ជាតិ
​​​ន​យោ​បាយ​ជាតិ​
រ៉ូ​ណា ស្មី​ត​៖ មិនមែនជា​ការបោះឆ្នោត​ពិតប្រាកដ​ទេ បើ​គ្មាន​បក្សប្រឆាំង
01, May 2018 , 3:56 pm        
រូបភាព
លោក កឹម សុខា ជួបលោកស្រី រ៉ូណា ស្មីត កាលពីអំឡុងខែតុលា ឆ្នាំ២0១៦។ រូបពីទំព័រហ្វេសបុក Cambodian National Rescue Party
លោក កឹម សុខា ជួបលោកស្រី រ៉ូណា ស្មីត កាលពីអំឡុងខែតុលា ឆ្នាំ២0១៦។ រូបពីទំព័រហ្វេសបុក Cambodian National Rescue Party
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ យល់ថា ការបោះឆ្នោត មិនអាច​យក​ជា​ការបានទេ ប្រសិនបើ​បក្សប្រឆាំង ត្រូវបាន​ផាត់​ចេញ​។ អ្នកនាំពាក្យ​គ​.​ជ​.​ប​. ឆ្លើយតប​ថា ការយល់ឃើញ​បែបនេះ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​ឡើយ​។ ឯ​មន្ត្រី​បក្ស​កាន់អំណាច អះអាងថា ការបោះឆ្នោត នឹងត្រូវ​រៀបចំឡើង​តាមច្បាប់ និង​គោលការណ៍​ប្រជាធិបតេយ្យ​។



​ខណៈ​គណបក្សកាន់អំណាច និង​គណបក្ស​នានា​នៅ​កម្ពុជា កំពុង​សម្រុក​យកពាក្យ​ទៅ​ដា​ក់នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​នាពេលខាងមុខ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨   ដោយ​សំដៅ​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជា​។

​ខ្លឹមសារ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន បានបង្ហាញ​យ៉ាងច្បាស់​ពី​បំណង​របស់​លោកស្រី ដែល​ចង់​ឲ្យ​ការបោះឆ្នោត មាន​វត្តមាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​។ លោកស្រី រ៉ូ​ណា ស្មី​ត ដែល​ធ្លាប់​មក​កម្ពុជា​ចំនួន​៥​លើក ដើម្បី​តាមដាន​ស្ថាន​ការ​នយោបាយ និង​បញ្ហា​សិទ្ធិមនុស្ស បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«​ការបោះឆ្នោត មិនអាច​ក្លាយជា​ការបោះឆ្នោត​ពិតប្រាកដ​បានទេ ប្រសិនបើ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួម​»​។

​លោកស្រី ថែមទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​បើក​សិទ្ធិ​ឲ្យ​ថ្នាក់ដឹកនាំ​ទាំង​១១៨​រូប​នៃ​គណបក្សប្រឆាំង​ឡើងវិញ ដើម្បី​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​។  លោកស្រី យល់ថា លក្ខខណ្ឌ​ខាងលើ​ដែល​លោកស្រី​ស្នើឡើង គឺអាច​ធានា​ឲ្យ​មាន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ចូលរួម​បោះឆ្នោត​។ 

