ហាង​កាហ្វេ​មួយកន្លែង​នៅ​សៀមរាប​ប្រមូលផ្ដុំ​ដោយ​គ្រឿង​សម្ភារ​ចំណាស់ និង​ដ៏​កម្រ​
ជាតិ
ហាង​កាហ្វេ​មួយកន្លែង​នៅ​សៀមរាប​ប្រមូលផ្ដុំ​ដោយ​គ្រឿង​សម្ភារ​ចំណាស់ និង​ដ៏​កម្រ​
22, Apr 2018 , 7:50 pm        
រូបភាព
​សៀមរាប​៖ ដោយ​ស្រឡាញ់ និង​ផ្តល់​តម្លៃ​ដល់​គ្រឿង​សម្ភារ​សិល្បៈ​ចាស់ៗ និង​កម្រ ម្ចាស់​ហាង​កាហ្វេ​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប បាន​ប្រមែប្រមូល​សម្ភារ​ទាំងនោះ មក​តាំង​បង្ហាញ​នៅក្នុង​ហាង​កាហ្វេ​របស់លោក ក្នុងន័យ​ចង់ឱ្យ​មហាជន​បាន​ស្គាល់ និង​ដឹង​ពី​ប្រវត្តិ​សម្ភារ​ទាំងនោះ​។ សម្ភារ និង​ឧបករណ៍​សិល្បៈ​ទាំងនោះ រួមមាន ហោជាង ដែលមាន​អាយុកាល​ជាង ៣០​ឆ្នាំ ធុង​ការ៉េម​កី នង្គ័ល រនាស់ ដុំ​ផ្សាំ​គោ និង​ត្បាល់​ជាដើម​។​ល​។​

 
​តើ​លោកអ្នក​មានការ​ភ្ញា​ល់​ផ្អើល​ទេ ពេល​ដឹង​ពី​ប្រវត្តិ​នៃ​ហាង​កាហ្វេ ណ ១៩២៨ ទាក់ទង​នឹង​ស្ពានថ្ម ព្រះរាជដំណាក់​? ពិតណាស់ វា​មិនមែនជា​រឿង​ចៃដន្យ​ទេ ដែល​នៅ​សុខៗ​ម្ចាស់​ហាង​នេះ​យកឈ្មោះ​ហាង​កាហ្វេ ណ ភ្ជាប់​ទៅនឹង​លេខ ១៩២៨​។ តាមពិតទៅ ឆ្នាំ​១៩២៨ ជា​កាលបរិច្ឆេទ​នៃ​ឆ្នាំ​កសាង​ស្ពានថ្ម​ព្រះរាជដំណាក់ ក្នុង​ក្រុង​សៀមរាប​។ 


 
​លោក ទិ​ត្យ សុធា​រ៉ា ម្ចាស់​ហាង​កាហ្វេ ណ បានឱ្យដឹងថា ដោយសារ​ទីតាំង​ហាង​កាហ្វេ​សាខា​ទី​៣​របស់លោក ស្ថិតនៅ​ជិត​គល់​ស្ពានថ្ម​ព្រះរាជដំណាក់ និង​ចង់ឱ្យ​សាធារណជន​ដឹង​ពី​ឆ្នាំ​នៃ​ការកសាង​ស្ពានថ្ម​ផង​នោះ លោក​ក៏​សម្រេច​ដាក់ឈ្មោះ ហាង​កាហ្វេ​លោក​ថា «​កាហ្វេ ណ ១៩២៨» ទៅ​។ ក្រៅពី​មាន​ប្រវត្តិ​ទាក់ទង​នឹង​ឆ្នាំ​កសាង​ស្ពានថ្ម​ហើយ​នោះ ហាង​កាហ្វេ ណ នៅមាន​សម្ភារ និង​អាថ៌កំបាំង​ច្រើន​ទៀត ដែល​អ្នកខ្លះ​អាច​នឹង​មិនដឹង​។​
 


​ដោយសារ​ចង់ឱ្យ​ភ្ញៀវ​បានដឹង​រាល់​វត្ថុ​សិល្បៈ​ដែល​ខ្លួន​បាន​ប្រមែប្រមូល​ដ៏​លំបាក​ពី​ទី​ឆ្ងាយៗ​មក​នោះ ម្ចាស់​ហាង​កាហ្វេ ណ បានសម្រេច​បោះពុម្ព​សៀវភៅ​តូច​មួយ​ក្បាល ដែល​និយាយ​ពី​ប្រវត្តិ​រាល់​សម្ភារ​សិល្បៈ​ដែល​តាំង​ក្នុង​ហាង​។ សៀវភៅ​នោះ​មាន​ចំណងជើង​ថា «​សៀវភៅ ណ ១៩២៨» មាន​សរសេរ​ពី​ប្រវត្តិ​ខ្លីៗ  អមដោយ​រូបភាព​ដ៏​ស្រស់ស្អាត និង​ទាក់ទាញ ដោយមាន​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​អង់គ្លេស​។​
 


មាតិកា​ក្នុង​សៀវភៅ​របស់​ហាង​កាហ្វេ ណ មាន​ចំនួន​២០ មាន​ប្រវត្តិ​ឈ្មោះ​ហាង ខ្នោសកោសដូង ដុំ​ផ្សាំ​គោ ហោជាង ពិ​ដាន​ឈើ ទូ​ដាក់​សៀវភៅ ផ្ទាំងគំនូរ ត្បាល់បុក និង​អង្រែ នង្គ័ល រនាស់ រទេះ​ការ៉េម ហនុមាន ពិ​ដាន​ទ្វារ​ដែក គម្រប​អំពូល​ភ្លើង​សំ​យ៉ុង​ច្នៃ​ពី​កែវ​ដែល​ប្រើប្រាស់​រួច ដុំ​អំពូល​ភ្លើង ជញ្ជីង​ថ្លឹង ធុង​លុយ​ធីប  ព្យញ្ជនៈ​ខ្មែរ និង​ផែនទី​ប្រទេស​កម្ពុជា (​សម្រាប់​បរទេស​ដែល​អត់​ស្គាល់​)​។​
 


​លោក សុធា​រ៉ា ចាប់អារម្មណ៍​ទៀតថា លោក​បាន​និយាយប្រាប់​បរទេស​អំពី​ប្រវត្តិ​ស្ពានថ្ម ដែល​ធ្វើឱ្យ​ពួកគេ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។ ដូច្នេះ​លោក​គិតថា ការ​ចងក្រង​ពី​ប្រវត្តិ​សម្ភារ​ចាស់ៗ និង​ដ៏​កម្រ ដែល​លោក​ខំ​ប្រមូល​មក​ទុក​នេះ ក៏​នឹងមាន​សារប្រយោជន៍​ផងដែរ​។ លោក​រំពឹងថា សៀវភៅ​ដ៏​តូច​របស់លោក នឹង​ទាញ​ចំណាប់អារម្មណ៍​ដល់​អតិ​ថិ​ជន​របស់លោក និង​ជា​រូបភាព​មួយ​ដ៏​ប្លែក​ភ្នែក​៕
 

   


Tag:
 កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com