ជាតិ
សន្តិសុខឯកជន ក៏ជាផ្នែកមួយក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមផងដែរ
× ភ្នំពេញ៖ សន្តិសុខឯកជន គឺជាវិស័យដ៏សំខាន់មួយដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូនប្រជាពលរដ្ឋ។ នេះបើតាមការថ្លែងរបស់លោក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅក្នុងពិធី«បិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៣» នៅថ្ងៃទី២៧ ខែមេសា លោក លឹម សុខារស្មី បានអះអាងថា ភ្នាក់ងារសន្តិសុខឯកជន មិនត្រឹមតែ រួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប៉ុណ្ណោះទេ តែពួកគេជាកម្លាំងជំនួយ ដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ចផងដែរ ខណៈកងកម្លាំងសមត្ថកិច្ចមិនបានដាក់គ្រប់ទីកន្លែង។
លោក លឹម សុខារស្មី បានថ្លែងក្នុងកម្មវិធី ដែលមានការចូលរួមពី តំណាងក្រុមហ៊ុនសន្តិសុខឯកជន ជិត២០០នាក់នេះ ថា ក្រុមហ៊ុនសន្តិសុខទាំងអស់ ត្រូវតែជ្រាបគ្រប់គ្នាថា សន្តិសុខឯកជនពុំមានតួនាទីត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាសគ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារសាធារណៈសន្តិសុខសង្គម និងអាយុជីវិត របស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជាកម្លាំងជំនួយដ៏សំខាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច។
ជាក់ស្តែងកាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជននេះឡើង គឺដើម្បីគ្រប់គ្រង គាំពារសហការ និងផ្តល់និត្យានុកូលភាពដល់ក្រុមហ៊ុនផ្តល់សេវា សន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលប្រើប្រាស់សន្តិសុខឯកជនទូទាំងប្រទេសកម្ពុជា ។
© រក្សាសិទ្ធិដោយ thmeythmey.com