ជាតិ
អន្តរជាតិ
ភ្នំពេញ​, ​សៀមរាប និងបាត់ដំបង ​នឹង​ស្ថិតក្នុងគម្រោង​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​
28, Apr 2018 , 10:22 am        
រូបភាព
រូបភាព AFP
រូបភាព AFP
មេដឹកនាំ​អាស៊ាន​ទាំង​ដប់​ឯកភាពគ្នា​ទទួលយក​គ​ម្រោ​ង​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ៣២ នៅក្នុង​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​សុក្រ​ទី ២៧ ខែមេសា​។​រាជ​ធានី​ភ្នំពេញ​, បាត់ដំបង និងសៀមរាបស្ថិតក្នុង​ចំណោម​គម្រោង​ដំបូង​នៃ​ទីក្រុង​ឆ្លាត​អាស៊ាន​ចំនួន ២៦​ផងដែរ​។​

​ការបង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន (ASEAN Smart Cities Network) ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ប្រធាន​អាស៊ាន​សិង្ហ​បុរី​ត្រូវបាន​មេដឹកនាំ​អាស៊ាន​ឯកភាពគ្នា​ទទួលយក​ជា​ផ្លូវការ​ក្នុង​កិច្ចប្រជុំ​កំពូល​អា​ស៊ន​លើក​ទី ៣២ នេះ​។ គំនិត​ផ្តួចផ្តើម​នេះ​នឹងត្រូវ​ដាក់ចេញ​ជា​ផ្លូវការ​ដោយ​មេដឹកនាំ​អាស៊ាន​ទាំង​ដប់​នៅ​ខែវិច្ឆិកា​ខាងមុខ​។​
 
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​លោក លី សៀន​ឡុង បានបញ្ជាក់​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ថា  បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន (ASCN) ជា​គំនិត​ផ្តួចផ្តើម​ធំ​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​ពីរ​ដែល​មេដឹកនាំ​អាស៊ាន​ឯកភាពគ្នា​ដាក់ចេញ​។ គំនិត​ផ្តួច​ផ្តើ​មួយទៀត​គឺ​កិច្ចសហប្រតិបត្តិការ​លើ​សន្តិសុខ​អ៊ីនធឺណិត (ASEAN Cyber Security Cooperation)​។ 

បើតាម​ឯកសារ​ទស្សនាទាន​ស្តីពី​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​នេះ ក្នុង​ជំហាន​ដំបូង ទីក្រុង​ចំនួន ២៦ នឹងត្រូវ​ដាក់​ក្នុង​គម្រោង​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​នេះ ហើយ​ក្នុងចំណោម​នោះ វា​មាន​បញ្ចូល​ទាំង​ទីក្រុង​សៀមរាប បាត់ដំបងនិង​រាជធានី​ភ្នំពេញ​របស់​កម្ពុជា​ផងដែរ​។   
  
​តាមពិតទៅ នគរូបនីយកម្ម​ឬ​ការអភិវឌ្ឍ​ទីក្រុង​អាស៊ាន​ប្រឈម​បញ្ហា​ច្រើន បើ​គ្មាន​ការយកចិត្តទុកដាក់​ក្នុងនោះ​មានការ​កកស្ទះ​ចរចា​ចរណ៍​, បំពុល​ខ្យល់​, ភាពក្រីក្រ គម្លៀត​សង្គម ការបែងចែក​គ្នា​រវាង​ប្រជាជន​ទីក្រុង​និង​ជនបទ រួមទាំង​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជាជន​ផង​។ ដូច្នេះហើយ​ការ​ងាក​ទៅរក​ដំណោះស្រាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​ការបង្កើត​បណ្តា​ទីក្រុង​ឆ្លាត​នេះ នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​។  
 
​ឯកសារ​ដដែល​នេះ​បញ្ជាក់ថា បណ្តាញ​ទីក្រុង​ឆ្លាត​នេះ​មាន​គោលដៅប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថលដើម្បី​សម្រួល​ និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​អាស៊ាន​ទាំង ៦០០​លាន​នាក់​។ វា​នឹង​ជំរុញ​ការ សហការគ្នា​ដើម្បី​អភិវឌ្ឍ​ផែនការ​សកម្មភាព​សម្រាប់​ទីក្រុង​ឆ្លាត​, ចែករម្លែក​បទពិសោធ​ន៍ ក្នុងការ​អភិវឌ្ឍ​ទីក្រុង​របស់ខ្លួន និង​ប្រមែរ​ប្រមូល​ហរិញ្ញវត្ថុ​ពី​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​ដូចជា​ស្ថាប័នហិរញ្ញវត្ថុ​ឬ​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍ​ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​នៃ​ទីក្រុង​ឆ្លាត​ផងដែរ​។​
 
​តាមពិតទៅ សិង្ហ​បុរី​ជ្រើសរើស​មូលបទ «​អាស៊ានដែលមានភាព​អត់ធន់ និង​ការច្នៃប្រឌិត​ថ្មី​» សម្រាប់​កិច្ចប្រជុំ​ឆ្នាំនេះ​។ មេដឹកនាំ​សិង្ហ​បុរី​ពន្យល់ថា ការសម្រេច​ជ្រើសរើស​មូលបទ​បែបនេះ​ដោយសារ​សិង្ហ​បុរី​មើលឃើញ​ពី​បញ្ហា​ប្រឈម​សម្រាប់​អាស៊ាន​នាពេល​អនាគត​។ អាស៊ាន​ត្រូវ​ពង្រឹង​ខ្លួនឯង លើកស្ទួយ​ការច្នៃប្រឌិត​ថ្មី និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​អាច​សម្រប​តាម​ការប្រែប្រួល​យ៉ាង​រហ័ស​នៃ​ពិភពលោក​ផង​។ វា​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ បញ្ហា​សង្គម និង​ជំរុញ​សេដ្ឋកិច្ច​អាស៊ាន​ផងដែរ​៕     
 

Tag:
 ​អាស៊ាន​
  ASCN
  កម្ពុជា​
  សិង្ហ​បុរី​
  សៀមរាប​
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com