវ​រត់តាម​ទៅ​យកដៃ​ខ្ទប់ ឲ្យ​ទាន់​មុន កោយ នោះ​ដួល ហើយ​មិន​ឲ្យ ហួស​មេក្លោង​ផង តែបើ​ទប់​មិនទាន់​បណ្ដោយ ឲ្យ​កោយ​ដួល​ស្លៀ​ម​ខ្លួន​វា ឬ​ទប់​ដែរ​តែ​មិនបាន យកដៃ​ខ្ទប់​ឲ្យ​ជិត​ល្អ លើ​កោយ នោះទេ នោះគេ​ទុកជា​ស្អុយ​មិនបានការ​, ពួក​ម្ខាង​ទៀត​ត្រូវ​ឡើង​ធ្វើ​ម្ដង​។ បើ​កើយ​នោះ រត់លឿន​ពេក​ទៅ ហួស​មេក្លោង​ឬមួយ​ក៏ ទង្គិច ដួល កោយ ដាំ​ណាមួយ​ក៏​ទុកជា​ស្អុយ​ត្រូវគេ «​ឡើង​»​ដែរ​។ ឯ​ត្រកង​ធា​វិញ​ពុំ​ពិបាក​រត់ តាម​ខ្ទប់​ទេ តែ​ត្រូវមាន​វិន័យ​មិន​ឲ្យ ហួស​មេក្លោង​និង ទង្គិច​កោយ ដាំ ឡើយ​។ របៀប​ត្រកង ក៏ដូចជា ស៊ីគោល ឬ ស៊ី ប៉ា​រ៉េត​ដែរ គឺ​ធ្វើបាន​ពី​ដំណាក់ គឺ​ត្រកង​ពី​ទី​ទៅដល់​ត្រង់ណា ហើយ​អាច​តាម ទៅ បាញ់ ដល់​ម្រាម ដៃ​ផ្ទាល់​នឹង​ដី តម្រង់​ទៅ​កោយ​ដាំ​ម្ដងទៀត ប្រសិន​ជាមាន​រះ​ដួល កោយ​ដាំ​ម្ដង​ពីរ​ឬ បី​, ម៉ា​យ​,​ងីងើ​មិន​ដួល​កោយ​ដាំ​នោះ គ្រាន់តែ​រង្គើ ក៏ត្រូវ​ទទួល បទ​ពិន័យ ដូច​មុនៗ​ដែរ​។​

​ថ្នាក់​ទី ៥ ចាក់​ខ្ចែ​ក ៖ គឺ ចាក់​ខ្ចែ​កមាន​របៀប​ប្លែក​ពីមុនៗ គឺ​គេ​ឈាន​មួយ​ជំហាន​ពី​ទី រួច​យក​អង្គញ់ ដាក់​លើ​ខ្នងជើង ហើយ​ឈាន​ពីរ​ជំហាន ទៅមុខ ទៀត ទើប​រលាស់ ចុងជើង គ្រវាត់​គ្រាប់​អង្គញ់ ទៅ​ឲ្យ​ត្រូវ​កោយ​ដាំ​។ កាលណា​មិនត្រូវ ក៏​ស្អុយ​កោយ​បោះ​នោះ ចោល​ទៅ​កាលណា​ត្រូវ អាច​យក កោយ ដដែល​នោះ មក​ធ្វើ​សារជាថ្មី​បាន​ម្ដងទៀត​។ ប្រសិន ជា​ដាក់​កោយ​ខ្នងជើង ហើយ​ឈាន​ពុំទាន់​ដល់ កោយ​ដាំ​ស្រាប់តែ​ជ្រុះ​កោយ ទៅ នោះគេ ទុកជា​បាក់​កលៀន​អណ្ដាត គឺ​គេ​ឲ្យ​យកទៅ ធ្វើ​ម្ដងទៀត​តែ​ឲ្យ​អ្នកនោះ ងើយ​ក​ឡើងលើ​លៀន​អណ្ដាត មិន​ឲ្យ​មើលទៅ​កោយ​ដាំ​ទេ គឺថា ធ្វើ ប្រថុយៗ តាម​ស្មាន​។ ចាក់​ខ្ចែ​កឥត​ធ្វើ​ពី​ដំណាក់​ឈើ​តាម ទៅ​ផ្ទាត់​បាន​នៅ​ជិត​កោយ ដាំ​ដូច​ត្រកង ស៊ីគោល​-​ស៊ី​ប៉ា​រ៉េត ទេ គេ​ធ្វើ​យក ត្រូវ ពី​ទី តែម្ដង​។ កាលបើ មាន​រះ ,​មា​យ​,​កប់ គេ​ពិន័យ​ដូច​ធ្វើ​អ្វីៗ​ពីមុនមក​ដែរ​។​

