កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ​១/២៖ Klopp ព្រមាន​អ្នកគាំទ្រ​ខ្លួន កុំ​ឲ្យ​គប់​ឡាន Roma ដូច​ធ្វើ​ដាក់ Man City
24, Apr 2018 , 2:52 pm        
រូបភាព
Liverpool នឹង​បើកទ្វារ​កីឡដ្ឋាន Anfield ដើម្បី​ទទួល​ស្វាគមន៍​ក្រុម AS Roma ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Champions League ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​រាត្រី​ថ្ងៃទី ២៤ ខែមេសា​នេះ វេលា​ម៉ោង ១:៤៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។​



​មុន​ជំនួប​នេះ លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​ក្រុម​រហស្សនាម​ហង្ស​ក្រហម បាន​ព្រមាន​អ្នកគាំទ្រ​ខ្លួន​មិន​ឲ្យ​វាយប្រហារ​ទៅលើ​រថយន្ត​ដឹក​កីឡាករ​របស់​គូប្រជែង Roma ដូច​ធ្វើ​ដាក់​ក្រុម Manchester City កាលពី​ជួបគ្នា​ជើង​ទី​១ វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​កាលពី​៣​សប្តាហ៍​មុន​ឡើយ​។

​ទង្វើ​របស់​ក្រុម​អ្នកគាំទ្រ Liverpool ដូចជា គប់​ដប​ស្រា កំប៉ុង និង​កាំជ្រួច​ជាដើម​នោះបាន​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​របស់​កូនក្រុម​លោក Pep Guardiola មួយចំនួន ហើយ​ករណីនេះ​ក៏ត្រូវ​បាន​សមាគម​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) កំពុង​ស៊ើបអង្កេត​ផងដែរ​។ ហើយ​ម្យ៉ាងវិញទៀត ក្រុមប៉ូលិស​ក៏​កំពុង​ដាក់ពង្រាយ​នៅ​តំបន់​នោះ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ហេតុការណ៍​បែបនេះ​ជា​លើក​ទី​២​ទៀត​។​



​បន្ទាប់ពី​មាន​ករណីនេះ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ព្រមាន​ដូច្នេះ​ថា​៖«​សូម​បង្ហាញ​ការគោរព​ចំពោះ Roma​។ Liverpool មិន​ចង់ឃើញ​អំពើហិង្សា​នៅមុខ​កីឡដ្ឋាន​នោះទេ តែ​ចង់ឃើញ​ការគាំទ្រ​ក្នុង​ទីលាន​ដ៏​អស្ចារ្យ​ដើម្បី​ឲ្យ​ពិភពលោក​បានឃើញ​។ ដូច្នេះ​ត្រូវគោរព​គូប្រជែង​របស់​យើង​»​។​

Klopp បន្ថែមថា ក្លិប​បាល់ទាត់​ដែល​លេចធ្លោ​មួយ ហើយ​គេ​ស្គាល់​ជុំវិញ​ពិភពលោក​ទៅហើយនោះ ដូច្នេះ​មិនចាំបាច់​គប់​អ្វី​ទៅលើ​ឡាន​របស់គេ​ទេ​៕




Tag:
 ​បាល់ទាត់​
  UEFA Champions League
  Roma
  Liverpool
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com