ជាតិ
សេដ្ឋកិច្ច
រំពឹង​ភ្នំពេញ​ភាគខាងត្បូង នឹងមិន​ដូច​កណ្ដាល​ក្រុង​! ខណៈ​ក្រុងប៉ារីស​កំពុង​ជួយ​សិក្សា​រៀបចំ​
26, Apr 2018 , 8:01 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ ទទួលបាន​ការជួយ​ស​ហ​ការ​ពី​រដ្ឋបាល​ក្រុងប៉ារីស ប្រទេស​បារាំង ចាប់តាំងពី​ឆ្នាំ​២០១៦ មក លើ​ការសិក្សា​លទ្ធភាព​រៀបចំ​នគរូបនីយកម្ម​នៅ​ភាគខាងត្បូង​ភ្នំពេញ​ឲ្យ​បានល្អ​។ លទ្ធផល​នៃ​ការសិក្សា​នេះ​ជិត​បញ្ចប់​ទៅហើយ ដែល​នឹង​ផ្ដល់​ការបង្ហាញ​ផ្លូវ​ពី​ការរៀបចំ​នៅ​តំបន់​នោះ បើសិនណា​អាជ្ញាធរ​សម្រេចចិត្ត​ធ្វើតាម​ការសិក្សា​នោះ​។​


 
​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦​ខែមេសា​នេះ បាន​បើក​សិក្ខាសាលា​មួយ​ដើម្បី​បង្ហាញ​លទ្ធផល​ពី​ការសិក្សា​តំបន់​ភាគខាងត្បូង​ភ្នំពេញ​។ ប៉ុន្តែ​អ្នកនាំពាក្យ​សាលា​រាជធានី លោក ម៉េ​ត មាស​ភក្ដី ឲ្យ​ដឹងថា ដោយសារ​មាន​តម្រូវការ​វាយតម្លៃ​ឡើងវិញ​នៅ​ផ្នែក​ខ្លះ ដូចនេះ​អ្នកជំនាញ​នឹង​បន្តការងារ​ដើម្បី​បញ្ចប់​ការសិក្សា​ក្នុងពេល​ឆាប់​ខាងមុខ​។​
 
​លោក ម៉េ​ត មាស​ភក្ដី ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គម្រោង​នេះ​សិក្សា​លើ​ការរៀបចំ​នគរូបនីយកម្ម​នៅ​តំបន់​ភាគខាងត្បូង​ភ្នំពេញ ម្ដុំ​បឹង​ជើងឯក ខណ្ឌដង្កោ​ជាដើម ដែលជា​ការគិតគូរ​ទុកជាមុន ខណៈ​មាន​កំណើនប្រជាជន​។ ក្នុងនោះ​អ្នកជំនាញ​សិក្សា​លើ​ការរៀបចំ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធ​ទឹក​បញ្ចៀស​ការ​ជន់​លិច ជាដើម រួមទាំង​រៀបចំ​ទុក​លំហ​បៃតង​នៅ​តំបន់​នោះ​។ នេះ​បើតាម​លោក ភក្ដី ។​
 
​ការសិក្សា​របស់​បារាំង នឹង​ក្លាយជា​ប្លង់​មេ ឬ​គោលការណ៍​ណែនាំ ឬ​យ៉ាងណា​? ឆ្លើយតប​នឹង​សំណួរ​នេះ លោក ម៉េ​ត មាស​ភក្ដី មានប្រសាសន៍​យ៉ាងនេះ​ថា​៖«​យើង​នឹង​ពិចារណា​នៅពេល​លទ្ធផល​សិក្សា​ចេញ​ជា​ស្ថាពរ ហើយ​យើង​នឹង​សម្រេច​ថា​ធ្វើតាម​អ្វីដែល​ជាការ​សិក្សា​នោះ ឬ​យ៉ាងណា​?​។ លោក​បន្ថែមថា ទោះយ៉ាងណា​សាលា​រាជធានី​សាទរ​ចំពោះ​ការជួយ​របស់​បារាំង ដែលមាន​បទពិសោធន៍​លើ​បញ្ហា​នេះ​។​
 
 នេះ​ជា​បំណង​របស់​អាជ្ញាធរ​ក្នុង​ការរៀបចំ​ភ្នំពេញ​ភាគខាងត្បូង​ឲ្យ​បានល្អ ស្រប​នឹង​កំណើនប្រជាជន​ក្នុង​ក្រុងភ្នំពេញ និង​កំណើន​អភិវឌ្ឍន៍​ទៅ​ថ្ងៃមុខ ព្រមទាំង​ដើម្បី​បញ្ចៀស​បទពិសោធន៍​កណ្ដា​ល​ក្រុង​ក្នុងស្ថានភាព​សព្វថ្ងៃ​។ លោក ម៉េ​ត មាស​ភក្ដី ប្រាប់​ដូច្នេះ​ថា​៖«​យើង​ចង់​រៀបចំ​តំបន់​ប៉ែក​ខាង​នោះ ព្រោះ​បន្តិចទៀត​ទៅ​កំណើនប្រជាជន​កាន់តែច្រើន ដូចនេះ​ការត្រៀម​គិតគូរ​ទុកជាមុន ជា​រឿង​យើង​ត្រូវធ្វើ តំបន់​ណា​ជា​លំហ​បៃតង កន្លែង​ណា​ត្រូវធ្វើ​អ្វី ហេដ្ឋារចនាសម្ព័ន្ធ​បែបណា ដែល​នឹង​មិនមាន​ឧបសគ្គ​ធ្វើ​ឲ្យ​កកស្ទះ​ទេ​។ លោក​បន្តថា​៖«​ព្រោះ​បទពិសោធ​កណ្ដាល​ក្រុង ដែល​បន្សល់ទុក​តាំងពី​សម័យ​បារាំង ផ្លូវ​តូចៗ ដោយ​យើង​មិន​នឹកស្មាន​មាន​ប្រជាជន​រាប់លាន​នាក់​ធ្វើដំណើរ​ដូច​សព្វថ្ងៃនេះ​ទេ​»​។ 
 
​ភាគខាងត្បូង​ភ្នំពេញ កំពុង​ទាញ​ការចាប់អារម្មណ៍​ខ្លាំង ខណៈ​មាន​សន្ទុះ​នៃ​រីកលូតលាស់​នៅ​តំបន់​នោះ ខណៈ​ផ្នែក​កណ្ដាល​ក្រុង​កាន់តែ​ចង្អៀត ពិបាកធ្វើ​ចរាចរណ៍ ស្ទះលូ​ទឹក​លិច​ជាដើម​។ ផ្លូវ ៦០​ម៉ែត្រ ផ្លូវ​ក្រវាត់ក្រុង គម្រោង​បុរី ផ្សារ​ទំនើប ដែល​សុទ្ធសឹងតែ​ជា​គម្រោង​ធំៗ​កំពុងមាន​វត្ត​មាននៅ​ទីនោះ​ជា​បណ្ដើរៗ​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com