​ថ្នាក់​ទី ៦ បោះ​ជោះ ៖ គឺ បោះ​ជោះ​ក៏ដូចជា​បោះ​ពីដំបូង​ដែរ វិន័យ​គ្រប់បែបគ្រប់យ៉ាង ដូចគ្នា​ទាំងអស់ សុទ្ធសាធ​។ គិត​ទៅ​បោះ​ជួស​នេះ ហាក់ ដូចជា គ្រាន់តែ​ជា​វិញ្ញាសារ​មួយ សម្រាប់​រង់ចាំ​ពួក​ខាង​យឺត​ជាង​ឲ្យ​បាន​ឱកាស​ដេញតាម តែប៉ុណ្ណោះ​។ បានជា​ហៅថា​បោះ ជោះ​ព្រោះ​បន្ទាប់​តែ ពី​បោះ​នេះ ទៅ​ត្រូវបាន​ជោះ​ហើយ (​គ្រាន់តែ​រង់ចាំ​ឲ្យ​គេ​តាម ប៉ុន្មាន​ក្តារ ដែល​បាន​សន្ម​ត់​តែប៉ុណ្ណោះ​)​។​

​របៀប​ជោះ គឺ​គេ​យក​អង្គញ់​មួយ​ផ្ទាប់​ទៅដល់​ក្បាលជង្គង់​ហើយ​យក​អង្គញ់​មួយទៀត​វាយ​ជួយ​ពីលើ រាប់​ចំនួន​តាម ដែល​គេ​ត្រូវ​ជួស​។ ធ្វើបែបនេះ​ហៅថា «​ជោះ​បាយ​ត្រជាក់​»​។ មួយបែប​ទៀត​ហៅថា «​ជោះ​បាយ​ក្ដៅ​» របៀបនេះ គេ​ផ្គុំ​អង្គញ់​ពីរ​តម្រួត​គ្នា គឺ​មួយ​ផ្តេក​ដាក់​ពីក្រោម មួយ​បញ្ឈរ​ដាក់​ពីលើ​កាន់ ក្នុង​ប្រអប់ដៃ​មួយ ហើយ​ជោះ​ខ្លាំងៗ ទៅ លើ​ក្បាលជង្គង់​អ្នកចាញ់ មួយៗ​ឡើង​ក្រហម សាច់​ទំរាំ​តែ​អស់​ចំនួន ៣០-៤០ សឹងតែ ហើម​ក្បាល ជង្គង់​តែម្ដង​ជួន កាល​គេ​យក​បំពង់​ឫស្សី មក​ខោក​ក្បាលជង្គង់​ធ្វើជា ជោះ​ជំនួស​គ្រាប់​អង្គញ់​ក៏មាន​។​

​ឯ​ឈ្មោះ​ពិន័យ ដែល​ប្រើ​ក្នុង​ល្បែង​អង្គញ់​នេះ​មាន ៩ បែប​ដូចខាងក្រោម​៖
១- ស្អុយ (​គឺ​ធ្វើ​ខុស​ទុក​កោយ​នេះ ជា​អាសា​របង់​)
២- មា​យ (​ត្រូវ​ម្ដង​ហើយ ត្រូវ​ដដែល​ម្ដងទៀត​)
៣- រះ (​កោយ​បោះ​មួយ ត្រូវ​កោយ​ដាំ​ម្ដង​ពីរ​)
៤- ងីងើ (​កោយ​បោះ​រត់​ប៉ះ​កោយ​ដាំ​ឲ្យ​រង្គើ​មិន​ដួល​)
៥- ស្រលៀង​-​ខ្វាក់ (​ព្រោះ​កើយ​បោះ​ទង្គិច​គ្នា​)
៦- វ័ធ​-​ណាត់ (​កោយ​បោះ​ជិត​កោយ​ដាំ​ពេក​)
៧- បាក់ក​លៀន​អណ្ដាត (​ចាក់​ខ្ទាត​ធ្លាក់​កើយ​កណ្ដាល​ទី​)
៨- កប់​ទះ (​កោយ​ដាំ​ខ្ទាត​ចេញ កោយ​បោះ​នៅក្នុង​រន្ធ​ដាំ​)
៩- ហួស​មេដំបូល (​សម្រាប់​ត្រកង​កុំ​ឲ្យ​ហួស​មេក្លោង​)