​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​រូបនេះ បន្ថែម​ចុងក្រោយ​ថា រដ្ឋាភិបាល​កម្ពុជា នៅមាន​ឱកាស ដើម្បី​ងាក​ទៅរក​គន្លង​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​មួយ ដែល​គណបក្ស​ទាំងអស់ បាន​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​. បាន​ហៅ​ការលើកឡើង​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត ថា​មិន​ស្របតាម​ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋ​ភាពជាក់ស្តែង​នៅ​កម្ពុជា​។ លោក បកស្រាយ​ថា គ​.​ជ​.​ប​. ត្រូវតែ​រៀបចំ​ការបោះឆ្នោត​តាម​ការកំណត់​របស់​ច្បាប់ ដោយ​មិន​គិតថា​មាន​គណបក្សប្រឆាំង ឬ​គ្មាន​នោះទេ​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប​. បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ បែបនេះ​ថា​៖«​ការលើកឡើង​របស់លោក​ស្រី គ្រាន់តែ​ជា​យោបល់​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ គេ​យល់​យ៉ាងម៉េច គឺជា​រឿង​របស់គេ​។ តែ​គ​.​ជ​.​ប​. នៅតែ​ខិតខំ​បំពេញ​តួនាទី​របស់ខ្លួន ឲ្យ​ស្របតាម​ច្បាប់​»​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់បាន​ឆ្លើយតប​នឹង​លោកស្រី រ៉ូ​ណា ស្មី​ត ឡើយ​។ ប៉ុន្តែ លោក​បានលើកឡើង​ជាច្រើន​លើក​ច្រើនសា ជុំវិញ​ការបោះឆ្នោត​នៅ​កម្ពុជា​។

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច អះអាងថា ការបោះឆ្នោត នឹងមិន​មាន​អតីត​គណបក្សប្រឆាំង​ជាដាច់ខាត​។ ប៉ុន្តែ​លោក មាន​សុទិដ្ឋិនិយម​យ៉ាងខ្ពស់​ថា ប្រជាជន​កម្ពុ​ជាជាង ៨៤​ភាគរយ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត  នឹង​ទៅ​បោះឆ្នោត​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច​ខាងលើ បាន​សរសេរ​សារ​ទៅកាន់​ក្រុមអ្នកកាសែត​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨​នេះ យ៉ាង​ដូច្នេះ​ថា​៖«​ដំណើរការ​បោះឆ្នោត និង​ការបោះឆ្នោត គឺ​ស្របទៅតាម​គោល​ការ​ណ៏​ច្បាប់ និង​ប្រជាធិបតេយ្យ ដោយ​មិន​អាស្រ័យ​លើ​អតីត​គណបក្សប្រឆាំង និង​អ្នកវិភាគ និយាយថា​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​នោះទេ​»​។

​មកដល់ពេលនេះ គណបក្ស​ប្រជាន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល និង​គណបក្ស​មួយចំនួន បាន​យកពាក្យ​ទៅ​ដា​ក់នៅ​គ​.​ជ​.​ប​. រួចហើយ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ឯ​គណបក្ស​ផ្សេងទៀត កំពុងតែ​រៀបចំ​ឯកសារ ដើម្បី​ត្រៀម​ដាក់ពាក្យ​ទៅ​គ​.​ជ​.​ប​.​។

​ការបោះឆ្នោត​នៅ​កម្ពុជា កំពុងស្ថិត​ក្នុង​ការយល់ឃើញ​ផ្ទុយគ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ​។ ប្រទេស​មួយចំនួន ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម ចាត់ទុក​ការបោះឆ្នោត​នៅ​កម្ពុជា ថា​មិន​ប្រព្រឹត្ត​ទៅតាម​គន្លង​ប្រជាធិបតេយ្យ និង​មិនមាន​ភាពស្របច្បាប់​ឡើយ ប្រសិនបើ​បាត់​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះ នៅតែ​ត្រូវបាន​បិទ​សិទ្ធិ​នយោបាយ​។

​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្សកាន់អំណាច នៅតែ​ប្រកាន់​ជំហរ​ថា ការបោះឆ្នោត នឹង​ដំណើរការ​ជា​ប្រក្រតី ដោយ​មិន​ខ្វល់​ពី​ការទទួលស្គាល់​ឬ​មិន​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​ឡើយ​។ ចំណែក​ករណី​ក្រុមប្រឆាំង ក៏​ត្រូវបាន​រដ្ឋាភិបាល លើក​ឡើងជា​ញឹកញាប់​ដែរ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ខ្លួនឯង ដូច្នេះ​មិនអាច​លើកលែង​ឲ្យ​បាន​នោះទេ​៕


Tag:
 បោះឆ្នោត​
  រ៉ូ​ណា ស្មី​ត​
  ហង្ស ពុទ្ធា​
  សុខ ឥសាន​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com