ភ្នំពេញ៖ សំណើមួយដែលស្នើឲ្យអតីតគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោត ពីសំណាក់អង្គការអន្តរជាតិចំនួន៧ ត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាលសិង្ហបុរី ដើម្បីសុំឲ្យយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ អ្នកនាំពាក្យគណបក្សកាន់អំណាច សន្និដ្ឋានជាមុនថា ប្រធានបទក្រៅផ្លូវការ ដែលអង្គការអន្តរជាតិស្នើឡើងនេះ នឹងមិនត្រូវបានលើកទៅពិភាក្សាក្នុងកិច្ចប្រជុំអាស៊ានឡើយ។
មុននឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលមានប្រទេសសិង្ហបុរីជាម្ចាស់ផ្ទះ ចាប់ផ្តើមឡើង អង្គការអន្តរជាតិធំៗចំនួន៧ ដែលឧស្សាហ៍ចេញមករិះគន់រដ្ឋាភិបាលកម្ពុជា ក៏បានសរសេរ
លិខិតរួមគ្នាមួយ ក្រោមចំណងជើងថា «អស្ថិរភាពនយោបាយនៅកម្ពុជា» ផ្ញើទៅកាន់លោក Vivivan Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ គោលបំណងរបស់ពួកគេ គឺចង់ឲ្យមេដឹកនាំសិង្ហបុរី ពិភាក្សាជាមួយមេដឹកនាំនៃបណ្តាប្រទេសផ្សេងទៀត អំពីដំណោះស្រាយនយោបាយកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ខណៈកិច្ចប្រជុំនេះ ក៏មានវត្តមានរបស់សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាផងដែរ។
ក្នុងលិខិតរបស់ខ្លួន អង្គការអន្តរជាតិទាំង៧ បានលើកឡើងពីការចាប់ឃុំលោក កឹម សុខា, ការរំលាយគណបក្សសង្គ្រោះជាតិ, ការបិទសិទ្ធិនយោបាយរបស់ថ្នាក់ដឹកនាំ១១៨នាក់នៃគណបក្សនេះ, ការរារាំងសេរីភាពបញ្ចេញមតិ, ការបង្ក្រាបលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ អង្គការអន្តរជាតិទាំងនោះ បានវាយតម្លៃថា ទង្វើខាងលើនេះ គឺជាដើមចម ដែលធ្វើឲ្យប៉ះពាល់ដល់នីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
លិខិតនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«សកម្មភាពបច្ចុប្បន្ន និងសកម្មភាពពីមុនៗ របស់រដ្ឋាភិបាលកម្ពុជា គឺមិនស្របទៅនឹងគោលការណ៍ស្នូលរបស់អាស៊ានឡើយ។ សកម្មភាពទាំងនេះ គួរតែត្រូវបានគេមើលឃើញថា ជាការរំលោភយ៉ាងច្បាស់លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១»។
បន្ទាប់មកអង្គការអន្តរជាតិខាងលើ ក៏បានលើកឡើងពីការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅទី២៩ ខែកក្កដា ឆ្នាំ២0១៨។ ពួកគេ ចាត់ទុកថា ការបោះឆ្នោត នឹងមិនមានភាពស្របច្បាប់ឡើយ ប្រសិនបើស្ថានការណ៍បច្ចុប្បន្ន មិនប្រែទៅរកភាពល្អប្រសើរវិញ។
អង្គការអន្តរជាតិទាំងនោះ បានសង្កត់ធ្ងន់បែបនេះថា៖«យើងជំរុញឲ្យប្រទេសក្នុងតំបន់អាស៊ាន បំពេញកាតព្វកិច្ចរបស់ខ្លួន ដោយប្រើគ្រប់មធ្យោបាយ ដើម្បីអំពាវនាវឲ្យកម្ពុជាផ្លាស់ប្តូរទិសដៅរបស់ខ្លួន។ […..] វាមិនយឺតពេលទេ សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីកែប្រែឡើងវិញនូវបរិយាកាសយុត្តិធម៌ ដោយអនុញ្ញាតឲ្យប្រជាជនកម្ពុជាជ្រើសរើសមេដឹកនាំរបស់ពួកគេ ក្នុងដំណើរការបោះឆ្នោតមួយ ដែលគួរឲ្យទុកចិត្ត។ ដើម្បីបង្កើតលក្ខខណ្ឌ ដែលអាចឲ្យមានការបោះឆ្នោត គួរឲ្យទុកចិត្តបាន លុះត្រាតែរួមបញ្ចូលគណបក្សសង្គ្រោះជាតិ»។
