ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សិល្បះ
សិរីមន្ត​, នីសា និង​កូនប្រុស​ទាំង​៣​របស់ ព្រាប សុវត្ថិ នឹង​អង្រួន​ឆាក​តន្ត្រី​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន​
16, Apr 2018 , 10:37 am        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​កក្រើក ដែលមាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ជូរ​មុខ​កម្ពុជា​រួមមាន ខេមរៈ សិរីមន្ត​, សុគន្ធ នីសា​, កញ្ញា យូ​រី និង​កូនប្រុស​ទាំងបី​របស់លោក ព្រាប សុវត្ថិ បង្ហាញ​វត្ត​មាននៅ​សួនច្បារ​សម្តេច ហ៊ុន សែន ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។ ក្រៅពីនេះ ក៏មាន​ការសម្តែង​សិល្បៈ​វប្បធម៌​ខ្មែរ និង​កម្មវិធី​កម្សាន្ត​នានា​ជាច្រើន​ទៀត ពិសេស​មានការ​តាំង​ពោង​ខ្យល់​ជា​រូបរាង​សត្វ​លំអរ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​នៅ​ទីនោះ​ផងដែរ​។​

 
​តារាចម្រៀង​ជូរ​មុខ​កម្ពុជា​រួមមាន​លោក ខេមរៈ សិរីមន្ត​, អ្នកនាង សុគន្ធ នីសា​, កញ្ញា យូ​រី​, កូនប្រុស​ទាំងបី​របស់​លោក ព្រាប សុវត្ថិ (​សុវត្ថិ មុនី​វណ្ណ​, សុវត្ថិ មុនី​នាគ​, សុវត្ថិ សិរីវុឌ្ឍ​) និង​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ទៀត នឹង​ឡើង​អង្រួន​ឆាក​តន្ត្រី​នៃ​«​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​អបអរ​បុណ្យចូលឆ្នាំថ្មី​»​ចាប់ពី​ថ្ងៃទី​២០-២២ ខែមេសា ឆ្នាំ​២០១៨ នៅ​សួនច្បារ​សម្តេច ហ៊ុន សែន​។ 


 
​ដើម្បី​ផ្តល់​ជា​ទស្សនីយភាព​ឲ្យ​កាន់តែ​ប្លែក ក៏ដូចជា​បង្កើន​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ពិសេស​អ្នក​នៅ​រាជធានី​ភ្នំពេញ ក្រៅពី​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ខាងលើ ក៏មាន​ការសម្តែង​សិល្បៈ​វប្បធម៌​ខ្មែរ របាំ​អប្សរា ការសម្តែង​របស់​ក្រុម​តន្ត្រី​ជាតិ និង​អន្តរជាតិ និង​ការសម្តែង​សៀក​រហ័ស​សកម្ម​ជាដើម​។ 
 
​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ ក៏ដូចជា​ថ្នាក់ដឹកនាំ​ណាហ្គា​វើ​ល បានចាត់ទុក​ព្រឹត្តិការណ៍​ដែលជា​ការសហការ​រវាង​សាលា​រាជធានី​ភ្នំពេញ​ជាមួយ​ណាហ្គា​វើ​ល​ថា ជា​ព្រឹត្តិការណ៍​ដ៏​ធំ និង​ប្លែក​ទីមួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បានផ្តល់​ភាពសប្បាយ​រីករាយ​មិនអាច​បំភ្លេចបាន​សម្រាប់​សាធារណជន​។ 
 
​ដើម្បី​បង្កើន​ការទាក់ទាញ ក៏ដូចជា​ឲ្យ​សាធារណជន​អាច​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​ក្រុមគ្រួសារ មិត្តភក្តិ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​អបអរ​បុណ្យចូលឆ្នាំថ្មី មានការ​តាំង​បង្ហាញ​រូប​តុក្កតា​ពោង​ខ្យល់​ធំៗ លំអរ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​ជាច្រើន​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន ថែម​ទៀតផង​។ រូប​ពោង​ខ្យល់​ដ៏​ស្រស់ស្អាត​ទាំងនោះ​រួមមាន រូប​សុនខ​តំណាង​ឲ្យ​ឆ្នាំច រូប​បង្កង​ទន្លេមេគង្គ រូប​ក្ងាន និង​ពោង​ខ្យល់​ធំ​ជាច្រើន​ទៀត​។ 
 
«​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​អបអរ​បុណ្យចូលឆ្នាំថ្មី​»​ត្រូវបាន​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៣ មេសា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​ណាហ្គា​វើ​ល​។ ព្រឹត្តិការណ៍​នេះ ប្រព្រឹត្តិការណ៍​ទៅ​ចាប់ពី​ថ្ងៃ​បើក​ផ្លូវការ​រហូតដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅ​សួនច្បារ​សម្តេច ហ៊ុន សែន​៕  
 



Tag:
 ខេមរៈ សិរីមន្ត​
  សុគន្ធ នីសា​
  កូន​ព្រាប សុវត្ថិ​
© រក្សាសិទ្ធិដោយ thmeythmey.com