បទវិភាគ
សង្គមជាតិ
ស្ថាប័នឈឺក្បាលនឹងមន្ត្រី-បុគ្គលិក-កម្មករលេងហ្វេសប៊ុកអត់ធ្វើការ…!
× ភ្នំពេញ៖ ពលរដ្ឋខ្មែរច្រើនលាននាក់ បាន និងកំពុងប្រើប្រាស់ហ្វេសប៊ុក។ ការប្រើប្រាស់បណ្តាញសង្គមមួយនេះអាចមានប្រយោជន៍ច្រើន ប៉ុន្តែវាក៏អាចផ្តល់គុណវិបត្តិច្រើនដល់អ្នកប្រើប្រាស់ប្រើមិនចំទិសដៅដែរ។ បុគ្គលិកក្រុមហ៊ុន អង្គការ និងរដ្ឋមួយចំនួនគិតតែពីលេងហ្វេសប៊ុកក្នុងម៉ោងធ្វើការ។ តើទង្វើនេះជាការបាត់បង់ផលិតភាព និងប្រសិទ្ធិភាពការងារមែនឬទេ?
បណ្តាញសង្គមហ្វេសប៊ុកត្រូវបានគេបង្កើតឡើងនៅឆ្នាំ២០០៤នៅសហរដ្ឋអាមេរិកដោយជនជាតិអាមេរិកកាំង។ បន្ទាប់មកបណ្តាញសង្គមមួយនេះចេះតែរីកសាយភាយនិងមានប្រជាប្រិយភាពបន្តិចម្តងៗនៅលើពិភពលោក ជាពិសេស នៅក្នុងប្រទេសជឿនលឿន។
ចំពោះប្រទេសកម្ពុជាវិញ ហ្វេសប៊ុកបានចូលមកកាលពីឆ្នាំ២០០៦ ប៉ុន្តែវាមានភាពល្បីល្បាញនិងទាក់ទាញយុវជនខ្មែរខ្លាំងនៅដើមឆ្នាំ២០១០ និងរឹតតែល្បីល្បាញនៅក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០១៣នាពេលកន្លងមក។ រហូតមកដល់សព្វថ្ងៃនេះ គេមិនទាន់មានតួលេខបញ្ជាក់ច្បាស់លាស់ពីចំនួនប្រជាជនខ្មែរប្រើប្រាស់បណ្តាញសង្គមមួយនេះនៅឡើយទេ។ ប៉ុន្តែបើយោងតាមការប៉ាន់ស្មានមួយចំនួន ប្រជាជនខ្មែរនៅក្នុង និងក្រៅប្រទេស ជាពិសេស យុវជនយុវនារីច្រើនលាននាក់បាននិងកំពុងប្រើប្រាស់ហ្វេសប៊ុក។
តើការប្រើប្រាស់បណ្តាញហ្វេសប៊ុកផ្តល់គុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាខ្លះដល់សង្គម?
ប្រសិនបើគេគិតពីគំនិតដើមរបស់អ្នកបង្កើតហ្វេសប៊ុក ហ្វេសប៊ុកមានប្រយោជន៍ច្រើនរាប់មិនអស់។ ហ្វេសប៊ុកគឺជាបណ្តាញសង្គមដ៏មានប្រសិទ្ធិភាពដែលអនុញ្ញាតអោយមនុស្សទាំងអស់នៅក្នុងពិភពលោកអាចទំនាក់ទំនងគ្នាបាន។ អ្វីដែលហ្វេសប៊ុកមានលក្ខណៈពិសេសលើសពីអ៊ីមែលគឺនៅត្រង់ថា ហ្វេសប៊ុកអនុញ្ញាតអោយមនុស្សច្រើនពាន់ ម៉ឺននាក់អាចចែករំលែកព័ត៌មានគ្នាបានក្នុងពេលដ៏ខ្លីបំផុត។ ហ្វេសប៊ុក ពេលខ្លះត្រូវបានគេឲ្យនិយមន័យថា ជាទីលានបញ្ចេញមតិនៅលើ«លំហអាកាស»។ ម្យ៉ាងវិញទៀត អ្នកលេងហ្វេសប៊ុកអាចជជែកគ្នាបានភ្លាមៗជាមួយមនុស្សច្រើននាក់ផ្សេងទៀតក្នុងពេលតែមួយ។ អ្នកខ្លះ Chat ជាមួយមិត្តភក្តិ២ ៣ ៤ ឬ៥នាក់ព្រមពេលជាមួយគ្នា។ អ្នកខ្លះអត់បាយអត់ទឹកដោយសារតែការChat ជាមួយគ្នាទៅវិញទៅមក។
