ជាតិ
​កំណាយ​ស្រះ​អង្គរវត្ត​៖ អ្នកជំនាញ នឹង​បើក​រណ្ដៅ​ដី​ចំនួន​២​ទីតាំងនៅ​ស្រះ​ខាងជើង
26, Apr 2018 , 8:19 pm        
រូបភាព
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​លើ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​នៅ​ស្រះ​អង្គរវត្ត​។ គម្រោង​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣ ខែមេសា​មក ហើយ​មិនទាន់​មានលទ្ធភាព​ឱ្យ​អ្នកជំនាញ​រក​ពន្លឺ​ពី​រចនាសម្ព័ន្ធ​ស្រះ​បុរាណ​នោះ​នៅឡើយ​។ គម្រោង​នេះ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​បើក​រណ្ដៅ​ចំនួន​២​ទីតាំង ដើម្បី​ពិនិត្យ​ពី​រចនាសម្ព័ន្ធ​ស្រះ​។​



​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​បើក​រណ្ដៅ​ដី​ចំនួន​២​ទីតាំង នៅ​ស្រះ​ខាងជើង ប្រាសាទអង្គរវត្ត ត្រង់​ជ្រុង​ខាងលិច និង​ជ្រុង​ខាងត្បូង​។ គម្រោង​នេះ គឺ​ដើម្បី​ពិនិត្យ​ពី​រចនាសម្ព័ន្ធ​ស្រះ​ទឹក​នេះ ដោយសារ​ថា​អ្នកជំនាញ មិនទាន់មាន​ពន្លឺ​អ្វី​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​ស្រះ​ទឹក ពី​ការធ្វើ​កំណាយ​ស្រះ ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​២៣ ខែមេសា​មក​នោះ​។ 

​អ្នកស្រី នេ​ត ស៊ី​មន បុគ្គលិក​បច្ចេកទេស ដែល​កំពុង​ធ្វើ​កំណាយ​នៅ​ស្រះ​អង្គរវត្ត បានឱ្យដឹងថា​ក្រុមការងារ​របស់​អ្នកស្រី មិនទាន់បាន​ប្រទះឃើញ​រចនាសម្ព័ន្ធ​ស្រះ​បុរាណ​នៅឡើយ​។ ដូច្នេះហើយ ក្រុមការងារ​របស់​អ្នកស្រី នឹង​បើក​រណ្ដៅ​នៅ​ស្រះ​ខាងជើង​ចំនួន​២​ទីតាំង  គឺ​នៅ​ផ្នែក​ខាងលិច និង​ខាងត្បូង ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​។ បើតាម អ្នកស្រី នេ​ត ស៊ី​មន គម្រោង​នេះ ត្រូវ​ប្រើពេល​ប្រមាណ​២​ខែ ឬ​អាច​នឹង​រួចរាល់​មុន ឬ​ប្រើពេល​បន្ថែម ដើម្បីឱ្យ​អ្នកជំនាញ​រកឃើញ រចនាសម្ព័ន្ធ​របស់​ស្រះ​។​

​ដោយសារ​ទីតាំង​កំណាយ ស្ថិតនៅ​ទីតាំង​ដែល​ភ្ញៀវទេសចរ​តែង​ឈរ​ផ្ដិតរូប​របស់​ពួកគេ ទៅនឹង​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត ដូច្នេះ​សកម្មភាព​កំណាយ បានធ្វើ​ឲ្យ​ភ្ញៀវទេសច​មាន​ចម្ងល់ និង​តែងតែ​សួរ​ទៅកាន់​ក្រុមការងារ​ស្រាវជ្រាវ​។ ដូច្នេះ​មន្ត្រី​បច្ចេកទេស ការដ្ឋាន​កំណាយ បានស្នើ​ដល់​ភ្ញៀវ​ទាំងអស់​យោគយល់ និង​យល់​ពី​ការងារ​ដែល​ពួកគាត់​កំពុង​ធ្វើ ចៀសវាង​ការយល់ច្រឡំ​អ្វី​ផ្សេង​។​

​គួរ​បញ្ជាក់ថា កំណាយ​ស្រាវជ្រាវ​ស្រះ​អង្គរវត្ត ធ្វើឡើង​ដើម្បី​ពិនិត្យមើល​រចនាសម្ព័ន្ធ និង​ទ្រង់ទ្រាយ​របស់​ស្រះ មុន​អ្នកជំនាញ​ជួសជុល ឱ្យស្រប​តាម​លំនាំ​ចាស់ និង​ចៀសវាង​ផលប៉ះពាល់​ណាមួយ​៕



Tag:
 កំណាយ​ស្រះ​អង្គរវត្ត​
 ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com