ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
កែប​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១០​ម៉ឺន ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​រយៈពេល​៣​ថ្ងៃ​
17, Apr 2018 , 9:54 am        
រូបភាព
រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កែប​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១០​ម៉ឹ​ន​នាក់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ រយៈពេល​៣​ថ្ងៃនេះ​។​


 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​ស្រង់​របាយការណ៍​ពី​នគរបាល​ខេត្ត​កែប បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​បានមក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​៥ នៅក្នុង​ខេត្ត​កែប មាន​ចំនួន​សរុប​១៣១,៨២៨​នាក់ កើនឡើង​ចំនួន​១៩, ៦០៥​នាក់ ស្មើនឹង​៩​ភាគរយ ក្នុងនោះ​ភ្ញៀវ​បរទេស​២៦៣៧​នាក់ ក៏​កើនឡើង​២៤១​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។ តែ​យ៉ាងណា​តួលេខ​ភ្ញៀវទេសចរ​នេះ មិនបាន​រាប់បញ្ចូល​ប្រជាជន​មកលេង​តាម​វត្ត​ទេ​។​
 
​ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្ត​កែប​វិញ បាន​កើតឡើង​ចំនួន​៤​លើក ដោយ​បង្កឡើង​រវាង​ម៉ូតូ​នឹង​រថយន្ត​២​លើក , ម៉ូតូ​នឹង​ម៉ូតូ​កង់​បី​១​លើក និង​ករណី​រថយន្តបុក​ចូល​ផ្សារ​១​លើក ដែល​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​, របួសធ្ងន់​៨​នាក់ និង​របួសស្រាល​៤​នាក់​។​
 
​ចំណែក​អ្នក​បើកឡាន​សាំង​យ៉ុង​១(​បុក​មនុស្ស​ក្នុង​ផ្សារ​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ និង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​១៧ មេសា​នេះ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com