អន្តរជាតិ
លោក ម៉ា​ក្រុង ស្កាត់​ជួប និង​បញ្ចុះបញ្ចូល​លោក ត្រាំ កុំ​ឲ្យ​បំផ្លាញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​
24, Apr 2018 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ចន្ទ​ទី ២៣ ខែមេសា​។ ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោលដៅ​សំខាន់​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​បារាំង ហើយ​លោក ម៉ា​ក្រុង ក៏​រំពឹង​បញ្ចុះបញ្ចូល​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ​ប្តូរ​ចិត្ត​រក្សាទុក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែរ​។ សម្រាប់​លោក ម៉ា​ក្រុង វា​គ្មាន​ឡើយ​ផែនការ​ទី​ពីរ​ឡើយ​បើសិនជា​លោក ត្រាំ ចិត្តសឿង​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មែន​នោះ​។ ចំណែក​អ៊ីរ៉ង់ ក៏​នឹង​ចាប់ផ្តើម​សកម្មភាព​នុយក្លេអ៊ែរ​របស់ខ្លួន​វិញ​ភ្លាម​ដែរ​។​



​សំណុំរឿង កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ (JPCOA) ក្លាយជា​រឿងចម្រូងចម្រាស​ជាថ្មី ខណៈដែល​លោក ដូ​ណា​ល់ ត្រាំ  នឹង​សម្រេចចិត្តថា​ត្រូវ​នៅ​បន្ត ឬ​គួរ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ដែល​បង្កើតឡើង​ដោយ​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​ម៉ា ជាមួយ​មហាអំណាច​ប្រាំ​ផ្សេងទៀត​រួមទាំង​អ៊ីរ៉ង់​នោះ​។ ក្រោម​ច្បាប់​អាមេរិក ប្រធានាធិបតី​ត្រូវ​ចុះហត្ថលេខា​លើ​ក្រឹត្យ​បញ្ជាក់​ពី​ការដក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​រៀងរាល់ ១២០ ទៅ ១៨០ ថ្ងៃ​ម្តង ដោយ​ទទួលស្គាល់ថា អ៊ីរ៉ង់​កំពុង​អនុវត្តតាម​កិច្ចព្រមព្រៀង​នេះ​។ ដូច្នេះ បើ​លោក ត្រាំ​សម្រេច​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​ឡើងវិញ​នោះ មានន័យថា លោក​ជ្រើស​រើសយក​ការចាកចេញ​ពី​កិច្ចព្រមព្រៀង​នេះហើយ​។​

​ដូច្នេះហើយ ទើប​បណ្តា​មេដឹកនាំ​អឺរ៉ុប​ដូចជា ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង  និង​លោកស្រី​អធិការបតី​អាល្លឺម៉ង់ អេ​ន​ជេ​ឡា មឺ​ហ្គែ​ល ប្រញាប់ប្រញាល់​ស្កាត់​ជួប​លោក ត្រាំ នៅ​វ៉ាស៊ីនតោន​ដើម្បី​បញ្ចុះបញ្ចូល​ផង និង​ដាក់​សម្ពាធ​ផង​ឲ្យ​លោក ត្រាំ បន្ត​គោរព​កិច្ចព្រមព្រៀង​នេះ​ក្នុងនាម​ជា​ភាគី​ហត្ថលេខី​។

​តាមពិតទៅ តាំងពី​ឡើងកាន់តំណែង​លោក  ត្រាំ និយាយ​ជា​ញឹកញយ​ថា លោក​ស្អប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ព្រោះ​វា​មិនមាន​លទ្ធភាព​ទប់ស្កាត់​អ៊ីរ៉ង់​មិន​ឲ្យ​ផលិត​ឬ​អភិវឌ្ឍ​មី​ស៊ី​ល និង​មាន​រយៈពេល​ត្រឹម​ដប់ឆ្នាំ​ប៉ុណ្ណោះ​។ អនុលោម​តាម​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ នេះ លោកខាងលិច​សន្យា​លើក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការកម្រិត​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ផ្ទាល់​។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា វា​នឹង​ផុតកំណត់​នៅត្រឹម​ឆ្នាំ ២០២៥ ខាងមុខ ហើយ​មកដល់​បច្ចុប្បន្ន​ភាគី​ពាក់ព័ន្ធ​មិនទាន់​រកឃើញ​ដំណោះស្រាយ​រួមគ្នា​នៅឡើយ​ទេ​។​

១.​ម៉ា​ក្រុង ព្យាយាម​ធ្វើ​វីរៈបុរស​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​?

