ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ មានតែ​បក្ស​សង្គ្រោះ​ជាតិ​ទេ ទើប​អាច​ផ្លាស់ប្តូរ​បាន ឯ​បក្ស​ដទៃ មិនអាច​ឡើយ​
29, Apr 2018 , 2:37 pm        
រូបភាព
រូបពីហ្វេសបុករបស់លោក សម រង្ស៊ី
រូបពីហ្វេសបុករបស់លោក សម រង្ស៊ី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជាថ្មី​ម្តងទៀត លោក សម រង្ស៊ី បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ទាំងអស់ បើ​អវត្តមាន​របស់​អតីតគណបក្ស​សង្គ្រោះ​ជាតិ​។ តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែមាន​សុទិដ្ឋិនិយម​ខ្ពស់​ថា ប្រជាជន​ភាគច្រើន នឹង​ទៅ​ចូលរួម​ក្នុងការ​បោះឆ្នោត ទោះជា​បាត់​គណបក្ស​ណាមួយ​ក៏ដោយ​។



​ក្រៅពីអតីត​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ដទៃ មិនមាន​លទ្ធភាព ដើម្បី​ផ្លាស់ប្តូរ​ឬ​យកឈ្នះ​គណបក្សកាន់អំណាច តាមរយៈ​ការបោះឆ្នោត​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​។

​អតីត​មេគណបក្ស​ប្រឆាំង​រូបនេះ ថែមទាំងហៅ​ការចូលរួម​ក្នុងការ​បោះឆ្នោត​របស់​គ​ណ​បក្ស​ដទៃ​ថា គ្រាន់តែ​ដើម្បី​លម្អ​ឆាកល្ខោន​ឲ្យ​របប​ដឹកនាំ​សព្វថ្ងៃ បាន​បន្ត​កាន់អំណាច​ប៉ុណ្ណោះ​។ លោក បាន​លើ​កត​ម្កើ​ងអតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ការដឹកនាំ​របស់​លោក និង​លោក កឹម សុខា ថា ជា​គណបក្ស​តែមួយគត់ ដែល​ប្រកាន់​ជំហរ​រឹងមាំ និង​គួរ​ឲ្យ​ទុកចិត្តបាន ក្នុងការ​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​តាម​បែបបទ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​តាមរយៈ​ការ​បង្ហោះ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពី​ក្រៅប្រទេស នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ លោក សម រង្ស៊ី បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គ្មាន​គណបក្ស​ណា អាច​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ បានទេ​។ ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច បំបែក​មិន​បែក​»​។

​លើសពីនេះ សម រង្ស៊ី ចាត់ទុកថា បើ​អវត្តមាន​របស់​អតីតគណបក្ស​សង្គ្រោះ​ជាតិ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ​។ លោក បាន​អំពាវនាវ​សាជាថ្មី​យ៉ាង​ដូច្នេះ​ថា​៖«​សូម​បងប្អូន​ជនរួមជាតិ​ធ្វើពហិការ កុំទៅ​បោះឆ្នោត​ឲ្យ​សោះ បើ​រដ្ឋអំណាច​សព្វថ្ងៃ មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មានឈ្មោះ​ក្នុងការ​បោះឆ្នោត​ខាងមុខ​។ [….] បើ​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​លើសលុប មិន​ទៅ​បោះឆ្នោត យើង​នឹង​រួមចំណែក​ទាំងអស់គ្នា ដើម្បី​ដក​ភាពស្របច្បាប់​ពី​ការបោះឆ្នោត​ក្លែងក្លាយ​ខាងមុខ [....]​។ មានតែ​ជំហរ​និង​កាយវិការ​បែបនេះ​ទេ ដែល​អាច​នាំមក​នូវ​ការផ្លាស់ប្តូរ ហើយ​ឆ្ពោះទៅរក​សេរីភាព និង​យុត្តិធម៌ ដូចដែល​យើង​ចង់បាន​ទាំងអស់់គ្នា​»​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើងថា គណបក្ស​ជាច្រើន នឹងដាក់​បេក្ខជន​និង​ចុះឈ្មោះ​នៅ​គណៈកម្មាធិការ​ជាតិ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​។ ផ្ទុយ​ពី​លោក សម រង្ស៊ី អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បាន​អះអាងថា ប្រជាជន​កម្ពុជា ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជាង ៨៤​ភាគរយ នឹង​ទៅ​បោះឆ្នោត​តាម​កាលបរិច្ឆេទ​។​

​បន្ទាប់មក លោក ក៏​បង្អាប់​គណបក្ស​ដទៃ ដែល​ប្រកាស​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​ថា​ដោយសារតែ មិនមាន​ថវិកា និង​ធនធានមនុស្ស​គ្រប់គ្រាន់​។ លោក បានសរសេរសារបែបចំអក ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ ​យ៉ាង​ដូច្នេះ​ថា​៖« [គណបក្ស​ទាំងនោះ​] មិន​ហ៊ាន​និយាយថា​ខ្លួន​ខ្វះ​លទ្ធភាព និង​សមត្ថភាព ព្រោះ​ខ្លាច​គេ​ថា​អន់ ហើយ​បែរជា​មក​និយាយថា គ​.​ជ​.​ប​. មិន​ឯករាជ្យ តុលា​ការមិន​យុត្តិធម៌ និង​អាជ្ញាធរ​លម្អៀង ទៅវិញ​។ នេះ​មិន​ខុសពី​ពាក្យចាស់ ដែល​ពោលថា ជាង​មិនកើត មក​បន្ទោ​សដែក​»​។​

​មាន​គណបក្ស​មួយ​ហើយ គឺ​គណបក្ស​អំណាច​ខ្មែរ​របស់លោក សួង សុ​ភ័​ណ្ឌ ដែល​ប្រកាសថា​នឹងមិន​ចូលរួម​ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ​។ គណបក្ស​អំណ​ច​ខ្មែរ លើក​ហេតុផល​ថា ការសម្រេចចិត្ត​បែបនេះ គឺ​ដោយសារតែ​មិនមាន​ជំនឿ​លើគ​.​ជ​.​ប​.​។​

​ចាប់ពី​ថ្ងៃទី​៣០ ខែមេសា​នេះ​ទៅ ការចុះឈ្មោះ​គណបក្ស​នៅ​គ​.​ជ​.​ប​. ដើម្បី​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត នឹង​ចាប់ផ្តើម​ហើយ ហើយ​ត្រូវ​បិទ​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។ អ្នកនាំពាក្យ​គ​.​ជ​.​ប​. បានបញ្ជាក់​កន្លងមក​ថា តាមច្បាប់ គណបក្ស​ណា មិន​ចុះឈ្មោះ គឺ​ស្មើនឹង​គណបក្ស​នោះ មិនបាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​៕ 


Tag:
 បោះឆ្នោត​
  សម រង្ស៊ី​
  សុខ ឥសាន​
© រក្សាសិទ្ធិដោយ thmeythmey.com