អន្តរជាតិ
ថៃ​ស្ម័គ្រចិត្ត​ធ្វើ​ម្ចាស់ផ្ទះ​ជំនួប​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន
24, Apr 2018 , 10:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសថៃ ដុន ប្រាមុដវីណៃ (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសថៃ ដុន ប្រាមុដវីណៃ (រូបភាព AFP)
​នៅ​ថ្ងៃទី​២៤ ខែមេសា រដ្ឋ​អាស៊ាន​ថៃ បានប្រកាស​បំណង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំ​នួ​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ តាម​ការអះអាង​របស់​លោក ត្រាំ ជំនួប​មិន​ធ្លាប់មាន​នេះ នឹងធ្វើ​ឡើង​នៅ​ដំណាច់​ខែឧសភា ឬ​ដើមខែ​មិថុនា​ខាងមុខ​។ ភាគី​ទាំង​សង​ស្ថិតនៅ​ដំណាក់កាល​ចរចា​នៅឡើយ​ដើម្បី​រៀបចំ​ជំនួប​មេដឹកនាំ​ប្រទេស​ទាំងពីរ ដែល​ធ្វើឡើង​ក្រោយ​ជំនួប​មេដឹកនាំ​កូរ៉េ​ទាំងសងខាង​នៅ​ចុង​សប្ដាហ៍​នេះ​។​



​ទីតាំង និង​ពេលវេលា​ជាក់លាក់​នៃ​ជំនួប​លើកដំបូង​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​។ កន្លងមក លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្ហើប​ថា ទីតាំង​ចំនួន​៥ ស្ថិតក្នុង​ការពិចារណា​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​រវាង​លោក និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ទីក្រុង​មួយចំនួន​នៅ​អាស៊ី និង​អឺរ៉ុប អាចជា​ទីតាំង​សម្រាប់​ការជួប​តទល់​នេះ​។​

​ខណៈដែល​ការកំណត់​ទីតាំង​នៃ​ជំនួប​កំពុង​ត្រូវបាន​គិតគូរ​នោះ ប្រទេស​សមាជិក​អាស៊ាន​មួយ គឺ​ថៃ បានប្រកាស​ជំហរ​ចង់​ធ្វើ​ម្ចាស់ផ្ទះ​ដើម្បី​ទទួល​លោក ត្រាំ និង​លោក គីម ។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៤ ខែមេសា រដ្ឋមន្ត្រីការបរទេស​ថៃ ដុន ប្រា​មុដ​វី​ណៃ និយាយថា ថៃ​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​រៀបចំ និង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​។ ប៉ុន្តែ​លោក ដុន បញ្ជាក់ថា ថៃ​មិនទាន់​ទទួលបាន​ការទាក់ទង​អ្វី​ឡើយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ដូច​បានដឹង​ស្រាប់ ថៃ​គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ និង​យូរអង្វែង​របស់​អាមេរិក ហើយ​ក៏មាន​ទំនាក់ទំនង​ការទូត​ល្អជា​មួយ​កូរ៉េខាងជើង​ផង​។ នេះ​អាចជា​ហេតុផល​មួយ​ដែល​ថៃ​អាច​ស្ថិតក្នុង​ការពិចារណា ខណៈដែល​លោក ត្រាំ មិន​បញ្ចេញ​ទីតាំង​ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​រៀបចំ​ជំនួប​សោះ​។

​ទីក្រុង​ធំៗ​ដូចជា​ស្តុក​ខុល​របស់​ស៊ុត​អែ​ត​, ហ្សឺ​ណែវ​របស់​ស្វ៊ី​ស​, បែរ​ឡាំង​របស់​អាល្លឺម៉ង់​, អ៊ូ​ឡង់​បា​ទ័​រ​របស់​ម៉ុង​ហ្គោ​លី​, វ្ល៉ា​ឌី​វ៉ូ​ស្តុក​របស់​រុស្ស៊ី​, រដ្ឋធានី​ប៉េកាំង​របស់​ចិន​, កោះ​ជេ​ជូ​របស់​កូរ៉េខាងត្បូង និង​សិង្ហ​បុរី​របស់​សិង្ហ​បុរី សុទ្ធតែ​ស្ថិតក្នុង​ក្រសែភ្នែក​របស់​អ្នកតាមដាន​ស្ថានការណ៍ ដែល​អាច​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​។ ជាងនេះទៅទៀត ដែនសមុទ្រ​អន្តរជាតិ​ក៏ត្រូវ​បានគិត​ថា អាច​រៀបចំ​ទទួល​លោក ត្រាំ និង​លោក គីម ផងដែរ​។ 

​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម ធ្វើឡើង​ក្រោយ​ជំនួប​លើក​ទី​បី​រវាង​មេដឹកនាំ​កូរ៉េ​នៅ​ថ្ងៃទី​២៧ ខែមេសា​ខាងមុខ​។ លោក គីម នឹង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​តំបន់​គ្មាន​កងទ័ព ដែល​ខណ្ឌ​ចែ​កូរ៉េ​ទាំងពីរ​។ ការរំសាយ​អាវុធ​នុយក្លេអ៊ែរ និង​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ គឺជា​ប្រធាន​សំខាន់​នៃ​ជំនួប​មេ​ដឹ​នាំ​កូរ៉េ​៕


Tag:
 ថៃ​
  អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com