ជាតិ
អង្គការ​មួយ រៀបចំ​សិក្ខាសាលា ដើម្បី​លើកទឹកចិត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ដំណើរការ​បោះឆ្នោត​
29, Apr 2018 , 4:56 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ACT) បានរៀបចំ​សិក្ខាសាលា​ស្ដីពី​ការលើកទឹកចិត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​ផ្ដល់ព័ត៌មាន ពី​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨​។ សិក្ខាសាលា​នេះ មានការ​ចូលរួម​សិស្ស​និស្សិត អ្នកសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ និង​តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​។



​សិក្ខាសាលា​ខាងលើ រៀបចំ​ដើម្បី​ចែករំលែក​ចំណេះដឹង ទាក់ទង​នឹង​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងការ​ផ្ដល់ព័ត៌មាន ពី​ដំណើរការ​បោះឆ្នោត​ប្រកបដោយ​ភាព ត្រឹមត្រូវ និង​យុត្តិធម៌​។ វាគ្មិន ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ គឺ​មកពី​ស្ថាប័ន​គ​.​ជ​.​ប​. ក្រសួង​ព័ត៌មាន និង​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​ទៀត​។​

​កញ្ញា ស្រី សុធាវី នាយិកា​អង្គការ ACT បាន​លើកឡើងថា សិក្ខាសាលា​នេះ នឹង​ជួយ​កសាង​ទំនាក់ទំនង​របស់​អ្នកសារព័ត៌មាន និង​បុគ្គលិក​ការងារ​ផ្សេងៗ ពិសេស​រួមចំណែក​ក្នុង​ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ​នាពេលខាងមុខ ប្រកបដោយ​ភាពត្រឹមត្រូវ និង​យុត្តិធម៌​។

​លោក ខន កែវ​មនោ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​របស់​គ​.​ជ​.​ប​. បាន​លើកឡើងថា គ​.​ជ​.​ប​. បាន​លើកទឹកចិត្ត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ពី​ដំណើរការ​បោះឆ្នោត​។ លោក បន្ថែមថា ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ដំណើរការ​បោះឆ្នោត​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ទទួលបាន​ព័ត៌មាន​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​នៃ​ការបោះឆ្នោត​។

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨៕


Tag:
 បោះឆ្នោត​
  ខន កែវ​មនោ​
  ACT
  ស្រី សុធាវី
© រក្សាសិទ្ធិដោយ thmeythmey.com