សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន​និង​អាមេរិក​ជួបគ្នា​និយាយ​រឿង​ទំនាស់​ពាណិជ្ជកម្ម​
03, May 2018 , 2:45 pm        
រូបភាព
រដ្ឋមន្រ្តីរតនាគារអាមេរិក Steven Mnuchin ពេលទៅដល់ក្រុងប៉េកាំង (រូបភាព AFP)
រដ្ឋមន្រ្តីរតនាគារអាមេរិក Steven Mnuchin ពេលទៅដល់ក្រុងប៉េកាំង (រូបភាព AFP)
​នៅ​ថ្ងៃទី​៣ ខែមេសា ប្រតិភូ​អាមេរិក​មួយក្រុម​បាន​ទៅដល់​រដ្ឋធានី​ប៉េកាំង ដើម្បី​ចរចា​ជាមួយ​ភាគី​ចិន​ជុំវិញ​បញ្ហា​ខ្វែងគំនិត​គ្នា​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដែល​ឈានដល់​ការដំឡើង​ពន្ធ​លើ​ផលិតផល​គ្នា​ទៅវិញទៅមក​។ អាមេរិក​នឹង​បញ្ចុះបញ្ចូល​ឲ្យ​ចិន​កែប្រែ​នយោបាយ​សេដ្ឋកិច្ច​របស់ខ្លួន​មួយចំនួន ដែល​អាមេរិក​ចោទថា បាន​កេងចំណេញ​ផលប្រយោជន៍​ពី​ខ្លួន​។ យ៉ាងណាមិញ នេះ​ជា​រឿង​ពិបាក​សម្រាប់​អាមេរិក ខណៈ​ចិន​នឹងមិន​ផ្លាស់ប្ដូរ​ជំហរ​ដោយសារតែ​ការដំឡើង​ពន្ធ​របស់​អាមេរិក​ឡើយ​។​



​បន្ទាប់ពី​ដំឡើងពន្ធដា​ក់​ផលិតផល​គ្នា​ទៅមក​រួច មហាអំណាច​សេដ្ឋកិច្ច​ពី​ភព​លោក​លំដាប់​ទីមួយ និង​ទី​ពីរ គឺ​អាមេរិក និង​ចិន នឹង​ចាប់ផ្ដើម​ចរចា​គ្នា​ដើម្បី​បញ្ចៀស​វិបត្តិ​ដែល​អាច​ឈានដល់​សង្គ្រាម​ពាណិជ្ជកម្ម​ពេញបន្ទុក​។ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក Steven Mnuchin និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wilbur Ross អមដំណើរ​ដោយ​មន្ត្រី​៥​នាក់​ទៀត បាន​ទៅដល់​ក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​៣ ខែមេសា ដើម្បី​ជជែក​ជាមួយ​ដៃគូ​ចិន​ដឹកនាំ​ឧបនាយករដ្ឋមន្ត្រី Liu He ។

​ជំនួប​មន្ត្រី​អាមេរិក និង​ចិន​រំពឹងថា នឹង​ផ្ដោត​បញ្ហា​ជាច្រើន​ដែល​អាមេរិក​មិន​ពេញចិត្ត​ចាប់ពី​ការអនុវត្ត​ពាណិជ្ជកម្ម​របស់​ចិន សំណុំរឿង​ចិន​លួច​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​អាមេរិក ក៏ដូចជា​នយោបាយ​គាំទ្រ​ក្រុមហ៊ុន​ឯកជន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាដើម​ផង​។ ដោយសារ​ការមិន​ពេញចិត្ត​នេះហើយ អាមេរិក​ក៏​ប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​ចិន ហើយ​ចិន​ក៏​ចាត់វិធានការ​ដូចគ្នា​វិញ​។ យ៉ាងណាមិញ គេ​មិន​រំពឹងថា នឹងមាន​កិច្ចព្រមព្រៀង​ធំដុំ​ណាមួយ​ដើម្បី​ឲ្យ​ចិន​ផ្លាស់ប្ដូរ​ជំហរ​របស់ខ្លួន​ឡើយ​។​

​ប្រតិភូ​របស់​អាមេរិក​ពោរពេញ​ដោយ​សមាសភាព​ចម្រុះ ឬ​អាច​និយាយថា លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជូន​មន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​មក​ទាំងអស់​តែម្ដង​ដើម្បី​ចរចា​ជាមួយ​ចិន​។ ក្នុង​នោះគេ​ឃើញ​មាន​មន្ត្រី​ដែលមាន​ជំហរ​ទន់ភ្លន់​ដោះស្រាយ​បញ្ហា​តាម​សម្រួល​ដូចជា​លោក Mnuchin និង​លោក Ross  ក៏ដូចជា​មន្ត្រី​ដែលមាន​ជំហរ​តឹងរ៉ឹង​ដាក់​ចិន និង​ចង់​ដាក់ពិន័យ​ចិន​ដូចជា​តំណាង​ចរចា​ពាណិជ្ជកម្ម Robert Lighthizer និង​ទីប្រឹក្សា​សេដ្ឋកិច្ច Peter Navarro ជាដើម​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Liu ដែលជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង នឹង​ផ្លាស់ប្ដូរ​ទស្សនៈ​ជាមួយ​ប្រតិភូ​អាមេរិក​លើ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដែលជា​ការព្រួយបារម្ភ​រួមគ្នា​របស់​ប្រទេស​ទាំងពីរ​។ លោក Liu ក៏​ធ្លាប់​ទៅកាន់​ទឹកដី​អាមេរិក​ម្ដង​ហើយ​នៅ​ដើម​ឆ្នាំនេះ ដើម្បី​ជជែក​ពី​ការខ្វែងគំនិត​គ្នា​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ផ្លែផ្កា​អ្វី​ឡើយ​។​

​ជាមួយនឹង​ជំនួប​ចរចា​ពីរ​ថ្ងៃនេះ គេ​រំពឹងថា លទ្ធផល​ស្ដួចស្ដើង​ប៉ុណ្ណោះ​អាច​ត្រូវបាន​ឯកភាពគ្នា​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២ ខែឧសភា ថា ការចរចា​តែមួយ​ជុំ​មិនអាច​ដោះស្រាយ​បញ្ហា​បាន​ទាំងអស់​ឡើយ ប៉ុន្តែ​ក្រុង​ប៉េកាំង​ជឿថា ក្រុង​វ៉ាស៊ីនតោន​នឹង​ស្មោះត្រង់​ក្នុងការ​ដោះ​ស្រា​បញ្ហា​ពាក់ព័ន្ធ​ទាំងឡាយ ហើយ​ចំណុច​អវិជ្ជមាន​នឹង​ក្លាយជា​វិជ្ជមាន​មិន​ខាន​៕  


Tag:
 ចិន​
  អាមេរិក​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com