ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អង្គការ​មួយ​ជួយ​ជំរុញ​យុវជន​ពិការ​ក្នុង​សកម្មភាព​សង្គម ដើម្បី​ជីវភាព​សមរម្យ​
28, Apr 2018 , 12:59 pm        
រូបភាព
​អង្គការ​សកម្មភាព​លើ​យុវវ័យ​ពិការ​ដើម្បី​អភិវឌ្ឍន៍ គឺជា​អង្គការ​មួយ​ដែល​ជួយ​ជំរុញ យុវជន​ពិការ​ឲ្យ  ចូលរួម​ក្នុង​សកម្មភាព​សង្គម ដើម្បី​ឲ្យ​ពួកគេ​អាច​រកប្រាក់​ចំណូល​ចិញ្ចឹមជីវិត​។ លោក  អ៊ាង ចាន់​ដា​រ៉ា អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ពិការភាព​នៃ​អង្គការ​នេះ បាន​ឲ្យ​ដឹងថា ថ្វី​ដ្បិត​ជនពិការ​មាន​សមត្ថភាព ប្រហាក់ប្រហែល​មនុស្ស​ធ​ម្ម​តា​ក្ដី ប៉ុន្ដែ​ពួកគេ​ហាក់​នៅ​មិនទាន់​មានឱកាស​ទទួល​បានការ​ងារ ដែល​ខ្លួន​ប្រាថ្នា​ដូច​មនុស្ស​ធម្មតា​នៅឡើយ​។ លោក​ថា កត្តា​នេះ​ដោយសារតែ​មនុស្ស​មួយចំនួន​មិនទាន់​ទទួលស្គាល់​ពី​សមត្ថភាព​របស់​ជនពិការ​។​



​អង្គការ​សកម្មភាព​លើ​យុវវ័យ​ពិការ​ដើម្បី​អភិវឌ្ឍន៍ គឺជា​អង្គការ​មួយ​ដែល​ជួយ​ជំរុញ​យុវជន​ពិការ ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​សង្គម ដើម្បី​ឲ្យ​ពួកគេ​អាច​រកប្រាក់​ចំណូល​បាន​ដោយ​ខ្លួនឯង និង​រស់​ដោយ​សុខដុមរមនា​។ លោក អ៊ាង   ចាន់​ដា​រ៉ា អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ពិការភាព​នៃ​អង្គការ​នេះ បាន​ឲ្យ​ដឹងថា យុវវ័យ​ពិការ​នៅក្នុង​អង្គការ​នេះ មាន​ប្រមាណ​១០០​នាក់ មកពី​ខេត្តកំពត កំពង់ចាម តាកែវ ព្រៃវែង និង​ស្វាយរៀង​។ ពួកគេ មាន​ជំនាញ​សិល្បៈ​ផ្សេងៗ​គ្នា ដូចជា អាច​លេង​ភ្លេងបុរាណ និង​សម័យ ច្រៀង​បុរាណ និង​សម័យ ច្រៀង​អា​យ៉ៃ ចាប៉ី ច្រៀង​ភ្លេង​ការ និង​ទេពកោសល្យ​សិល្បៈ​មួយចំនួនទៀត​។

​លោក ចាន់​ដា​រ៉ា មើលឃើញថា ដ្បិតតែ​ជនពិការ មាន​សមត្ថភាព​ប្រហែល​មនុស្ស​ធម្មតា​ក្ដី តែ មនុស្ស​មួយចំនួន នៅ​មិនទាន់​ឲ្យ​តម្លៃ​សមត្ថភាព​ពួកគាត់​នៅឡើយ​។ លោក ចាន់​ដា​រ៉ា រៀបរាប់​បន្តថា ៖«​កន្លងមក​ខ្ញុំ​ធ្លាប់បាន​ទៅ​ជួប​ក្រុមហ៊ុន​ធំៗ​មួយចំនួន ដើម្បី​ទាក់ទង​ឲ្យ​យុវវ័យ​ពិការ​របស់​យើង បាន​ទៅលេង​ភ្លេង ប៉ុន្តែ​ពួកគាត់​ហាក់ដូចជា​មិនសូវ​អើពើ​។ គាត់​យល់ថា​ជនពិការ មិនមាន​សមត្ថភាព​គ្រប់គ្រាន់ ធ្វើការ​ឲ្យ​គាត់​បានល្អ ទាំង​ដែល​គាត់​មិនទាន់​ទុក​ឱកាស​ឲ្យ​គ្នា​បានធ្វើ​ម្ដង​ផង​»​។​



​លោក យឿ​ង ពិសី តន្ត្រីករ​ភ្លេង​ទាំង​បុរាណ និង​សម័យ ដែល​ខ្សោយ​គំហើញ បាន​ឲ្យ​ដឹងថា លោក ជួប​ការលំបាក​ខ្លះ​ដែរ ពេល​ទៅលេង​ភ្លេង​ម្ដងៗ​។ ការលេង​ភ្លេង ដែល​បាន​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​ពិសី បាន​ប្រសើរ​ជាង​មុន​។ មាន​អាយុ​១៨​ឆ្នាំ  យុវជន យឿ​ង ពិសី បញ្ជាក់​៖«​ខ្ញុំ​មាន​បងប្អូន​៧​នាក់ ហើយ​បងប្រុស​ខ្ញុំ​មួយ​ក៏​ពិការ​ដែរ​។ ពីមុន​ផ្ទះ​ខ្ញុំ​ក្រ តែ​ឥឡូវ​អាច​បាន​ធូរធារ​ខ្លះ ដោយសារ​ការលេង​ភ្លេង​»​។​