- បទ​ពិន័យ​លើ​កំហុស​ទាំងអស់​ខាងលើនេះ មិន​ជាការ​ធ្ងន់ធ្ងរ​ពិបាក ប៉ុន្មាន​ឡើយ​មាន កំហុស​ខ្លះ គេ​គ្រាន់តែ​«​ឡើង​» គឺ​គេ​ទុក​ក្ដារ​នេះ​ជា​អាសាបង់ ត្រូវ​ផ្ទេរ ឲ្យ​ពួក ម្ខាង​ទៀត​ឡើង ទៅធ្វើ​ម្ដង​ដូច​យ៉ាង ម៉ា​យ រះ កប់​ទះ​ជាដើម ប៉ុន្តែ​ទោះជា ត្រូវ «​ឡើង​»​ក្ដី​ក៏​លើក​ក្រោយ គេ​អនុញ្ញាត​ឲ្យ​ពួកនេះ ទុក ជា ធ្វើ​ត្រូវ ទាំងអស់​នេះដែរ​។ ចំណែក​បទ​ពិន័យ ផ្សេងទៀត ក៏​គ្រាន់តែ​ដាក់ទណ្ឌកម្ម ឲ្យ​លំបាក​ក្នុង​ការធ្វើ​តែប៉ុណ្ណោះ ពុំទាន់​ចាត់ទុក​ឲ្យ​កោយ នោះ ស្អុយ ភ្លាមៗ​ទេ​។ ដូច្នេះ​បទ​ពិ ន័យ​គ្រាន់តែ​ឲ្យ​បាន​សប្បាយ បានយូរ​បន្តិច ប៉ុណ្ណោះឯង​។​

​ល្បែង​លេង​គ្រាប់​អង្គញ់​ដូចគ្នានេះដែរ គេ​អាច​យកទៅ​លេង​ជា​ល្បែង​មួយទៀត​ហៅថា «​លេង​កេល​»​។ គឺថា គេ យក​កោយ​ដាំ​ប្រាំ​ដែរ ដាំ​ដង្ហែ ជាមួយ​ជួរ​ហើយ​មាន​គូស​ទីមួយ ជា​កន្លែង​សន្មត ដាក់​កោយ​បោះ ៥ ដែរ​តែ​ដាក់​ផ្ទាល់ និង ដី គេ​យក​ជើង​កៀស គឺ​ជើងឆ្វេង​ឈរ ស្ងៀម​លូក ទៅមុខ​, ជើង​ស្ដាំ​ថយ​មក​ក្រោយ ចុច​កែង​ឲ្យ​ជាប់​ទៅនឹង​ដី ហើយ​ចុង​ម្រាម​ឆ្កើ​ស​យ៉ាងខ្លាំង ឲ្យ​កោយរ​ត់ទៅ​ត្រូវ​កោយ ដាំ​ម្ដង​មួយៗ​ទាល់តែ​អស់ បើ​កោយ​ណា មិនបាន​ត្រូវ កោយ​ដាំ​ទេ គេ​ទុកជា​ស្អុយ​តែបើ​បាន​ត្រូវគេ ឲ្យ​ត្រឡប់​យកមក​កេស (​ឆ្កើ​ស​ចុង​ម្រាមជើង​) បាន​ម្ដងទៀត​។ ពួក​ខាង ណា​ធ្វើ​ត្រូវ អស់​មុន ឈ្មោះថា ឈ្នះ អាច​ជួស​អ្នកចាញ់​បាន​។​

​របៀប​លេង​គ្រាប់​អង្គញ់​មួយ​យ៉ាង​ទៀត​គេ​ហៅថា «​បាញ់រង​»​គឺមាន​អ្នកលេង​ពីរ​ក្រុម​។ ក្រុម​ម្ខាងៗ​មាន​កោយ ១០ រៀងខ្លួន​គឺ​សម្រាប់​ដាំ ៥​បាញ់ ៥​។ គេ​ដាំ​ជួរ​តម្រៀប​គ្នា​ម្ខាង​ម្នាក់ ហើយ​យក​កោយ​បាញ់ ដោយ​បាញ់​ទៅខាង​ម្ខាង ម្ដងម្នាក់​ខាង​ណា​បាញ់ រំលំ​របស់​ពួក​ម្ខាង ទៀត​អស់​មុន គឺ​ខាង​នោះ ឈ្នះ និង​បាន​ជោះ​គេ​ឯ​បាញ់​នោះ គឺ​ឈរ​បត់ ក្បាលជង្គង់​ម្ខាង​ដាក់ ចោល​លើ​ក្បាល ជង្គង់​បាញ់​នឹង​ម្រាមដៃ តម្រង់​ទៅ​កោយ​ដាំ​តែម្ដង​៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ចូលឆ្នាំ​
  ល្បែង​ប្រជាប្រិយ​
  បោះអង្គញ់
© រក្សាសិទ្ធិដោយ thmeythmey.com