ជាតិ
លែងមានហើយការលក់ដូរអនាធិបតេយ្យនៅសួនច្បារព្រះរាជដំណាក់
× សៀមរាប៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២ ខែឧសភានេះ អាជ្ញាធរបានចុះទប់ស្កាត់ និងរៀបចំនៅសួនច្បារព្រះរាជដំណាក់ ដោយលែងឱ្យមានការលក់ដូរបែបអនាធិបតេយ្យតទៅទៀតហើយ។ ការងារនេះ ទទួលបានការអបអរពីសាធារណជនផងដែរ ដោយពួកគេបានគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរ បំណងទប់ស្កាត់ការលក់ដូរនៅលើដងផ្លូវសាធារណ។
នៅព្រឹកព្រលឹមថ្ងៃទី២ ខែឧសភានេះ កម្លាំងរបស់រដ្ឋបាលក្រុងសៀមរាប ដែលដឹកនាំដោយលោក សូរ ប្លាតុង បានចុះទៅទប់ស្កាត់ និងរៀបចំកន្លែងលក់ដូរអនាធិបតេយ្យនៅសួនច្បារព្រះរាជដំណាក់ ដោយបញ្ឈប់មិនឱ្យមានការលក់ដូរតទៅទៀត។ កន្លងមក អាជីវករមកពីកន្លែងផ្សេងគ្នាប្រមាណជិត១០០នាក់ បានមកក្រាលកន្ទេលលក់ដូរនៅចិញ្ចើមផ្លូវសួនច្បារព្រះរាជដំណាក់ ដែលធ្វើឱ្យតំបន់នេះ ខ្វះសណ្ដាប់ធ្នាប់អនាម័យ និងបង្កការរំខានដល់ភ្ញៀវទេសចរផងដែរ។
អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងរៀបចំសណ្ដាប់ធ្នាប់នៅព្រឹកមិញថា សួនព្រះរាជដំណាក់ជាកន្លែងទេសចរណ៍ដ៏មមាញឹករបស់ភ្ញៀវទេសចរ ដូចជាការទស្សនាសត្វជ្រឹង ព្រះរាជដំណាក់ និងទីសក្ការៈព្រះអង្គចេកព្រះអង្គចម ដូច្នេះការលក់ដូររបស់អាជីវករនៅទីនោះ ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ដល់ការទស្សនារបស់ទេសចរទាំងនោះ។
លោក សូរ ប្លាតុងរម្លឹកថា នៅអំឡុងពេលចូលឆ្នាំ អាជីវករប្រមាណ១០០នាក់ បានចូលមកលក់នៅសួនច្បារព្រះរាជដំណាក់ ដោយសារឃើញភ្ញៀវទេសចរជាតិ និងអន្ដរជាតិចេញចូលច្រើន ហើយពួកគេបានឆ្លៀតលក់រហូតមក ដោយមិនព្រមរើចេញឡើយ។ ឃើញភាពមិនប្រក្រតីបែបនេះ និងដោយមានការណែនាំពីរដ្ឋបាលខេត្តសៀមរាប សាលាក្រុងសៀមរាប ដោយមានការចូលរួមពីកម្លាំងស្នងការផងនោះ បានចេញសេចក្តីជូនដំណឹង និងបានចុះមកអនុវត្តន៍ហាមមិនឱ្យមានការលក់ដូរនៅសួនច្បារព្រះរាជដំណាក់។
យ៉ាងណាក៏ដោយ លោកអភិបាលក្រុងថ្លែងថា អាជីវករទាំងអស់បានចូលរួម និងសហការព្រមរុះរើកន្លែងលក់ដូរពួកគេ ក្នុងន័យដើម្បីចូលរួមលើកសោភ័ណភាពក្រុង និងដើម្បីការពារកន្លែងបេតិកភណ្ឌជាតិផងដែរ។
ដូចគ្នានេះដែរ លោក សូរ ប្លាតុង បានអំពាវនាវឱ្យអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាបរិស្ថាន ហើយកុំប្រើប្រាស់កន្លែងហាមឃាត់នានាដើម្បីលក់ដូរ ដែលវាបង្កឱ្យមានភាពអសណ្ដាប់ធ្នាប់ និងគ្មានអនាម័យដល់កន្លែងទាំងនោះ។
លោក ហាស់ វាសនា ដែលប្រើប្រាស់សួនព្រះរាជដំណាក់ជាកន្លែងហាត់ប្រាណពេលព្រឹក បានសម្ដែងអារម្មណ៍រីករាយចំពោះចំណាត់ការរៀបចំរបស់រដ្ឋបាលក្រុងសៀមរាប។ លោកថា កន្លងមកទីនេះមានភាពរញ៉េរញ៉ៃ ហើយប៉ះពាល់ដល់អារម្មណ៍ភ្ញៀវផងដែរ។ លោកបន្ថែមថា ប្រសិនបើអាចទៅរួច អាជ្ញាធរគួររៀបចំសួនព្រះរាជដំណាក់នេះ ទៅជាកន្លែងសួនច្បារដ៏ល្អមួយដូចការរៀបចំនៅផ្នែកខាងកើតជាប់មាត់ស្ទឹងសៀមរាប សម្រាប់ជាកន្លែងសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាសាធារណជនបានកម្សាន្ត និងហាត់កីឡាផង។ លោក វាសនា ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមសម្អាតអនាម័យទាំងអស់គ្នា ដើម្បីលើកសោភ័ណភាពក្រុងសៀមរាបឱ្យកាន់តែប្រសើរឡើង ស័ក្ដិសមជាទីក្រុងទេសចរណ៍លេខមួយរបស់កម្ពុជា៕
Tag:
សួនច្បារព្រះរាជដំណាក់
© រក្សាសិទ្ធិដោយ thmeythmey.com