​កញ្ញា គង់ ដា​ណែ​ត អាយុ​២០​ឆ្នាំ ក៏​ជា​តន្ត្រីករ​ខ្សោយ​គំហើញ​ដែរ​។  កញ្ញា ចេះ​លេង​ភ្លេងសម័យ និង​ចេះ​ឧបករណ៍​ក្នុង​វង់​ពិណពាទ្យ​ស្ទើរតែ​ទាំងអស់ ដក​តែ​ឧបករណ៍​ស្គរ​។ កញ្ញា ដា​ណែ​ត​ថា ពេល​នាង​ទៅលេង​ភ្លេង​ម្ដងៗ ពិបាក​តែ​ការរៀបចំ​ឧបករណ៍​ភ្លេង ព្រោះ​ត្រូវការ​ឲ្យ​គេ​ជួយ​។ ប្រាក់​ដែល ដា​ណែ​ត​រកបាន​ពី​ការលេង​ភ្លេង នាង​យកទៅ​ផ្គត់ផ្គង់​ការរៀនសូត្រ​របស់​នាង​។ ដា​ណែ​ត បញ្ញា​ក់​៖« ប្រាក់​ដែល​ខ្ញុំ​រកបាន​ពី​ការ​ទៅលេង​ភ្លេង ខ្ញុំ​យកទៅ​ផ្គត់ផ្គង់​ការរៀនសូត្រ​របស់ខ្ញុំ ។ ឪពុកម្ដាយ​របស់ខ្ញុំ​គាត់​ប្រាប់ថា គាត់​មិនមាន​លទ្ធភាព​ជួយ​ខ្ញុំ​ទេ ឲ្យ​ខ្ញុំ​រកប្រាក់​រៀន​ដោយ​ខ្លួនឯង​»​។​



​កញ្ញា នូ វ​ណ្ណី ប្រធាន​គ្រប់គ្រង​ផ្នែក​តន្ត្រី នៅ​អង្គការ​សកម្មភាព​លើ​យុវវ័យ​ពិការ​ដើម្បី​អភិវឌ្ឍន៍​បាន​និយាយថា ជនពិការ​មាន​ផលវិបាក​មួយចំនួន​នៅពេល​ទៅលេង​ភ្លេង ព្រោះ​ពួកគេ​មិនអាច​លើកដាក់​ឧបករណ៍​ភ្លេង​ដែលមាន​ទម្ងន់​ធ្ងន់​ដោយ​ខ្លួនឯង ហើយ​អ្នក​ពិការភ្នែក ក៏ត្រូវ​មាន​អ្នក​ដឹក​ដៃ​ដែរ​។ កញ្ញា នូ វ​ណ្ណី បញ្ជាក់ថា កន្លងមក​អង្គការ បាន​ចូលរួម​សកម្មភាព​ជាមួយ​អង្គកា​រ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​ពិការភាព និង​ជាមួយ​ក្រុមយុវជន ដើម្បី​លើកកម្ពស់​ជនពិការ​។



​លោក ចាន់​ដា​រ៉ា ឲ្យ​ដឹងថា​អង្គការ​សកម្មភាព​លើ​យុវវ័យ​ពិការ​ដើម្បី​អភិវឌ្ឍន៍ បាន​ជួយ​លើ​ការរក​កម្មវិធី​ឲ្យ​យុវជន​ពិការ​សម្ដែង ផ្ដល់​អាហារូបករណ៍ ការ​ស្នាក់នៅ ការហូបចុក សៀវភៅ និង​សម្លៀកបំពាក់​ជាដើម ដោយ​ក្នុង​មួយឆ្នាំ​ចំណាយ​ប្រមាណ​៥ ទៅ ៦​ពាន់​ដុល្លារ​អាមេរិក​។ ចំណែកឯ ប្រាក់​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​ក្នុង​អង្គការ ភាគច្រើន​គឺ​បានការ​សម្តែង​តាម​កម្មវិធី​នានា​របស់​យុវជន​ពី​ការ​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ចាន់​ដា​រ៉ា ដែល​បាន​បន្ត​ដោយ​សំណូមពរ​ដល់​សាធារណជន ជួយ​គាំទ្រ​សមត្ថភាព​របស់​ជនពិកា​រ ដោយ​ការផ្តល់​ឱកាស​ការងារ ឬ​ទទួល​ពួកគាត់​ទៅលេង​ភ្លេង​ក្នុង​កម្មវិធី​នានា​ជាដើម​៕


Tag:
 ពិការភាព​
© រក្សាសិទ្ធិដោយ thmeythmey.com