ពីនេះ ពីនោះ
ពាក្យដែលមាន «ករ» នៅខាងចុង តែងសំដៅលើ «អ្នកធ្វើនូវអ្វីមួយ»
× ពាក្យមួយចំនួន នៅក្នុងភាសាខ្មែរ បានបញ្ចប់ទៅដោយ «ករ» នៅខាងចុង។ «ករ» នៅខាងចុងនេះពាក្យ អាចប្រែថា ជន ឬបុគ្គល ឬក៏អ្នក ដែលប្រកបមុខរបរ ឬធ្វើកិច្ចការអ្វីមួយ។
ពាក្យទាំងនោះ មានដូចជា កសិករ (អ្នកធ្វើកសិកម្ម, អ្នកធ្វើស្រែចម្ការ), កុបករ (អ្នកបះបោរ, អ្នកបង្កហេតុជ្រួលជ្រើម), បដិមាករ (អ្នកធ្វើរូបប្រៀបធៀប, ជាងធ្វើរូបប្រៀបធៀប), វិស្វករ (ជនជាអធិបតី ដែលសម្រេចការហត្ថកម្មទូទៅ និងការបច្ចេកទេសផ្សេងៗ មានការសង់ផ្ទះ, សង់ស្ពាន, លើកថ្នល់, ធ្វើផ្លូវ ជាដើម), វិចិត្រករ (អ្នករំលេច ឬ ឆ្លាក់ក្បាច់រចនា, អ្នកគូររូប), សិល្បករ (អ្នកសិល្បៈ) ។ល។
ប៉ុន្តែ មិនមែនឲ្យតែ «ករ» នៅខាងចុងនៃពាក្យ សុទ្ធតែ បង្កប់ន័យថា អ្នក ឬ បុគ្គល ដែលធ្វើអ្វីមួយនោះទេ។ ពេលខ្លះ ពាក្យមួយចំនួន ដែលមាន «ករ» នៅខាងចុង មានអត្ថន័យផ្សេង ដោយមិនប្រែថា អ្នកឬបុគ្គល ដែលធ្វើអ្វីមួយឡើយ។ ឧទាហរណ៍ថា និករ (ពួក ឬ ហ្វូង), ព្យាករ (ធ្វើឲ្យប្រកដ, ឲ្យជាក់ច្បាស់, ទាយ), លញ្ជករ (ត្រារបស់ព្រះមហាក្សត្រ សម្រាប់បោះលើអ្វីមួយ) វិករ (ជំងី, រោគ) ។ល។
ការបកស្រាយខាងលើ គឺយោងតាមវចនានុក្រម សម្តេច ជួន ណាត និងសៀវភៅវេយ្យការណ៍បាលី ដែលរៀបរៀងដោយ បណ្ឌិត មហា ឈឹម ស៊ុម៕
© រក្សាសិទ្ធិដោយ thmeythmey.com