ជាតិ
ពិព័រណ៍​រូបថត​ពី​សម្រស់​ព្រៃកោងកាង បង្ហាញ​ពី​តំបន់​ទេសចរណ៍​នៅ​កោះកុង​
25, Apr 2018 , 2:59 pm        
រូបភាព
​ក្រុមយុវជន​កង់​ខ្មែរ បានរៀបចំ​ពិព័រណ៍​រូបថត ស្ដីពី​សម្រស់​ធម្មជាតិ​នៃ​ព្រៃ​កោង ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​នៃ​ព្រៃកោងកាង និង​បង្ហាញ​សក្ដានុពល​ទេសចរណ៍​នៅ​តំបន់​នោះ​ឲ្យ​សាធារណជន​បាន​ស្គាល់​។​



​ពិព័រណ៍​រូបថត​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៤​ខែមេសា ដល់​ថ្ងៃទី​១   ឧសភា ឆ្នាំ​២០១៨ នៅ​បណ្ណាល័យ​បញ្ញវន្ត​។ លោក ម៉ូត គីម​រី គណៈកម្មការ​បោះជំរំ​កោង​កាង​លើក​ទី​២ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការតាំងពិព័រណ៍​រូបថត​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ តំបន់​ព្រៃកោងកាង នៅ​ខេត្តកោះកុង ឱ្យ​ភ្ញៀវទេសចរ​បានដឹង​។ ពិព័រណ៍ ក៏​ចង់​បំផុស​ឲ្យ​យុវជន ចូលរួម​អភិរក្ស​ព្រៃកោងកាង ការពារ​បរិស្ថាន និង​ឲ្យ​ពួកគេ​ទៅ​កម្សាន្ត​នៅ​ទីនោះ​ផងដែរ​។ លោក គីម​រី បញ្ជាក់​ដូច្នេះ​៖«​ពិព័រណ៍​រូបថត​នេះ អាចជា​ផ្លូវ​មួយ សម្រាប់​អ្នក​ដែល​មិនបាន​ទៅដល់ ឱ្យ​ពួកគាត់​ឃើញ​ពី​ទេសភាព​នៅ​ទីនោះ​។ យើង​ចង់បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​នៅ​ទីនោះ ព្រោះ​វា​ពិតជា​ស្អាត​។ ពួកយើង​បាន​ទៅ​ម្ដង​ហើយ យើង​នៅតែ​ចង់ទៅ​ទៀត​»​។​



​បើតាម  លោក ម៉ូត គីម​រី  ពិព័រណ៍​នេះ​រៀបចំឡើង​បន្ទាប់ពី ក្រុមយុវជន​កង់​ខ្មែរ យល់ថា​តំបន់​ព្រៃកោងកាង​នេះ មាន​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​តំបន់​ទេសចរណ៍​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​ឡើយ ប៉ុន្ដែ​អ្នកទេសចរ មិនសូវ​ចាប់អារម្មណ៍​ទៅ​កម្សាន្ត​។ តាមរយៈ​ពិព័រណ៍​នេះ លោក ម៉ូត គីម​រី  រំពឹងថា​នឹងមាន​ទេសចរ​កាន់តែច្រើន ធ្វើដំណើរ​កម្សាន្ត ទៅកាន់​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​មួយ​នេះ​៕















Tag:
 កោះកុង​
 ​តំបន់​ទេសចរណ៍​
 ​កោង​កាង​
© រក្សាសិទ្ធិដោយ thmeythmey.com