កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកជំនួស Wenger អាចបានកញ្ចប់លុយជាង ៦០លានដុល្លារប៉ុណ្ណោះ ដើម្បីទិញដូរកីឡាករ
× អ្នកចាត់ការទូទៅថ្មីរបស់ Arsenal រូបណាដែលមកជំនួសតំណែងលោក Arsene Wenger នឹងត្រូវទទួលបានប្រាក់តែ ៥០លានផោន (ប្រហែល ៦៩លានដុល្លារ) តែប៉ុណ្ណោះដើម្បីរុះរើកីឡាករថ្មីនៅរដូវកាលក្រោយ។ នេះបើតាមការចុះផ្សាយរបស់ DailyMail។
បន្ទាប់ពីការប្រកាសចាកចេញរបស់អ្នកចាត់ការសញ្ជាតិបារាំង Arsene Wenger ពីកាំភ្លើងធំ នៅបញ្ចប់រដូវកាលនេះ កាលពីថ្ងៃទី២០ ខែមេសា បន្ទាប់ពីកាន់កាប់តំណែងអស់រយៈពេល ២២ឆ្នាំនោះ ក្លិបដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ ក៏បានប្រកាសពីខ្ទង់ចំណាយរបស់ខ្លួនលើការទិញដូរកីឡាករនៅពេលទីផ្សារកីឡាករបើកសម្រាប់រដូវកាលថ្មី ក្នុងរង្វង់ទឹកប្រាក់ត្រឹម៦៩លានដុល្លារអាមេរិកប៉ុណ្ណោះ។
បន្ទាប់ពីចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការវិនិយោគលើកីឡាករក្នុងរយៈពេលព២ឆ្នាំចុងក្រោយតែមិនទទួលបានលទ្ធផលសមប្រកបនោះ ទើបធ្វើឲ្យក្លិបនេះត្រូវទប់ស្កាត់ការចំណាយវិញនៅរដូវកាលបន្ទាប់ ដែលនេះនឹងធ្វើឲ្យប៉ះពាល់ដល់គ្រូថ្មីដើម្បីរៀបចំ និងរុះរើកីឡាករមួយចំនួន។
សារព័ត៌មានអន្តរជាតិ និងទីផ្សារភ្នាល់ធំៗ ក៏បានលើកឡើងពីសមាសភាពមួយចំនួនដែលអាចមានឱកាសក្លាយជាគ្រូបង្វឹកថ្មីរបស់កាំភ្លើងធំ បន្តពីអ្នកចាត់ការបារាំងវ័យ៦៨ឆ្នាំដែរ។ ប៉ុន្តែទោះយ៉ាងណាក្តី លោក Ivan Gazidis ដែលជាប្រធានក្លិបនេះ បានអះអាងថា សមាសភាពថ្មីៗ នឹងមិនត្រូវបានជ្រើសរើសភ្លាមៗនោះទេ ខណៈលោក Wenger ស្ថិតក្នុងតំណែងនៅឡើយ។
សមាសភាពដែលសារព័ត៌មានល្បីៗទាំងនោះលើកឡើង រួមមានលោក Luis Enrique អតីតអ្នកចាត់ការ Barcelona ដែលត្រូវបានគេមើលឃើញថាកំពុងនាំមុខគេក្នុងការជំនួសកៅអីលោក Wenger។ លោក Joachim Low គ្រូជម្រើសជាតិអាល្លឺម៉ង់បច្ចុប្បន្ន, Carlo Ancelotti ដែលបច្ចុប្បន្ននៅទំនេរពីការងារ, Massimiliano Allegri គ្រូបង្វឹក Juventus, Leonardo Jardim គ្រូបង្វឹកក្លិប Monaco និង Patrick Vieira គ្រូបង្វឹកក្លិប New York City ជាដើមនោះ ក៏ស្ថិតក្នុងបញ្ជីដែរ៕
Tag:
បាល់ទាត់
Arsene
Wenger Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com