ក្រៅពីការចែករំលែកព័ត៌មានធម្មតាអោយគ្នាទៅវិញទៅមក ហ្វេសប៊ុកត្រូវបានសកម្មជននយោបាយមួយចំនួនធំប្រើប្រាស់ដើម្បីផ្សព្វផ្សាយគោលនយោបាយ ឬវាយប្រហារដៃគូរនយោបាយរបស់ខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ ហ្វេសប៊ុកត្រូវបានគេប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលដែលខ្លួនមាន។ ជារៀងរាល់ថ្ងៃ អ្នកលេងហ្វេសប៊ុកមួយចំនួន តែងតែឆ្លៀតយកទំព័រហ្វេសប៊ុកដើម្បីបង្ហាញផលិតផលនេះឬផលិតផលនោះទៅកាន់មិត្តភក្តិរបស់គេ។ ផលប្រយោជន៍ខ្លាំងរបស់ហ្វេសប៊ុកក្នុងការផ្សាយពាណិជ្ជកម្មគឺជាការផ្សព្វផ្សាយដោយមិនបង់ប្រាក់កាសច្រើនដូចការផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមទូរទស្សន៍ ឬវិទ្យុ។ មនុស្សម្នាក់ៗអាចផ្សព្វផ្សាយនូវផលិតផលអ្វីដែលលោកអ្នកមាន។ តែទោះជាយ៉ាងណា ការផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុកទទួលបានផលតិចជាងការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានអាជីពដែរ។
ដោយមិននិយាយពីគោលដៅពាណិជ្ជកម្ម អ្នកខ្លះចាត់ទុកហ្វេសប៊ុកថា ជាមិត្តភក្តិដ៏ល្អដែលមិនអាចអត់បានឡើយ។ ពួកគេចាត់ទុកហ្វេសប៊ុកជាមិត្តភក្តិពីព្រោះហ្វេសប៊ុកអាចជួយកែអផ្សុកគេបាន។ អ្នកខ្លះទៀតប្រើប្រាស់ហ្វេសប៊ុកដើម្បីភ្ជាប់ស្នេហ៍ ឬផ្តាច់ស្នេហ៍ទៅវិញ។ យុវវ័យមួយចំនួនបានភ្ជាប់ស្នេហ៍ ហើយនៅទីបំផុត អាចឈានទៅក្រេបទឹកឃ្មុំជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ហ្វេសប៊ុកបានក្លាយទៅជាទីកន្លែងសម្រាប់បញ្ចេញអារម្មណ៍ ខឹង សប្បាយ ច្រណែន កើតទុក្ខ។ល។
អ្នកវិភាគសង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដែលបានតាមដានស្ថានការណ៍កម្ពុជាតាំងពីដើមឆ្នាំ៩០មក បានអត្ថាធិប្បាយថា ហ្វេសប៊ុកមានគុណសម្បត្តិច្រើនមែន ប៉ុន្តែហ្វេសប៊ុកក៏មានគុណវិបត្តិច្រើនដែរ ប្រសិនបើអ្នកប្រើប្រាស់ ប្រើខុសគោលដៅរបស់វានោះ។
បើនិយាយអោយជាក់ស្តែងតែម្តងទៅ ប្រព័ន្ធហ្វេសប៊ុកមិនមានគុណវិបត្តិអ្វីទេ។ គុណវិបត្តិទាំងអម្បាលម៉ានដែលបានរៀបរាប់ខាងលើគឺបណ្តាលមកពីអ្នកប្រើប្រាស់ទាំងអស់។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួននៅក្នុងប្រទេសកម្ពុជាដែលញៀននឹងហ្វេសប៊ុកនោះបានចំណាយពេលយ៉ាងច្រើនជាមួយបណ្តាញសង្គមមួយនេះ។ អ្នកខ្លះញៀនលេងរហូតដល់ទៅភ្លេចបាយភ្លេចទឹក ភ្លេចរៀនភ្លេចសូត្រឬភ្លេចការងារក៏មានដែរ។ យុវជនខ្លះអង្គុយនៅមុខកុំព្យូទ័រទំនងដូចជាធ្វើកិច្ចការគ្រូដាក់ឲ្យ ឬទំនងជាធ្វើកិច្ចការរបស់ស្ថាប័នអ៊ីចឹង។ តាមពិត ពួកគេលេងហ្វេសប៊ុកច្រើនជាងធ្វើកិច្ចការដែលមានប្រយោជន៍។
