កីឡាអន្តរជាតិ
អន្តរជាតិ
មិន​ខ្វះ​ក្លិប​ធំៗ​ចង់បាន Wenger ឡើយ ក្រោយ​ប្រកាស​ចេញពី Arsenal
25, Apr 2018 , 9:19 am        
រូបភាព
រូបភាពពី Reuters
រូបភាពពី Reuters
​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​បារាំង​លោក Arsene Wenger បានប្រកាស​ពី​ការចាកចេញ​ពី​ក្លិប Arsenal នៅ​ចុងរដូវ​កាល​នេះ កាលពី​ថ្ងៃទី​២០ ខែមេសា បន្ទាប់ពី​លោក​បាន​កាន់តំណែង​អស់​រយៈពេល​ជិត​២២​ឆ្នាំ​។​



​ក្រោយ​ការប្រកាស​នេះ លោក David Dein ជា​អនុប្រធាន​ក្លិប Arsenal បាន​លើកឡើងថា មិន​ខ្វះ​ឡើយ​ក្លិប​ធំៗ​ដែល​ចាប់អារម្មណ៍​ចង់បាន Wenger ទៅ​ដឹកនាំ​ក្រុម បន្ទាប់ពី​លោក​ចាក​ចេញពី​ទឹកដី Emirates​។ នេះ​បើតាម​ការ​ផ្សា​រយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​


លោក David Dein (ស្តាំ) ឈរក្បែលោក Arsene Wenger

«​គាត់ (Wenger) នឹង​ឈានដល់​អាយុ ៦៩​ឆ្នាំ ក្នុង​ខែតុលា ឆ្នាំ​២០១៨​នេះ ហើយ​គាត់​ជា​អ្នកចាត់ការ​ដ៏​មានបទពិសោធន៍ និង​សកម្ម​បំផុត​ស្ទើ​គ្រប់ការ​ប្រកួត​។  Dein បាន​ប្រាប់​ទូរទស្សន៍ Sky Sports យ៉ាង​ដូច្នេះ ហើយ​លោក​បន្ថែមថា​៖«​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ខ្ញុំ​ដឹង​រឿង​ខ្លះៗ​ដែល​គាត់​ត្រូវបាន​ក្លិប​ធំៗ​មួយចំនួន​ទាក់ទង​គាត់​។ ហើយ​អ្វីដែល​ខ្ញុំ​ដឹង​នោះ​គឺ​ក្លិប Real Madrid, Paris St Germain រួមទាំង​ជម្រើសជាតិ​អង់គ្លេស​ចង់បាន​គាត់​ទៅ​ដឹកនាំ​»​។​

​អ្នកចាត់ការ​សញ្ជាតិ​បារាំង​វ័យ ៦៨​ឆ្នាំ​រូបនេះ បាន​ក្លាយជា​អ្នកចាត់ការ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​តាំងពី​ឆ្នាំ​១៩៩៦​មក​ម្លេះ​។ ក្រោម​ការដឹកនាំ ជាង​២​ទសវត្សរ៍ Wenger បាន​នាំ Arsenal ឈ្នះ​ជើងឯក Premier League ៣​ដង និង FA Cup ៧​លើក ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ដ៍​ធ្វើ​មិនសូវ​បានល្អ​នោះទេ បើ​ទោះ​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​ក៏ដោយ​។

Arsenal ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦ ក្នុង​តារាង​នៃ​លី​ក​លំដាប់​ទីមួយ​អង់គ្លេស ជាមួយនឹង​ភាគរយ​ខ្ពស់​មិនបាន​លេង​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប Champions League រដូវ​កាល​ក្រោយ តែ​នៅសល់​សិទ្ធិ​ដណ្តើមពាន Europa League ក្នុង​ដៃ​សម្រាប់​រដូវ​កាល​នេះ​៕
អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  Arsene Wenger
  Arsenal
  David Dein
© រក្សាសិទ្ធិដោយ thmeythmey.com