​ប្រហែល​ពី​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​បញ្ជា​ឲ្យ​ទ័ពបារាំង​ចូលរួម​ជាមួយ​អាមេរិក និង​អង់គ្លេស​ក្នុង​ប្រតិបត្តិ​ការវាយប្រហារ​មី​ស៊ី​ល​លើ​ស៊ី​រី​ឆ្លើយតប​នឹង​ការប្រើប្រាស់​អាវុធ​គីមី លោក ម៉ា​ក្រុង កំពុង​ស្ថិតនៅ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ជួបពិភាក្សា​ជាមួយ​លោក ត្រាំ​។ លោក ម៉ា​ក្រុង ចង់​ប្រើប្រាស់​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ត្រាំ ដើម្បី​ពិភាក្សា និង​បញ្ចុះបញ្ចូល​ឲ្យ​លោក ត្រាំ​ឲ្យ​រក្សាទុក​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ ព្រោះ​បច្ចុប្បន្ន​វា​គ្មាន​វិធានការ​អ្វី​ប្រសើរ​ជាង​នេះ​ដើម្បី​ដោះស្រាយ​ជាមួយ​អ៊ីរ៉ង់​ឡើយ​។​

​សម្រាប់​មេដឹកនាំ​បារាំង យ៉ាងហោចណាស់​គេ​ត្រូវ​ទប់ស្កាត់​អាមេរិក​មិន​ឲ្យ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ នេះ ហើយ​ភាគី​ពាក់ព័ន្ធ​ចាំបាច់​បន្ត​ចរចា​គ្នា​ទៀត​លើ​កិច្ចព្រមព្រៀង​ដាច់ដោយឡែក​ដើម្បី​បំពេញបន្ថែម​លើ​ចំណុច​ចន្លោះប្រហោង​នៅក្នុង​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​ផង​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Fox News កាលពី​ចុង​សប្តាហ៍​កន្លងមក លោក ម៉ា​ក្រុង បានបញ្ជាក់​ច្បាស់​ហើយ​ថា លោក​យល់ស្រប​ថា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មិនមែន​ល្អឥតខ្ចោះ​ឡើយ ប៉ុន្តែ​លោក​ព្រមាន​ថា នៅពេលនេះ​គ្មាន​ឡើយ​ផែនការ​ទី​ពីរ បើសិនជា​កិច្ចព្រមព្រៀង​នេះ​បរាជ័យ​មែន​នោះ​។

​ប៉ុន្តែ​លោក ម៉ា​ក្រុង បាន​ពន្យល់ថា បើសិនជា​សហគមន៍​អន្តរជាតិ​គ្មាន​យន្តការ​ប្រសើរ​ជាង​នេះ វា​គ្មាន​ហេតុផល​ដែល​ត្រូវ​ដើរចេញ​ឡើយ​។ ដូច្នេះហើយ ក្នុងជំនួប​ជាមួយ​លោក ត្រាំ លើក​នេះ លោក ម៉ា​ក្រុង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​ស្ថានភាព​បច្ចុប្បន្ន​សិន មុន​មានការ​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​ប្រសើរ​ជាង​នេះ​ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ផង​។

​ប្រមុខរដ្ឋ​បារាំង​រូបនេះ មើលឃើញ​អ៊ីរ៉ង់​ការគំរាមកំហែង​នៅក្នុង​តំបន់ ហើយ​ការគាំទ្រ​របស់​អ៊ីរ៉ង់​ចំពោះ​របប​ស៊ី​រី​របស់លោក បា​សា អាសាដ ផង​នោះ​រឹតតែ​ធ្វើ​ឲ្យ​អ៊ីរ៉ង់​កាន់​មាន​ភាពអវិជ្ជមាន​ក្នុង​ក្រសែរ​ភ្នែក​របស់​មេដឹកនាំ​បារាំង​ទៀត​។

២.​លោកខាងលិច​ត្រៀម​បង្កើត​វិធានការ​ដោយឡែក​បន្ថែម​ទម្ងន់​លើ​កិច្ចព្រមព្រៀង​ដើម​?

