កីឡាអន្តរជាតិ
អន្តរជាតិ
Klopp សរសើរ Salah ថា​ជា​កីឡាករ​មាន​ទេពកោសល្យ ក្រោយ​ជួយ Liverpool ឈ្នះ Roma ៥-២
25, Apr 2018 , 2:14 pm        
រូបភាព
​លោក Jurgen Klopp បាន​សរសើរ Mohamed Salah មិន​ដាច់​ពី​មាត់​ថា​ជា​ខ្សែប្រយុទ្ធ​ដ៏​មាន​ទេពកោសល្យ​បំផុត​ក្រោយ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​២​គ្រាប់​ជួយ Liverpool យកឈ្នះ AS Roma ៥-២ ពានរង្វាន់ UEFA Champions League ជើង​ទី​១ វគ្គ​១/២ ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃទី​២៤ ខែមេសា​។



​ការប្រកួត​ក្នុង​កីឡដ្ឋាន Anfield កាលពី​យប់មិញ​ក្រុម​ហង្ស​ក្រហម​បាន​វាយ​សម្រុក​លើ​ក្រុម​ភ្ញៀវ Roma យ៉ាងខ្លាំង​ចាប់តាំងពី​ពាក់កណ្តាល់​តង់​ទី​១​រហូត​សម្រេច​ទី​បាន​២​គ្រាប់​ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម Salah នៅ​នាទី ៣៦ និង ៤៥​។



​ចូលដល់​តង់​ទី​២ កីឡាករ​អន្តរជាតិ​អេ​ហ្ស៊ី​ប​ដដែល​បាន​បញ្ជូន​បាល់​ឲ្យ​ដៃគូ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ថែមទៀត​ដែល​ធ្វើបាន​ពី​កីឡាករ Sadio Mane នៅ​នាទី​៥៦ និង Roberto Firmino នាទី​៦១ ហើយ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូបនេះ​បន្ថែម​គ្រាប់​ទី​៥​នៅ​នាទី​៦៩ មុនពេល Edin Dzeko និង Dieogo perotti រកបាន​ម្នាក់​មួយគ្រា​ប់​វិញ​ឲ្យ Roma​។ ចប់​ការប្រកួត​ក្រុម​របស់លោក Klopp យកឈ្នះ​ក្រុ​របស់លោក Eusebio Di Francesco ក្នុង​លទ្ធផល ៥-២​។​



​នៅក្នុង​សន្និសីទ​ព័ត៌មាន​ក្រោយ​ចប់​ការប្រកួត អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​កោតសរសើរ Salah ដូច្នេះ​ថា​៖«​គាត់​គឺជា​ខ្សែប្រយុទ្ធ​ឆ្នើម និង​មាន​ទេពកោសល្យ​បំផុត ដែល​ធ្វើ​ឲ្យ​កីឡាករ​ដ៏​ទៃ​ពិបាក​បិទ និង​បញ្ឈប់​គាត់​ក្នុង​ការរក​គ្រាប់​បាល់​ណាស់​។ គ្រាប់​បាល់​ទី​១​គឺ​ពិតជា​អស្ចារ្យ គ្រាប់​ទី​២​កាន់តែ​ពិសេស​ថែមទៀត ហើយ​នេះ​មិនមែនជា​រឿង​ចៃដន្យ​ទេ​»​។​



​សូមបញ្ជាក់ថា Salah ត្រូវបាន​លោក Klopp នាំយក​មកកាន់​ទឹកដី​អង់គ្លេស ពី​ក្រុម Roma កាលពី​ឆ្នាំមុន ក្នុងតម្លៃ​៥២​លាន​ដុល្លារ​។​
​ការប្រកួត​ជើង​ទី​២ Liverpool នឹងត្រូវ​ធ្វើដំណើរ​ទៅ​អ៊ីតាលី​វិញ​ក្នុង​កីឡដ្ឋាន Stadio Olimpico នៅ​រាត្រី​ថ្ងៃទី​៣ ខែឧសភា ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​អាចឈាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com