ជាតិ
សិល្បះ
អ្នកនិពន្ធ​មិន​ហ៊ាន​រំពឹង​ខ្ពស់​ពី​ភាពយ​ន្ដ​«​វិបល្លាស​» ដែល​និយាយ​ពី​ជំងឺ​បាក់​ទឹកចិត្ត
19, Apr 2018 , 10:19 pm        
រូបភាព
«​វិបល្លាស​» ជា​ភាពយន្ត​និយាយ​ពី​ជំងឺ​បាក់​ទឹកចិត្ត ដែល​នឹង​ចាប់ផ្តើម​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត​នៅ​ថ្ងៃទី​១៩ ខែមេសា​នេះ​។ យ៉ាងណាក៏ដោយ អ្នកនិពន្ធ និង​ដឹកនាំ​រឿងនេះ គឺ​លោក សាង ច័ន្ទ​វិសាល មិនទាន់​ហ៊ាន​រំពឹង​ខ្ពស់​ថា​ភាពយន្ត​ប្រភេទ​កម្រ​នេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ឬ​យ៉ាងណា​នោះទេ​។ លោក វិសាល ត្រូវ​រង់​ចាំមើល​សន្ទុះ​ការគាំទ្រ នៅ​អំឡុងពេល​ចាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​សិន​។​



«​វិបល្លាស​» ជា​ភាពយន្ត ដែល​ផលិតឡើង​ក្នុង​បំណង​សំខាន់ គឺ​បញ្ជ្រាប​ចំណេះដឹង​ទាក់ទង​នឹង​ជំងឺ​បាក់​ទឹកចិត្ត​។ អ្នកនិពន្ធ ក៏​ចង់​ឲ្យ​អ្នកទស្សនា ស្វែងយល់​ពី​មូល​ហេ​ត​បណ្តាល​ឲ្យ​មាន​ជំងឺ​បាក់​ទឹកចិត្ត  និង​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ផងដែរ​។



​លោក សាង ច័ន្ទ​វិសាល ជា​អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ​រឿង «​វិបល្លាស​»​នេះ​។ អ្នកនិពន្ធ​វ័យ​២៣​ឆ្នាំ​រូបនេះ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បញ្ហា​ជំងឺ​បាក់​ទឹកចិត្ត ឬ​អ្នកមាន​ជំងឺ​ផ្លូវ​អារម្មណ៍ មិនមែន​កើតមាន​តែ​នៅ​កម្ពុជា​នោះទេ គឺមាន​ទូទាំង​ពិភពលោក​។ ដូច្នេះហើយ​ទើប​លោក​និពន្ធ​រឿងនេះ​ឡើង​។ វិសាល បន្ថែម​ដូច្នេះ​៖«​មនុស្ស​ភាគច្រើន តែង​យល់ច្រឡំ ពេល​ឃើញ​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត តែងតែ​ថា​គាត់​ឆ្កួត តែ​តាមពិត​ពួកគេ​គ្រាន់​តែមាន​ជំងឺ​បាក់​ទឹកចិត្ត​តែប៉ុណ្ណោះ​។ ពួក​ខ្ញុំ​និពន្ធ​រឿងនេះ​ឡើង ដើម្បី​ឲ្យ​អ្នកមើល គាត់​បាន​ស្វែងយល់​ពី​អាការ​ជំងឺ របស់​អ្នក​បាក់​ទឹកចិត្ត ដើម្បី​ឲ្យ​ពួកគេ​ឈប់​យល់ច្រឡំ និង​ចូលរួម​ដោះស្រាយ​ផងដែរ​»​។​



​ភាពយន្ត​«​វិបល្លាស​»​នេះ និយាយ​ពី​ជីវិត ស្នេហា សិល្បៈ និង​ជំងឺ​បាក់​ទឹកចិត្ត​របស់​នារី ខ្មែរ​អាមេរិកាំង​ម្នាក់​។ នេះ​បើតាម​អ្នកដឹកនាំ​រឿង​លោក សាង ច័ន្ទ​វិសាល ដែល​បាន​ឲ្យ​ដឹង​ទៀតថា មុន​ផលិត​ភាពយន្ត​នេះ​ឡើង ក្រុមការងារ​របស់លោក បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ពី​បញ្ហា​ជំងឺ​បាក់​ទឹកចិត្ត តាម​អ៊ីនធឺណិត និង​ពី​អ្នកឯកទេស​ខាង​ជំងឺផ្លូវចិត្ត​។ អ្នកនិពន្ធ សាង ច័ន្ទ​វិសាល បញ្ជាក់​ដូច្នេះ​៖« រឿងនេះ យើង​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍ និង​រោងកុន​។ យើង​មិន​អា​ចេះតែ​ផលិត​ទេ ដូច្នេះ​យើង​បាន​ស្រាវជ្រាវ​ច្រើន ពី​ប្រភេទ​ជំងឺ​បាក់​ទឹកចិត្ត​នេះ ដើម្បី​កុំ​ឲ្យ​អ្នកទស្សនា គាត់​យល់ច្រឡំ​ពី​ជំងឺ​បាក់​ទឹកចិត្ត​»​។ 



​យ៉ាងណាក៏ដោយ អ្នកនិពន្ធ និង​ដឹកនាំ​រឿង​វ័យ​២៣​ឆ្នាំ​រូបនេះ មិនទាន់​ហ៊ាន​រំពឹង​ខ្ពស់​នៅឡើយ ថា​ភាយ​ន្ត​និយាយ​ពី​ជំងឺ​បាក់​ទឹកចិត្ត​«​វិបល្លាស​»​នេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ឬ​យ៉ាងណា​នោះទេ​។ លោក វិសាល បញ្ជាក់ថា លោក​នៅ​រង់​ចាំមើល​សន្ទុះ​ការគាំទ្រ នៅ​អំឡុងពេល​ចាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​សិន​។​



​សូមជម្រាបថា ភាពយ​ន្ត​«​វិបល្លាស​» ដែល​ត្រូវ​ចាក់​បញ្ចាំង​នៅ​បណ្តា​រោងកុន មាន​ចំណងជើង​ថា «​វិបលាស​រចនា​»​ដែលមាន​រយៈពេល ១១០​នាទី​។ ក្រុម​ផលិតករ  បាន​ផលិត​រឿង «​វិបល្លាស​»​មួយ​ផ្សេងទៀត​ដែលមាន​៥០​ភាគ ដើម្បី​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​ផងដែរ​៕


Tag:
 សាង ច័ន្ទ​វិសាល​
 ​ភាពយន្ត​
 ​វិបល្លាស​
© រក្សាសិទ្ធិដោយ thmeythmey.com