កីឡាជាតិ
ជាតិ
បឹងកេតប៉ះ shan United បង្គ្រប់កិច្ច រីឯ Ceres Negros ប្រជែងលេខ១ជាមួយ Home United សកម្មភាពប្រកួតរវាងក្រុមបឹងកេតជាមួយក្រុម Shan United នៅពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ
× បឹងកេតត្រូវប្រជែងជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា នាការប្រកួតបង្គ្រប់កិច្ចពានរង្វាន់ AFC Cup 2018 នៅរសៀលថ្ងៃទី២៥ មេសា នាកីឡដ្ឋាន Thuwunna។ ជាមួយគ្នានេះក្រុម Ceres Negros របស់ហ្វីលីពីនប្រជែងជាមួយ Home United របស់សិង្ហបុរី ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ១ពូល F នាកីឡដ្ឋាន Panaad Stadium។
លោក កែវ កុសល ត្រូវដឹកនាំក្រុមបឹងកេត តទល់ជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា ដែលបានបាត់ឱកាសឡើងទៅវគ្គបន្តដូចគ្នា សម្រាប់ជំនួបបង្គ្រប់កិច្ចពូល F នៃពានរង្វាន់ AFC Cup 2018 នាវេលាម៉ោង៥រសៀល(ម៉ោងនៅកម្ពុជា)ថ្ងៃទី២៥ មេសា នៅកីឡដ្ឋាន Thuwunna ក្នុងទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា។
លោក កែវ កុសល គ្រូបង្វឹកបឹងកេង(អាវស)ចាប់ដៃជាមួយគ្រូបង្វឹកក្រុម Shan United ក្រោយចប់សន្និសីទសារព័ត៌មាន
ទោះបីវាជាជំនួបបង្គ្រប់កិច្ច តែបឹងកេតត្រូវការឈ្នះក្នុងជំនួបនេះ ដើម្បីស្តារមុខមាត់ ក៏ដូចជាសងសឹង Shan United ដែលបានយកខ្លួន ២-១ នាការប្រកួតជើងទី១ នៅពហុកីឡដ្ឋានជាតិ កាលពីខែកុម្ភៈ កន្លងទៅ។ សម្រាប់៥ប្រកួតកន្លងមក ក្រុមទាំងពីរទទួលបានជ័យជម្នះ១លើក និងចាញ់៤លើកដូចគ្នា។ បច្ចុប្បន្ន Shan United ឈរលេខរៀងទី៣ក្នុងចំណោម៤ក្រុម ខណៈបឹងកេតឈរបាតតារាង ដោយមាន៣ពិន្ទុដូចគ្នា។
ក្នុងពូល F នេះដែរ ក្រុម Ceres Negros របស់ហ្វីលីពីនត្រូវបើកទ្វារកីឡដ្ឋាន Panaad Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវ Home United របស់សិង្ហបុរី នាវេលាម៉ោង៥រសៀល(ម៉ោងនៅកម្ពុជា) ដើម្បីប្រជែងដណ្តើមចំណាត់ថ្នាក់លេខ១ប្រចាំពូល។ នាការប្រកួតជើងទី១នៅទឹកដីសិង្ហបុរី កាលពីថ្ងៃទី២៧ កុម្ភៈ កន្លងទៅ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។
បច្ចុប្បន្ន Ceres Negros ឈរកំពូលតារាងដោយមាន១៣ពិន្ទុ ក្រោយ៥ប្រកួតឈ្នះ៤ និងស្មើ១ ខណៈ Home United ឈរលេខរៀងទី២ដោយមាន១០ពិន្ទុ ក្រោយឈ្នះ៣ ស្មើ១ និងចាញ់១៕
Tag:
AFC Cup 2018
បឹងកេត
Shan United
© រក្សាសិទ្ធិដោយ thmeythmey.com