ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​ខ្នាត​ធំ​នៅ​ក្រុង​សៀមរាប​
13, Apr 2018 , 4:59 pm        
រូបភាព
 សៀមរាប​៖ មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​កម្រិតស្ដង់ដា​ទីមួយ​នៅ​កម្ពុជា ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​ហើយ​នៅ​រសៀល​ថ្ងៃទី​១២ ខែមេសា​។ វត្តមាន​នៃ​មជ្ឈមណ្ឌល​នេះ នឹង​ជំរុញឱ្យមាន​ការផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​នូវ​សក្កា​នុព​ល​ទេសចរណ៍ ពិសេស​ទេសចរណ៍​នៅតាម​ស្រុក​។​

 
​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​កម្រិតស្ដង់ដា​ក្រសួងទេសចរណ៍​កម្ពុជា មាន​ទីតាំង​នៅលើ​សួនច្បារ​ខាងកើត​មហាសណ្ឋាគារ​អង្គរ (​ជាប់មាត់​ស្ទឹង​សៀមរាប​)​។ តាម​របាយការណ៍​រប​ស់លោក ថោង រដ្ឋ​សក្ដិ ប្រធាន​នាយកដ្ឋាន​ជំរុញ​ទេសចរណ៍​ក្នុងស្រុក សំណង់​អាគារ​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍ ប្រើប្រាស់​ថវិកា​សរុប​ចំនួន ២០​ម៉ឺន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​រយៈពេល ៧​ខែ​។ 
 
 
​តាម​ការលើកឡើង​រប​ស់លោក ថោង រដ្ឋ​សក្ដិ អាគារ​មជ្ឈមណ្ឌល​នេះ​បែង​ចែកជា​៣​ផ្នែក​។ ទី​១ ផ្នែក​សេវាកម្ម​ទេសចរណ៍ មានការ​រៀបចំ​តាម​កម្រិតស្ដង់ដារ​បស់​ក្រសួងទេសចរណ៍ ទី​២ បង្គន់​អនាម័យ កម្រិតស្ដង់ដា​ពិភពលោក និង​ទី​៣ ផ្នែក​សេវាកម្ម​ម្ហូបអាហារ ដោយមាន​ការវិនិយោគ​ពី​ហាង​កាហ្វេ អ៉ិ​ន​ធឺ​ណិ​ត របស់​ក្រុមហ៊ុន​ថៃ​។​
 
​ក្នុង​ពិធី​សម្ពោធ​នោះដែរ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ថ្លែងថា អាគារ​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​សាងសង់ឡើង​ដោយមាន​ការចូលរួម​ពី​ស្ថាប័នរដ្ឋ និង​ឯកជន​។ លោក​បន្ថែមថា វត្តមាន​នៃ​មជ្ឈមណ្ឌល​នេះ​នឹង​ជំរុញឱ្យមាន​ការគ្រប់គ្រង​ព័ត៌មាន​ទេសចរណ៍​ឱ្យមាន​ប្រសិទ្ធិភាព និង​ពិតប្រាកដ​ទៅដល់​ទេសចរ ទាក់ទង​នឹង​ព័ត៌មាន​ការ​ស្នាក់នៅ មធ្យោបាយ​ធ្វើដំណើរ ម្ហូបអាហារ និង​តំបន់​ទាក់ទាញ​នានា​។ មជ្ឈមណ្ឌល​នេះ​ជា​កន្លែង​ដែល​បើក​ឱ្យចូល​រួម​ដោយ​សេរី មិន​គិតថ្លៃ ហើយ​វា​មិន​ត្រឹមតែ​ជា​កន្លែង​ផ្ដល់​សេវាកម្ម​ផ្នែក​បដិសណ្ឋារកិច្ច​ប៉ុណ្ណោះ​ទេ តែ​ជា​កន្លែង​ផ្សព្វផ្សាយ​ពីស​ក្កា​នុព​ល​ទេសចរណ៍​ក្នុងស្រុក​ផងដែរ​។ 
 
 
​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បន្ថែមទៀតថា តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងមក​ឃើញថា មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​គឺ​សម្រាប់​ទេសចរ​ដើរ​ជា​ក្រុម ឯករាជ្យ និង​បាន​ទិញ​ជា​កញ្ចប់​ទេសចរណ៍​ធំៗ​។ ទាក់ទង​នឹង​មជ្ឈមណ្ឌល​ព័​ត៌​មា​ទេសចរណ៍​នេះ បើតាម​លោក ថោង ខុន បច្ចុប្បន្ន​មាន​៣៣​កន្លែង នៅ​ខេត្តសៀមរាប​មាន​ចំនួន ៣​កន្លែង និង​នៅក្នុង​គម្រោង​មាន​២០​កន្លែង ទូទាំង​២៥​ខេត្ត​ក្រុង​៕


 

 

Tag:
 មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com