ជាតិ
លោក ហ៊ុន ម៉ា​ណែ​ត ផ្តើម​ទស្សនកិច្ច​នៅ​ជប៉ុន និង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី អា​បេ​
25, Apr 2018 , 12:24 pm        
រូបភាព
​លោក ហ៊ុន ម៉ា​ណែ​ត​បាន​ទៅដល់​ប្រទេស​ជប៉ុន​ហើយ​នា​ព្រឹក​ថ្ងៃទី​២៥​ខែមេសា​ ដើម្បី​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៥​ថ្ងៃ​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​លោក ហ៊ុន ម៉ា​ណែ​ត ក្រោយពី​មានការ​អញ្ជើញ​ផ្ទាល់​ពី​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​លោក Shinzo Abe តាមរយៈ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​។

 
​លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​ កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈ​៥​ថ្ងៃ​ នៅក្នុង​ប្រទេស​ជប៉ុន​។ ទស្សនកិច្ច​នេះ​ ធ្វើឡើង​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន ​ក្នុង​គោលដៅ​ពង្រឹង និង​ធ្វើ​ឲ្យស៊ីជម្រៅ​លើ​ការយល់ដឹង​ពី​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ជប៉ុន ក្រោម​កម្មវិធី​«​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​កម្រិត​អ្នកអនុវត្ត​» (Program for Strategic Exchanges on Practical Level)​។​
 
​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន លោក ហ៊ុន ម៉ា​ណែ​ត នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe​។ នេះ​បើតាម​ការអះអាង​ពី​ប្រភពព័ត៌មាន​ដ៏​គួរ​ឲ្យ​ទុកចិត្ត​។​
​បើ​គេ​អាន​ការផ្តល់​ព័ត៌មាន​នៅលើ​គ​ណ​នី​ហ្វេ​ស​ប៊ុ​ក​របស់លោក ហេង សួរ ដែលជា​សមាជិក​គណៈប្រតិភូ​របស់លោក ហ៊ុន ម៉ា​ណែ​ត​ដែរនោះ លោក ហ៊ុន ម៉ា​ណែ​ត នឹង​ជួប​សម្តែង​ការគួរសម ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ កង​ស្វ័យការពារ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី ព្រមទាំង​ជួបពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន និង​សមាជិកសភា​របស់​ជប៉ុន​មួយចំនួន​ទៀតផង​។​
 
​ទស្សនកិច្ច​ផ្លូវការ​របស់លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនប្រុស​ច្បង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ ទើបតែ​អាច​កើតឡើង​នៅពេលនេះ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ជម្រាប​ប្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែកក្កដា​ឆ្នាំ​២០១៦ ថា​លោក​អញ្ជើញលោក ហ៊ុន ម៉ា​ណែ​ត ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​។​ ​ឯកអគ្គរាជទូត​ជប៉ុន​ធ្លាប់បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនប្រុស​ច្បង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺជា​ឥស្សរជន​សំខាន់ ដែល​ជប៉ុន​ចាប់អារម្មណ៍​៕
 

Tag:
 ហ៊ុន ម៉ា​ណែ​ត​
  ជប៉ុន​
  Shinzo Abe
 
© រក្សាសិទ្ធិដោយ thmeythmey.com