ជាតិ
សមត្ថកិច្ច​ចាប់​ជនបរទេស​ប្រព្រឹត្ត​បទល្មើស​ជិត​២០០​នាក់ នៅ​ត្រីមាស​ទី​១
27, Apr 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាជ្ញាធរ​ចាប់ខ្លួន​ជនបរទេស​ជិត​២០០​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​នៅលើ​ទឹកដី​កម្ពុជា ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៨ ។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​របាយការណ៍ ដែល​ចេញផ្សាយ​ដោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា ជនបរទេស​ប្រព្រឹត្ត​ខុស​ទាំងនោះ មាន​ចំនួន​១៨៨​នាក់ ដែលមាន​២៦​សញ្ជាតិ បានធ្វើ​ទង្វើ​ខុសច្បាប់​ចំនួន​៥៥​ករណី​។​

​ក្រៅពី​មាន​ជនបរទេស​ប្រព្រឹត្ត​ខុសច្បាប់ ក៏មាន​ជនបរទេស​រងគ្រោះ​នៅ​កម្ពុជា​ផងដែរ​។ របាយ​ការ​ណ៏ បាន​បញ្ជាក់ថា ជនបរទេស​រងគ្រោះ មាន​ចំនួន​១៨៤​នាក់ ដែលមាន​៣៥​សញ្ជាតិ ។ ប៉ុន្តែ​របាយការណ៍​មិន​បញ្ជាក់​ពី​មូលហេតុ​ជនបរទេស​ទាំងនោះ រងគ្រោះ​ដោយសារ​បញ្ហា​អ្វី​ឡើយ​។​

​តែ​យ៉ាងណា​តំណាង​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា បានស្នើ​ឲ្យ​ក្រុមការងារ​ជំនាញ​កម្ពុជា ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​កើតមានឡើង​ចំពោះ​ជនជាតិ​របស់ខ្លួន​។ ឆ្លើយតប​សំណើ​នេះ​អាជ្ញាធរ​កម្ពុជា បាន​សន្យា​ព្យាយាម​ដោះស្រាយ​បញ្ហា​ទៅតាម​ផែនការ​របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ច្បាប់​កម្ពុជា​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៨ ជាមួយ​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត លោក ថោង លីម អគ្គ​ស្នងការរង​នគរបាលជាតិ បាន​បង្គាប់​សមត្ថកិច្ច​ជួយ​ការពារ​សន្តិសុខ​ដល់​វិនិយោគិន និង​អ្នក​ទេសចរណ៍​បរទេស ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​៕


Tag:
 សន្តិសុខ​
  ជនបរទេស​
  បទល្មើស​
© រក្សាសិទ្ធិដោយ thmeythmey.com