ជាតិ
២៥ខេត្ត/រាជធានី
លោក ហ៊ុន ម៉ា​នី ប្រគល់​ពានរង្វាន់​ឆ្នើម​ដល់​អតីត​ប្រធាន និង​អនុប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី​៥​រូប​
14, Apr 2018 , 12:47 pm        
រូបភាព
លោកស្រី Srisak Thaiarry ជនជាតិថៃ ធ្លាប់ជា​អនុប្រធាន AYC ពី​ឆ្នាំ​១៩៩១ ដល់​១៩៩៣ ដែល​សព្វថ្ងៃ​ជា​ប្រធាន​​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​យុវជន​អាស៊ាន ហៅ​កាត់​ថា CAYC​
លោកស្រី Srisak Thaiarry ជនជាតិថៃ ធ្លាប់ជា​អនុប្រធាន AYC ពី​ឆ្នាំ​១៩៩១ ដល់​១៩៩៣ ដែល​សព្វថ្ងៃ​ជា​ប្រធាន​​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​យុវជន​អាស៊ាន ហៅ​កាត់​ថា CAYC​
សៀមរាប​៖ អតីត​ប្រធាន និង​អនុប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី​ចំនួន ៥​រូប បានទទួល​ពានរង្វាន់​ឆ្នើម ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ និង​មហាសន្និបាត ដែល​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ ធ្វើ​ឡើងជា​លើកទីមួយ និង​ស្រប​ពេលដែល​លោក ហ៊ុន ម៉ា​នី ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី​អាណត្តិ​ទី​៣​។​



ក្រុមប្រឹក្សា​យុវជន​អាស៊ី (AYC) បានរៀបចំ​ពិធី​ចែក​ពានរង្វាន់​ឆ្នើម​ដល់​អតីត​ប្រធាន និង​អនុប្រធាន​ចំនួន​៥​រូប ដែលមាន​ស្នាដៃ និង​លះបង់​ខ្ពស់ ក្នុង​ការបន្ដ​ការដឹកនាំ និង​ប្រឹក្សា​យោបល់​ដល់​ក្រុមប្រឹក្សា​យុវជន​អាស៊ី​។

​បុគ្គល​ទាំង​៥​រូបនោះ​រួមមាន ទី​១​លោក Mohamad Khir Toyo ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី​។ ទី​២ លោក Maommar Muthar M. Al-eryani ធ្លាប់​អនុប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី​ដល់​ឆ្នាំ​២០១៦​។ ទី​៣ ឌុ​កទ័រ Kwang Sun Cha ធ្លាប់ជា​អនុប្រធាន ពី​ឆ្នាំ​១៩៩៨ ដល់ ២០០៨​។ ទី​៤ លោកស្រី Srisak Thaiarry ធ្លាប់ជា​អនុប្រធាន ពី​ឆ្នាំ​១៩៩១ ដល់​១៩៩៣ ដែល​សព្វថ្ងៃ​លោកស្រី​ជា​ប្រធាន​នៃ​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​យុវជន​អាស៊ាន ហៅ​កាត់​ថា CAYC​។ ទី​៥ លោក Jackie Goh លោក​ជា​បុគ្គល​មួយរូប ដែលជា​ត្រូវបាន​គេ​ស្គាល់​ច្រើន​ក្នុង​វិស័យ​អភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី ហើយ​លោក​ក៏មាន​បទពិសោធន៍​ជាច្រើន និង​បណ្ដាញ​យុវជន​ដ៏​ធំ​នៅ​តំបន់​អាស៊ី​។​

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី​១៣ ខែមេសា នៅ​សណ្ឋាគារ សុខា​សៀមរាប បាន​ថ្លែងថា បុគ្គល​ឆ្នើម​ទាំង​៥​រូប គឺជា​ឥស្សរៈជន​ជាន់ខ្ពស់ ហើយ​បាន​លះបង់​ពេលវេលា​ជាច្រើន​ក្នុងការ​ដឹកនាំ​យុវជន ក៏ដូចជា​ក្រុមប្រឹក្សា​យុវជន​អា​ស៊ី។

ក្នុង​ពិធី​នោះ លោក ហ៊ុន ម៉ា​នី បាន​បង្ហើប​ពី​គម្រោង​កម្មវិធី Light of Education​។ លោក ហ៊ុន ម៉ា​នី ពន្យល់ថា គម្រោង​នេះ គឺ​ចង់​បំពាក់​អគ្គិសនី ដូចជា​អំពូល​ភ្លើង​នៅតាម​ដងផ្លូវ ឬ​ថ្នាក់រៀន សម្រាប់​កូនសិស្ស​បាន​សិក្សា​នៅពេល​យប់ ទៅតាម​បណ្តា​ប្រទេស​ជា​សមាជិក​។ យ៉ាងណា លោក ហ៊ុន ម៉ា​នី បញ្ជាក់ថា ថ្នាក់ដឹកនាំ​កំពុង​ពិភាក្សា​បន្ថែម ហើយ​ប្រទេស​៣ មាន​កម្ពុជា ម៉ាឡេស៊ី និង​សិង្ហ​បុរី នឹងចូលរួម​សាកល្បង​លើ​គម្រោង​នេះ​មុនគេ​នៅ​ចុងឆ្នាំ​២០១៨​ខាងមុខនេះ​។​

ក្រុមប្រឹក្សា​យុវជន​អាស៊ី គឺជា​អង្គការក្រៅរដ្ឋាភិបាល​ក​ម្រិ​ត​តំបន់​បម្រើឱ្យ​យុវជន ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​១៩៩២ ដើម្បី​ជំរុញ​សាមគ្គីភាព និង​ស្មារតី​ក្នុង​លក្ខណៈ​ជា​គ្រួសារ​ក្នុង​មជ្ឈមណ្ឌល​យុវជន​វ័យក្មេង​ក្នុង​អាស៊ី ព្រមទាំង​ដើម្បី​ពង្រឹង​អង្គការ​យុវជន​ថ្នាក់ជាតិ​នីមួយៗ​ក្នុង​តំបន់​។ សមា​ជិ​ភាព​នៃ​ក្រុមប្រឹក្សា​យុវជន​អាស៊ី រួមមាន​អង្គការ​យុវជន​ថ្នាក់ជាតិ​នានា​ក្នុង​អាស៊ី​។ បច្ចុប្បន្ននេះ អង្គការ​យុវជន​ជាតិ​ដែលជា​សមាជិក គឺមាន​២០​ប្រទេស រួមមាន កម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ បង់​ក្លា​ដែ​ស ចិន ហ្វី​ជី ឥណ្ឌា ជប៉ុន កូរ៉េ ម៉ា​ល់​ឌី​វ ម៉ុង​ហ្គោ​លី នេ​ប៉ាល់ ប៉ា​គី​ស្ថាន សា​ម័​រ ស្រីលង្កា និង​យេ​ម៉េ​ន​។

នៅក្នុង​កិច្ចប្រជុំ​ឆ្នាំ​២០១៦ មហាសន្និបាត​ក្រុមប្រឹក្សា​យុវជន​អាស៊ី​បោះឆ្នោត​ជ្រើសរើស​ជា​ឯក​ច្ឆ័​ន្ទ​ដល់​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឱ្យ​ក្លាយជា​ប្រធាន​សម្រាប់​អាណ​ត្ដិ​ទី​៣ ពី​ឆ្នាំ​២០១៦ ដល់​២០១៩៕














Tag:
 ក្រុមប្រឹក្សា​យុវជន​អាស៊ី​
  ហ៊ុន ម៉ា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com