​ចំពោះ​លោក ម៉ា​ក្រុង​ផ្ទាល់ គឺ​គាំទ្រ​ឲ្យ​មានការ​កែតម្រូវ​កិច្ចព្រមព្រៀង​នេះ​ដើម្បី​បំពេញ​ចំណុច​ខ្វះចន្លោះ​ជាពិសេស​ការទប់ស្កាត់​អ៊ីរ៉ង់​អភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​ទប់ស្កាត់​សកម្មភាព​បង្ក​អស្ថិរភាព​របស់​អ៊ីរ៉ង់​ក្នុង​តំបន់​។

​យោងតាម​សារព័ត៌មាន​អាមេរិក New York Times មន្ត្រី​អាមេរិក​និង​អឺរ៉ុប​ចាប់ផ្តើម​ជជែក​ពិភាក្សាគ្នា​ហើយពី​កិច្ច​ព្រម​ព្រៀម​ដាច់ដោយឡែក ហើយ​ភាគី​ទាំងនេះ​ក៏​ឯកភាពគ្នា​លើ​ចំណុច​សំខាន់​ពីរ​ដែរ​។ ចំណុច​នោះ​គឺ កម្រិត​កម្ម​វី​ធី​មី​ស៊ី​ល និង​ទប់ស្កាត់​សកម្មភាព​បង្ករឿង​របស់​អ៊ីរ៉ង់​ផង​។ គេ​ឯកភាពគ្នា​ថា កាលណា​បើ​អ៊ីរ៉ង់​បន្ត​សាកល្បង​មី​ស៊ី​ល ទណ្ឌកម្ម​នឹងត្រូវ​ដាក់ចេញ​ប្រឆាំង​អ៊ីរ៉ង់ ហើយ​គេ​ក៏​កំពុង​ស្វែងរក​ចំណាត់ការ​ផងដែរ​ដើម្បី​ឆ្លើយតប​នឹង​ការបាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី និង​មធ្យម​។​

 មួយវិញទៀត​នោះ មន្ត្រី​អាមេរិក និង​អឺរ៉ុប​ក៏​ឯកភាពគ្នា​លើ​វិធានការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ដែរ បើសិនជា​របប​នេះ​ហាម​ក្រុម​ត្រួតពិនិត្យ​ចូល​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​របស់ខ្លួន​។ ប៉ុន្តែ​វា​មិនទាន់មាន​ការយល់ស្រប​គ្នា​នៅឡើយ​ទេ​លើ​យន្ត​ការដែល​ត្រូវ​ប្រើប្រាស់​ដើម្បី​ដាក់ទណ្ឌកម្ម​ឡើងវិញ​នេះនោះ​។

​យ៉ាងណា​ក៏ដោយចុះ លោកស្រី​អធិការបតី​អាល្លឺម៉ង់ មឺ​ហ្កែ​ល ដែល​កំពុង​រួសរាន់​មកជួប​លោក ត្រាំ ដែល​នោះ នៅតែ​បង្ហាញ​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​រាល់​ចេតនា​បំផ្លាញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ រួមជាមួយ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ដោយឡែក​ដូច​អាមេរិក និង​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត​កំពុង​ធ្វើ​។  លោកស្រី​ព្រមាន​ពី​ការចរចា​ណាមួយ​ដើម្បី​រក​វិធាន​ការដាក់​គំនាប​លើ​អ៊ីរ៉ង់​ដែល​គ្មាន ភាគី​សំខាន់​ដូចជា​ចិន រុស្ស៊ី និង​អ៊ីរ៉ង់​ខ្លួនឯង​ចូលរួម​នោះ​គឺជា​រឿង​គ្រោះថ្នាក់​។ នេះ​ក៏ដោយ​សារ​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​មិនល្អ និង​ធ្វើ​ឲ្យ​មាន​ការបាត់​ទំនុកចិត្ត​ដែល​ជំរុញ​ឲ្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បរាជ័យ​ផង​។​

​ដោយឡែក តំណាង​ចិន និង​រុស្ស៊ី​ក៏​ព្រមាន​ជាថ្មី​ដែរ​ចំពោះ​រាល់​ចេតនា​ទាំងឡាយណា​ដែល​ចង់​បំផ្លាញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី លោក Sergei Lavrov នៅ​ក្រុង​ប៉េកាំង​សប្តាហ៍​នេះ​បាន​ថ្លែង​ដូច្នេះ​៖« យើង​នឹង​ឆ្លើយតប​រាល់​ការប៉ុនប៉ង​បំផ្លាញ​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ដែលមាន​ចែង​ច្បាស់​ក្នុង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នោះ​»​។