ស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះបានបង្ហាញអោយឃើញថា មិនមែនតែយុវជនទេដែលប្រើប្រាស់ខុសទិសដៅនោះ។ តាមពិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងបុគ្គលិកអង្គការមួយចំនួនបាននិងកំពុងវក់វីនឹងការប្រើប្រាស់ហ្វេសប៊ុកខុសទិសដៅ។ បុគ្គលិករដ្ឋ ក្រុមហ៊ុននិងអង្គការខ្លះធ្វើការផងលេងហ្វេសប៊ុកព្រមពេលជាមួយគ្នា។ បុគ្គលិកខ្លះទៀត លេងហ្វេសប៊ុកច្រើនជាងធ្វើការ មានន័យថា ពួកគេអង្គុយនៅមុខកំព្យូទ័រមែនប៉ុន្តែពួកគេគិតតែពីជជែកគ្នាតាមហ្វេសប៊ុក។
ពេលខ្លះ ក្រៅពីជជែកគ្នាតាមហ្វេសប៊ុក ពួកគេមួយចំនួនគិតតែពីឆែកមើលព័ត៌មានតាមហ្វេសប៊ុកស្ទើររាល់ម៉ោង។ លើសពីនេះទៅទៀត គេសង្កេតឃើញអ្នកខ្លះ យកវេទិកាហ្វេសប៊ុកជេរប្រមាថគ្នាដោយគ្មានសីលធម៌ និងបង្កើតឲ្យមានគំនិតហិង្សាក្នុងទម្រង់ផ្សេងៗ។ និន្នាការអាក្រក់នេះបាននិងកំពុងកើតមានកាន់តែច្រើនឡើងៗពីពេលមួយទៅពេលមួយនៅក្នុងសង្គមខ្មែរ។
មិនត្រឹមតែប៉ុណ្ណោះ យុវជន និងយុវនារីខ្លះឆ្លៀតប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុក ដើម្បី«លក់ខ្លួន» ឬផ្ទុយទៅវិញ អ្នកប្រើប្រាស់ខ្លះ ប្រើប្រាស់បណ្តាញសង្គមខុសគោលដៅ នាំគ្នាលួចមើលតែរឿង«អាសអាភាស»នៅតាមបណ្តាញអនឡាញ។ និយាយសរុបឲ្យខ្លី គឺថា ហ្វេសប៊ុក បាននិងកំពុងឆក់យកពេលវេលាដ៏មានតម្លៃរបស់បុគ្គលិក កម្មករ និងមន្ត្រីរាជការ និងពេលខ្លះ ហ្វេសប៊ុកបង្កឲ្យមានហិង្សាផ្នែកអារម្មណ៍។
ដោយសារតែមើលឃើញទម្លាប់អាក្រក់កើតមានកាន់តែច្រើន ទើបស្ថាប័នឯកជនមួយចំនួនចាប់ផ្តើមមានវិធានការហាមឃាត់មិនអោយបុគ្គលិករបស់ខ្លួនលេងហ្វេសប៊ុកនៅក្នុងម៉ោងធ្វើការ។ ក្រៅម៉ោងធ្វើការទើបបុគ្គលិកមានសិទ្ធិលេងហ្វេសប៊ុកបាន។
អ្នកវិភាគសង្គមសេដ្ឋកិច្ចបានទាញសញ្ញាអាសន្នថា ប្រសិនបើបុគ្គលិក មិនថា បុគ្គលិករដ្ឋ ឯកជន ឬអង្គការនោះទេគិតតែពីលេងហ្វេសប៊ុកឬលេងផងនិងធ្វើការផងនោះ ពេលនោះ ផលិតភាពនិងប្រសិទ្ធិភាពការងាសម្រាប់ស្ថាប័ននឹងត្រូវកាត់បន្ថយ។
ប្រសិនបើស្ថាប័នបាត់បង់ផលិតភាពកាន់តែខ្ពស់ ពេលនោះ ស្ថាប័ននោះអាចក្ស័យធន។ ស្ថាប័ន ក្ស័យធន បុគ្គលិកប្រឈមនឹងភាពគ្មានការងារធ្វើ។ អត្រានៃអ្នកអត់ការងារកើនឡើងកាន់តែខ្ពស់ ពេលនោះបញ្ហាសង្គមដោះស្រាយមិនចេញនឹងកើតឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com