ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី៖«ព្រឹទ្ធសភាថ្មី ដែលគ្រប់គ្រងដោយបក្សតែមួយ គឺបំផ្លាញប្រជាធិបតេយ្យ» លោក សម រង្ស៊ី ជួបសំណេះសំណាលជាមួយអ្នកគាំទ្រ នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសបុករបស់លោក សម រង្ស៊ី
× លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ បន្តរិះគន់ព្រឹទ្ធសភា នីតិកាលទី៤ ដែលសមាជិកស្ទើរតែ១០០ភាគរយ មកពីគណបក្សប្រជាជនកម្ពុជា ថាបានបំផ្លាញប្រជាធិបត្យេនៅកម្ពុជា។ ការរិះគន់ធ្ងន់ៗសាជាថ្មីបែបនេះរបស់លោកសម រង្ស៊ី គឺធ្វើឡើងក្រោយពីព្រឹទ្ធសភា បើកសម័យប្រជុំពេញអង្គជាលើកដំបូង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ដើម្បីប្រកាសសុពលភាពជាផ្លូវការជូនសមាជិកទាំង៦២រូប ហើយបោះឆ្នោតគាំទ្រសម្តេច សាយ ឈុំ ឲ្យបន្តធ្វើជាប្រធាន សម្រាប់នីតិកាលថ្មី។
អតីតមេបក្សប្រឆាំង ដែលកំពុងនិរទេស បានសរសេរសារជាភាសាអង់គ្លេស លើបណ្តាញសង្គម Twitter ដោយមានន័យជាភាសាខ្មែរយ៉ាងដូច្នេះថា៖«ការបង្កើតព្រឹទ្ធសភាថ្មី គឺជាផ្នែកមួយនៃការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយប្រទេសនេះកំពុងតែវិលត្រឡប់មកវិញនូវប្រព័ន្ធឯកបក្ស»។
គណបក្សប្រជាជនកម្ពុជា ដូចជាមិនទាន់បញ្ចេញប្រតិកម្ម ទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី នោះទេ។ ប៉ុន្តែកន្លងមក លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច បានសរសេរសារទៅកាន់ក្រុមអ្នកកាសែត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) ដោយវាយតម្លៃជាវិជ្ជមានចំពោះការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ធ្លាប់អះអាងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅតាមលក្ខណប្រជាធិបតេយ្យ សេរី និងយុត្តិធម៌។ លោក បានរិះគន់ត្រឡប់ទៅវិញ ចំពោះមជ្ឈដ្ឋានខាងក្រៅមួយចំនួន ដែលសម្តែងការមិនពេញចិត្តនឹងការបោះឆ្នោតអសកលនេះ។
លោក សុខ ឥសាន បញ្ជាក់យ៉ាងដូច្នេះថា៖«គណបក្សប្រជាជនកម្ពុជា មានសំឡេងភាគច្រើនក្នុងស្ថាប័នព្រឹទ្ធសភា ដូច្នេះការងាររបស់ព្រឹទ្ធសភា កាន់តែដំណើរការដោយរលូន ដោយសារគ្មានគណបក្សប្រឆាំង ចាំតែជំទាស់ និងយកជើងរាទឹកដូចពេលមុនទៀតទេ។ ការដែលគណបក្សប្រជាជនកម្ពុជា មានសំឡេងច្រើនលើសលុបក្នុងស្ថាប័នព្រឹទ្ធសភា គឺដោយសារឆន្ទៈប្រជាជនកម្ពុជា គ្មានអ្នកណាមានសិទ្ធិរំលោភឆន្ទៈប្រជាជនកម្ពុជាជាដាច់ខាត»។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ពុំមានគណបក្សប្រឆាំងធំ ចូលរួមនោះទេ។ ជាលទ្ធផល គណបក្សកាន់អំណាច ទទួលបានអាសនៈទាំង៥៨ក្នុងព្រឹទ្ធសភា ដែលកើតឡើងពីការបោះឆ្នោតអសកលនេះ។ ឯគណបក្សផ្សេងទៀត រួមមានគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ ដែលបានចូលរួមដែរនោះ ពុំបានទទួលអាសនៈឡើយ។
ប៉ុន្តែ គណបក្សហ្វ៊ុនស៊ិនប៉ិច មានភ័ព្វសំណាងបានទទួលអាសនៈ២ក្នុងព្រឹទ្ធសភា តាមរយៈការយល់ព្រមរបស់រដ្ឋសភា។ តាមរដ្ឋធម្មនុញ្ញ រដ្ឋសភា មានសិទ្ធជ្រើសតាំងសមាជិកព្រឹទ្ធសភា២រូប ហើយ២រូបទៀត ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។
សម្រាប់នីតិកាលទី៤នេះ សមាជិកព្រឹទ្ធសភាសរុប មាន៦២រូប ដែលកាលពីនីតិកាលមុន មានត្រឹមតែ៦១រូប៕
Tag:
ព្រឹទ្ធសភា
សម រង្ស៊ី
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com