៣. អ៊ីរ៉ង់​នឹង​ចាប់ផ្តើម​ចម្រាញ់​ម្សៅ​អ៊ុយ​រ៉ា​ញ៉ូ​ម​វិញ បើ​អាមេរិក​ក្បត់​ពាក្យសម្តី​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ចា​វ៉ា​ត់ ហ្សា​រី​វ (Javad Zarif) បានបញ្ជាក់​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន CBS កាលពី​សប្តាហ៍​មុន​ថា អ៊ីរ៉ង់​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ចាប់ផ្តើម​កម្មវិធី​នុយក្លេអ៊ែរ​វិញ​ដែរ បើសិនជា​អាមេរិក​សរសេរ​នឹង​ដៃ លុប​នឹង​ជើង​បែបនេះ​។ លោក​សង្កត់ធ្ងន់ថា វា​គ្មាន​ហេតុផល​ដែល​អ៊ីរ៉ង់​ត្រូវ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ជាមួយ​មហាអំណាច​ប្រាំ​ដែល​នៅសល់​ឡើយ បើសិនជា​អាមេរិក​ដើរចេញ​នោះ​។ 

«​វា​មាន​ផ្លូវ​ច្រើន បើសិនជា​អាមេរិក​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។ ប៉ុន្តែ​ប្រតិកម្ម​របស់​អ៊ីរ៉ង់​ចំពោះ​ការដកខ្លួន​របស់​អាមេរិក​នេះ​នឹងមិន​សាមញ្ញ​ពេក​ឡើយ​»​។ លោក ហ្សា​រី​វ បាន​និយាយ​ដូច្នេះ​។​

​ប្រមុខ​ការទូត​អ៊ីរ៉ង់​រូបនេះ​បានបញ្ជាក់​ហើយ​ថា អាមេរិក​មិនបាច់​បារម្ភ​ឡើយ​ថា អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ ប៉ុន្តែ​អ៊ីរ៉ង់​នឹង​ចម្រាញ់​ម្សៅ​អ៊ុយ​រ៉ា​ញ៉ូ​ម ដែលជា​គ្រឿងផ្សំ​នៃ​អាវុធ​នុយ​ក្លេ​អ៊េ​រ​។ ប៉ុន្តែ​លោក ហ្សា​រី​វ ទទូច​ឲ្យ​មេ​ដឹក​មាំ​អឺរ៉ុប​បន្ត​ដាក់​សម្ពាធ​លើ​លោក ត្រាំ ឲ្យ​លោក​គោរព​កិច្ចព្រមព្រៀង និង​អនុវត្តតាម​កិច្ចព្រមព្រៀង​ឲ្យ​សមជា​មហាអំណាច​ពិភពលោក​។​

​ក្រៅពី​សម្តី​ព្រមាន​របស់​មន្ត្រី​ទូត​ជាន់ខ្ពស់ ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន់ រ៉ូ​ហាន់​នី (Hassan Rohani ) បាន​ផ្តាំផ្ញើ​ទៅ​មេដឹកនាំ​អាមេរិក​ថា អាមេរិក​នឹង​ស្តាយក្រោយ​បើ​ហ៊ាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង ហើយ​លោក​សន្យា​ចាត់វិធានការ​តបត​វិញ​ភា្ល​ម​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយ​លោក ត្រាំ សម្រេច​បញ្ចប់​សមាជិក​ភាព​របស់​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​នេះ​។​

​យ៉ាងណា​ក៏ដោយចុះ ការសម្រេចចិត្ត​របស់​លោក ត្រាំ បែបណា​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​នៅតែ​ជា​រឿង​ពិបាក​ស្មាន ព្រោះ​លោក​មិន​ពេញចិត្ត​កិច្ចព្រមព្រៀង​នេះ​បន្តិច​សោះ បើទោះជា​មាន​សម្ព័ន្ធមិត្ត​ប្រឹក្សា​បញ្ចុះបញ្ចូល​ក៏ដោយ​។ ប៉ុន្តែ​លោក ក៏​ប្រហែលជា​ត្រូវ​ថ្លឹងថ្លែង​ខ្លាំង​ដែរ​មុន​សម្រេចចិត្ត​ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ដំណើរការ​នៃ​កិច្ចប្រជុំ​រវាង​លោក​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន​នៅ​ខែក្រោយ​ផង​ពាក់ព័ន្ធ​ការបញ្ឈប់​ការសាកល្បង​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​នោះ​។ រឿង​ងាយ​យល់​ទេ គឺថា បើសិន​អាមេរិក​មិនដែល​គោរព​សន្យា​របស់ខ្លួន​បែបនេះ រឿង​អី​ភាគី​ផ្សេងទៀត​ត្រូវ​ចរចា និង​ព្រម​ទទួលយក​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​នោះ​។


Tag:
 អ៊ីរ៉ង់​
  អេ​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុង​
  JPCOA
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com