ជាតិ
សិស្ស​ថ្នាក់​ទី​១១​ពីររូប បង្កើត​ប្រព័ន្ធ​ស្រោចស្រព​ដោយ​ស្វ័យប្រវត្តិ​
30, Apr 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ យុវ​សិស្ស អៀង វណ្ណ​វាសនា និង រ៉ៃ ច័ន្ទ​ឧត្ដម បាន​ស្រាវជ្រាវ​បច្ចេកវិទ្យា ប្រព័ន្ធ​ស្រោចស្រព​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ដាក់​ក្នុង​កសិដ្ឋាន​ធំ​តូច ដី​កសិកម្ម សួន​ដំណាំ និង​សួនផ្កា​ជាដើម​។ ប្រព័ន្ធ​នេះ អាចជួយ​កសិករ​ដែល​មិនសូវមាន​ពេល​ស្រោច​ដំណាំ​។ ប្រព័ន្ធ​ស្រោចស្រព​ដោយ​ស្វ័យប្រវត្តិ​នេះ នឹង​ចាប់យក​ទិន្នន័យ​ពី​ដី​ពេល​ស្ងួត ឬ​សើម រួច​វា​នឹង​បិទ ឬ​បើកទឹក​ដោយ​ខ្លួនឯង​។



​សិស្ស រ៉ៃ ច័ន្ទ​ឧ​ត្ត​ម រៀន​ថ្នាក់​ទី​១១ នៃ​សាលារៀន​ជំនាន់​ថ្មី​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ បានឱ្យដឹងថា ប្រព័ន្ធ​ស្រោចស្រព​ដោយ​ស្វ័យប្រវត្តិ​នេះ អាចជួយ​សម្រួល​ដល់ក​សិ​ករ​មាន​កសិដ្ឋាន ដី​កសិកម្ម ដែល​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ស្រោច​ដំណាំ​។ ប្រព័ន្ធ​នេះ វា​នឹង​ចាប់យក​សំណើម​ពី​ក្នុង​ដី ហើយ​ប្រសិនបើ​ដី​ស្ងួត​ដែល​ប្រព័ន្ធ​នេះ​បានកំណត់ នោះ​វា​នឹង​បើកទឹក​ដោយ​ខ្លួនឯង​។ តែបើ​ដី​នោះ​សើម​ដល់​កម្រិត​មួយ ដែល​ប្រព័ន្ធ​នេះ​បានកំណត់​វិញ នោះ​វា​នឹង​បិទ​ទឹក​ដោយ​ខ្លួនឯង​ដែរ​។ ច័ន្ទ​ឧត្ដម បញ្ញា​ក់​៖« យើង​បាន​សរសេរ​កូដ​កំណត់​កម្រិត​ចាប់​ទិន្នន័យ​សំណើម​ក្នុង​ដី អ៊ីចឹង​បើ​ដី​នោះ​សើម​ក្នុង​កម្រិត​មួយ ដែល​យើង​បានកំណត់ វា​នឹង​បិទ​ទឹក​ដោយ​ខ្លួនឯង​។ ហើយ​យើង​សរសេរ​កូដ​វាស់ សំណើម​សម្រាប់​ដី​ស្ងួត ក្នុង​កម្រិត​មួយ ដែល​រុក្ខជាតិ​មិនអាច​ស្រូបយក​ទឹក​មក​ចិញ្ចឹម​ខ្លួន​វា​បាន វា​នឹង​បើកទឹក​ដោយ​ខ្លួនឯង​ដែរ​»​។​



​សមាជិក​ក្រុម​មួយរូប​ទៀត អៀង វណ្ណ​វាសនា វ័យ​១៦​ឆ្នាំ បាន​និយាយថា ការស្រាវជ្រាវ​នេះ​ប្រើពេល​ពីរ​សប្ដាហ៍​។ វាសនា ថា​ប្រព័ន្ធ​នេះ អ្នកប្រើប្រាស់​អាចដាក់​ឱ្យ​វា​បិទ​-​បើក​ដោយ​ស្វ័យប្រវត្តិ​ក៏បាន ឬ​ចង់​បញ្ជា​វា​ដោយផ្ទាល់​ក៏បាន​។ ជា​ជំ​ហ៊ាន​បន្ទាប់ ក្រុម​របស់​វាសនា នឹង​បន្ត​ស្រាវជ្រាវ​បន្ថែម​ដោយ​ដាក់​ភ្លើង ដើម្បីឱ្យ​ដំណឹង​នៅពេល​ដី​ត្រូវការ​ទឹក ឬ​មិន​ត្រូវការ​ទឹក និង​ដាក់ពាក្យ «​ឆ្អែត​, ឃ្លាន​»(Full, Hungry) ដោយ​បញ្ជា​តាម​ទូរស័ព្ទដៃ​។ វណ្ណ​វាសនា បញ្ជាក់​៖«​ជា​ជំហាន​បន្ទាប់​ពួកយើង​នឹង​ស្រាវជ្រាវ​បន្ថែម ដោយ​ដាក់​ភ្លើង​ឱ្យ​វា​លោត ពណ៌​ខៀវ​បញ្ជាក់ថា​វា​ស្អែ​ត ហើយ​ពណ៌​លឿង​បញ្ជាក់ថា​វា​ត្រូវការ​ទឹក និង​ដាក់ពាក្យ ឆ្អែត ឬ ឃ្លាន (Full, Hungry) ដោយ​ភ្ជាប់​ទៅក្នុង​ទូរស័ព្ទដៃ​»​។​



​ការស្រាវជ្រាវ​ប្រព័ន្ធ​ស្រោចស្រព​ដោយ​ស្វ័យប្រវត្តិ​នេះ ក៏​ជា​ជ័យលាភី​១​ក្នុងចំណោម​ជ័យលាភី​៦​ក្រុម ដែល​ត្រូវ​ទៅ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​Asean Student Science Project Competition 2018(ASPC) នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​២១ ដល់​២៧ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​ផងដែរ​៕





Tag:
 គំនិត​ច្នៃប្រឌិត​
 ​បច្ចេកវិទ្យា​
 ​កសិកម្ម​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com