អង្គការអន្តរជាតិខាងលើ ក៏បានទាមទារឲ្យដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យលោក សម រង្ស៊ី រួមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀត វិលត្រឡប់មកកម្ពុជាវិញ មុននឹងការបោះឆ្នោតមកដល់។
ក្រុមអង្គការអន្តរជាតិទាំង៧នោះ រួមមាន ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR), បណ្តាញប្រជាធិបតេយ្យអាស៊ី (ADN), វេទិកាអាស៊ី ដើម្បីសិទ្ធិមនុស្សនិងការអភិវឌ្ឍ (Forum-Asia), បណ្តាញអាស៊ី ដើម្បីការបោះឆ្នោតដោយសេរី (ANFREL), ក្រុមប្រឹក្សា ដើម្បីប្រជាធិបតេយ្យនិងសេរីភាពក្នុងតំបន់អាស៊ី (CALD), ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (HRW) និងវិទ្យាស្ថានជាតិប្រជាធិបត្យេ (NDI)។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញមកប្រតិកម្មនឹងអង្គការអន្តរជាតិទាំង៧ ដែលស្នើឲ្យលើកប្រធានបទស្តីពីបញ្ហានយោបាយកម្ពុជា ទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ លោក លើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន មានប្រធានបទច្បាស់លាស់ ដែលត្រូវបានកំណត់ទុក ដូច្នេះប្រធានបទផ្សេង មិនអាចត្រូវបានលើកទៅពិភាក្សានោះទេ។
តាមរយៈសារដែលសរសេរទៅកាន់ក្រុមអ្នកាសែតក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) អ្នកនាំពាក្យបក្សកាន់អំណាច ហ៊ានអះអាងយ៉ាងដូច្នេះថា៖«គ្មានទេ ប្រធានបទ [ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន] ដែលស្នើដោយពួកអគតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ក្នុងបំណងចង់ឲ្យពួកឧទ្ទាមក្រៅច្បាប់កម្ពុជា បានរស់ឡើងវិញ និងបានចូលរួមការបោះឆ្នោត»។ លោក បញ្ជាក់ចុងក្រោយថា ធម្មនុញ្ញអាស៊ាន មិនឲ្យមានការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកឡើយ។
ក្រៅពីអង្គការអន្តរជាតិ ក៏មានរដ្ឋាភិបាលនៃបណ្តាប្រទេសនានា ដែលមិនពេញចិត្តចំពោះស្ថានការណ៍នយោបាយនៅកម្ពុជាដែរ។ ប្រទេសមួយចំនួន ដូចជាសហរដ្ឋអារិក និងសហភាពអឺរ៉ុបជាដើម បានផ្អាកជំនួយផ្នែកការបោះឆ្នោត និងដាក់ទណ្ឌកម្មខ្លះៗ មកលើរដ្ឋាភិបាលកម្ពុជា។
បំណងរបស់សហគមន៍អន្តរជាតិទាំងនោះ គឺចង់ឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងបើកផ្លូវឲ្យគណបក្សប្រឆាំងមួយនេះ អាចរស់ឡើងវិញ ដើម្បីបានចូលរួមក្នុងការបោះឆ្នោត។ ប៉ុន្តែមកដល់ពេលនេះ សញ្ញាវិជ្ជមានសម្រាប់ក្រុមប្រឆាំង មិនទាន់កើតមាននៅឡើយទេ ខណៈការបោះឆ្នោត កាន់តែខិតជិតមកដល់។
នៅថ្ងៃទៅទី៣០ ខែមេសា ការចុះឈ្មោះគណបក្ស ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នឹងចាប់ផ្តើមហើយ និងបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្លាប់អះអាងថា គណបក្សណា មិនបានចុះឈ្មោះ គឺស្មើនឹងមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត៕