អន្តរជាតិ
អាជ្ញាធរ​វៀតណាម​បង្ក្រាប​ផ្ទះ​ផលិត​កាហ្វេ​ដែល​ផ្សំ​ពី​ម្សៅ​ថ្មពិល​ចាស់ៗ​
18, Apr 2018 , 4:04 pm        
រូបភាព
ស្រ្តីវៀតណាម Nguyen Thi Loan ម្ចាស់អាជីវកម្មកាហ្វេដែលផ្សំចេញពីម្សៅថ្មពិល។ រូបថត tuoitrenews.vn
ស្រ្តីវៀតណាម Nguyen Thi Loan ម្ចាស់អាជីវកម្មកាហ្វេដែលផ្សំចេញពីម្សៅថ្មពិល។ រូបថត tuoitrenews.vn
ដោយ: ធីតា
​ប៉ូលិស​ខេត្ត Dak Nong និង​ក្រុមអធិការកិច្ច​ចំណីអាហារ​របស់​វៀតណាម កាលពីដើម​សប្តាហ៍​កន្លងមក បាន​បង្ក្រាប​ផ្ទះ​ផលិត​កាហ្វេ​មួយកន្លែង ដែល​ផ្សំ​ពី​សារធាតុ​ដ៏​គ្រោះថ្នាក់​។ យោងតាម​ការផ្សាយ​រប​ស់កា​សែត Tuoi Tre News កាហ្វេ​នោះ ធ្វើ​ចេញពី​ម្សៅ​ខ្មៅ នៃ​ថ្មពិល​ដែល​ប្រើប្រាស់​រួច រួម​កម្ទេច​ថ្ម​កខ្វក់​។​



​ពលរដ្ឋ​ដែល​រស់នៅ​មូលដ្ឋាន​ក្នុង​ខេត្ត Dak Nong បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ទាក់ទង​នឹង​សកម្មភាព​អាជីវកម្ម​ផលិត​កាហ្វេ​ដ៏​គួរ​ឲ្យ​សង្ស័យ​របស់​ស្ត្រី​ឈ្មោះ Nguyen Thi Loan និង​គ្រួសារ​របស់ខ្លួន​។ ក្រោយ​ការតាមដាន សមត្ថកិច្ច​បាន​រកឃើញ​ថា គ្រួសារ​មួយ​នេះ បាន​ផលិត​កាហ្វេ​ដ៏​កខ្វក់ ដើម្បី​លក់​នៅលើ​ទីផ្សារ​។​

​កាសែត Tuoi Tre News បាន​បញ្ជាក់ថា នា​ប្រតិបត្តិ​ការបង្ក្រាប អាជ្ញាធរ​បាន​រកឃើញ​កាហ្វេ​ជាច្រើន​តោន ត្រូវបាន​ផលិត​រួចរាល់ រួមទាំង​ម្សៅ​ខ្មៅ​៣៥​គីឡូក្រាម​ដែល​លាយ​ចេញ​ថ្មពិល​ចាស់ និង​ទឹកខ្មៅ​កខ្វក់​ប្រមាណ​១០​គីឡូក្រាម​ទៀត​។​

​នាង Loan បាន​រៀបរាប់ថា គ្រួសារ​របស់ខ្លួន បាន​ទិញ​គ្រាប់​កាហ្វេ​ដែល​គេ​ត្រូវ​ចោល ក្នុង​តម្លៃថោក ហើយ​យកទៅ​ផ្សំ​ជាមួយ​សារធាតុ​ផ្សេងទៀត ដូចជា​កម្ទេច​ថ្ម និង​ម្សៅ​ខ្មៅ​នៅក្នុង​ថ្មពិល (D batteries)​។ នាង​បាន​អះអាងថា ចាប់ផ្តើម​អាជីវកម្ម​តាំងពី​ដើមឆ្នាំ​២០១៨​មក នាង​បាន​លក់​កាហ្វេ​នេះ​ប្រមាណ​ជាង​៣​តោន​ទៅលើ​ទីផ្សារ​ហើយ​៕









​ប្រភព​រូបថត​៖ ប៉ូលិស Dak Nong វៀតណាម និង​សារព័ត៌មាន Tuoi Tre News


Tag:
 វៀតណាម​
  កាហ្វេ​
© រក្សាសិទ្ធិដោយ thmeythmey.com