ជាតិ
អាជ្ញាធរក្រុងសៀមរាបនឹងចុះទប់ស្កាត់ការលក់ដូរនៅលើផ្លូវព្រះរាជដំណាក់នៅថ្ងៃស្អែក
× សៀមរាប៖ ការលក់ដូរនៅលើផ្លូវមុខទីសក្ការៈព្រះអង្គចេកព្រះអង្គចមនាពេលកន្លងមក មានការរិះគន់ថា បានបង្កនូវភាពអនាធិបតេយ្យ និងគ្មានសណ្ដាប់ធ្នាប់។ មានការលើកឡើងថា អាជីវករលក់ដូរវត្ថុអនុស្សាវរីយ៍ អាវ កន្សែង ក្រមា ភេសជ្ជៈទាំងនោះ បានចូលមកលក់នៅតំបន់សួនច្បារព្រះរាជដំណាក់ ឬខាងមុខឈៀងខាងជើងព្រះអង្គចេកព្រះអង្គចម ក្នុងអំឡុងពេលចូលឆ្នាំមកម្ល៉េះ ហើយពួកគេនៅបន្ដលក់រហូតមកដល់ពេលនេះ។
អាជ្ញាធរខេត្តសៀមរាប នឹងចុះទៅទប់ស្កាត់ការលក់ដូរ របស់ក្រុមអាជីវករចល័ត នៅសួនច្បារព្រះរាជដំណាក់ នៅព្រឹកថ្ងៃទី២ ខែឧសភា។ ការងារនេះ គឺដើម្បីទប់ស្កាត់ការលក់ដូរ ដែលរដ្ឋបាលក្រុងសៀមរាបអះអាងថា បានបង្កភាពរញ៉េរញ៉ៃជាច្រើនដល់ភ្ញៀវទេសចរ។
លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងរបស់លោក នឹងចុះទៅទប់ស្កាត់ការលក់ដូរនៅសួនច្បារព្រះរាជដំណាក់ នៅព្រលឹមថ្ងៃទី២ ឧសភា ដើម្បីរៀបចំឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ នៅទីតាំងទីសក្ការៈបូជា ដែលមានសាធារណជនចេញចូលច្រើននេះ។ ម្យ៉ាទៀត ទីតាំងនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសទេសចរជនជាតិចិន ចេញចូលទស្សនាព្រះរាជដំណាក់ រួមនឹងទីសក្ការៈបូជា ព្រះអង្គចេកព្រះអង្គចមចេញផងដែរ។ នេះជាការពន្យល់របស់ លោក ប្លាតុង រួមបន្ថែមទៀតថា៖«តំបន់ខាងលើជាបេះដូងនៃក្រុងសៀមរាប ដូច្នេះទីនោះមិនគួរមានការលក់ដូរពេញផ្លូវដូច្នោះទេ»។
តាមលោកអភិបាលក្រុងសៀមរាប អាជីវករទាំងនោះបានចូលមកលក់នៅតំបន់ខាងលើ ក្នុងអំឡុងពេលចូលឆ្នាំ ហើយពួកគេនៅបន្តលក់រហូតមកដល់សព្វថ្ងៃ។ លើសពីនេះ ពួកគេបានពង្រីកការលក់ដូររបស់ខ្លួនច្រើនលើសដើម ដែលនេះជាក្ដីបារម្ភរបស់អាជ្ញាធរ ដែលថាចំនួនអាជីវករនឹងអាចកើនឡើង បើគ្មានការទប់ស្កាត់ និងគ្រប់គ្រងបានត្រឹមត្រូវ។ តាមលោក សូរ ប្លាតុង អាជីវករដែលកំពុងលក់ទាំងអស់ សរុបមានជិត១០០នាក់។
គួររម្លឹកថា កន្លងមកក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ធ្លាប់បានលើកឡើងពីបញ្ហាខាងលើ ដោយពួកគេស្នើឱ្យមាការលក់ដូរនៅកន្លែងត្រឹមត្រូវ ជៀសវាងការចោមរោមភ្ញៀវឱ្យជួយទិញ ដែលការណ៍នេះ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ៕
Tag:
សូរ ប្លាតុង
សៀមរាប
ព្រះអង្គចេកព្រះអង្គចម
ទីសក្ការៈ
ព្រះរាជដំណាក់
© រក្សាសិទ្ធិដោយ thmeythmey.com