ជាតិ
សេដ្ឋកិច្ច
កម្ពុជាទទួលបានការអនុគ្រោះពន្ធ GSP របស់អាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២០
× ភ្នំពេញ៖ ការអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិកដល់កម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដែលផុតសុពលភាពត្រឹមឆ្នាំ២០១៧ កន្លងទៅ បានបន្តអាយុកាលឡើងវិញរហូតដល់ដំណាច់ឆ្នាំ២០២០ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ខែមេសា។
ការបន្តសុពលភាពនៃការអនុគ្រោះពន្ធ GSP នេះ កើតឡើងបន្ទាប់ពីលោកប្រធានាធីបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ។ ការបន្តឡើងវិញនៃ GSP នេះ ចូលជាធរមានចាប់ពីថ្ងៃទី២២ខែមេសាឆ្នាំ២០១៨ រហូតថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០ ។
ប៉ុន្តែការបន្តឡើងវិញនៃប្រព័ន្ធ GSP នេះ គឺភ្ជាប់ជាមួយនឹងការធ្វើប្រតិសកម្ម ចាប់ពីថ្ងៃទី៣១ខែមករាឆ្នាំ២០១៨ ។ បានសេចក្ដីថាសុពលភាពរបស់ GSP នេះ ចាប់គិតពីថ្ងៃទី១ខែមករាឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០ ។
សេចក្ដីជូនដំណឹងខាងលើបញ្ជាក់ថា អ្នកនាំចូលទៅសហរដ្ឋអាមេរិក ចាប់ពីខែមករា ក្រោមរបបអនុគ្រោះ GSP នេះ អាចស្នើសុំដកប្រាក់ពន្ធដែលបានបង់រួចមកវិញបាន។
កម្ពុជាទទួលបានអត្ថប្រយោជន៍អនុគ្រោះពន្ធក្រោមប្រព័ន្ធ GSP នេះលើផលិតផលធ្វើដំណើរ (Travel Goods) ជាពិសេសផលិតផលកាបូប ចាប់ពីចុងឆ្នាំ២០១៦ ។ ចំពោះទឹកប្រាក់នាំចេញទំនិញប្រភេទនេះទៅអាមេរិក ក្នុងរយៈពេល១១ខែឆ្នាំ២០១៧ កន្លងទៅ មានទំហំ ២០០លានដុល្លារ ដោយរួចប្រាកពន្ធដែលត្រូវបង់សរុប ១០លានដុល្លារ។ ការអនុគ្រោះពន្ធនេះ បានបង្កើនសន្ទុះវិនិយោគលើវិស័យនេះនៅកម្ពុជាពីសំណាក់វិនិយោគបរទេស ដោយការនាំចេញកាលពីឆ្នាំ២០១៥ មានទំហំតែ ៤៨លានដុល្លារប៉ុណ្ណោះ។ ព្រោះថា ការអនុគ្រោះនេះ បានផ្ដល់ឱកាសប្រកួតប្រជែងកាន់តែច្រើនដល់វិនិយោគិនទាំងនោះ។
ការអនុគ្រោះពន្ធក្រោមប្រព័ន្ធ GSP នេះ សហរដ្ឋអាមេរិកផ្ដល់ឲ្យដល់ប្រទេស អភិវឌ្ឍន៍តិចតួចមួយចំនួនលើសកលលោក។ បើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ចកម្មរបស់កម្ពុជា ដែលបានថ្លែងប្រាប់អ្នកកាសែត កាលពីពេលកន្លងមក សហរដ្ឋអាមេរិកជាធម្មតាតែងតែសើរើប្រព័ន្ធអនុគ្រោះនេះក្នុងរយៈពេលពីរបីឆ្នាំម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com