ជាតិ
សង្គមជាតិ
ផ្លែ​ព្រីង​របស់​អ្នកភូមិ​សណ្ដាន់ ខេត្តសៀមរាប​!
05, May 2018 , 10:57 am        
រូបភាព
​សៀមរាប​៖ រដូវ​ផ្លែ​ព្រីង​របស់​អ្នកភូមិ​សណ្ដាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​ផ្តើម​ពី​ពាក់កណ្ដាល​ខែមេសា​មក​។ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ខាងលិច​រង្វង់​មូល​ព្រលានយន្តហោះ​អន្ដរជាតិ​ខេត្តសៀមរាប អ្នកភូមិ​សណ្ដាន់​ជាច្រើន​បានដាក់​លក់​ផ្លែ​ព្រីង​នៅលើ​កញ្ច្រែង ល្អី​ជា​ហូរហែរ​។​

 
​ផ្លែ​ព្រីង​របស់​អ្នកភូមិ​សណ្ដាន់ បាន​ទាក់ទាញ​អ្នកដំណើរ​ជាច្រើន​ឱ្យ​ឈប់​យានយន្ត​របស់​ពួកគេ ដើម្បី​ចូល​ទិញ និង​ភ្លក់​ព្រីង​ធម្មជាតិ​នេះ ដែលមាន​តែម្ដង​ក្នុង​មួយឆ្នាំ​។ ស្ទើរ​គ្រប់​ផ្ទះ​របស់​អ្នកភូមិ​សណ្ដាន់ គឺមាន​ដើម​ព្រីង​ចាប់ពី​៣​ដើម រហូតដល់​ច្រើន​ដើម ខ្លះ​មាន​ដល់​ទៅ​១០​ដើម​ក៏មាន​។ 
 
 
​អ្នកស្រី ផល្លា អ្នកភូមិ​សណ្ដាន់ និង​បាន​លក់​ព្រីង​រៀងរាល់ឆ្នាំ​មក បានឱ្យដឹងថា ព្រីង​ដែល​អ្នកស្រី​កំពុង​លក់​នេះ គឺ​ខ្លះ​មាន​ដើម​នៅផ្ទះ​ខ្លួនឯង និង​ខ្លះទៀត​បាន​ទិញ​បន្ដ​ពី​អ្នកផ្ទះ​ក្បែរ​ខាង​។ អ្នកស្រី​បន្ថែមថា ព្រីង​ដែល​អ្នកស្រី​យក​បន្ដ​ពី​គេ​តម្លៃ​ពី​២០០០ ទៅ​២៥០០​រៀល​ក្នុង​មួយ​កំប៉ុង តាម​គ្រាប់​តូច គ្រាប់​ធំ ហើយ​អ្នកស្រី​លក់​ចេញ​វិញ ចាប់ពី​២៥០០ ទៅ​៣០០០​រៀល ដែល​ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​លក់បាន​ចន្លោះ​ពី ៧០​ទៅ​១០០​កំប៉ុង​ឯណោះ​។​
 
 
​ចំណែក​អ្នកស្រី ផល្លី ឯណោះ​វិញ បាន​និយាយថា ផ្លែ​ព្រីង​បាន​បង្កើន​ប្រាក់ចំណូល​មួយចំនួន​ដល់​គ្រួសារ​អ្នកស្រី ដែល​ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​លក់បាន​ប្រាក់ចំណេញ​ចាប់ពី​៥​ម៉ឺន​រៀល​ឡើងទៅ​។ ដូច​អ្នកស្រី ផល្លា អ្នកស្រី ផល្លី បាន​ដើរ​ប្រមូល​ទិញ​ផ្លែ​ព្រីង​ពី​អ្នកភូមិ​ដើម្បី​យកមក​លក់​បន្ដ ដែល​ក្នុង​មួយឆ្នាំ​អ្នកស្រី​អាច​លក់​ព្រីង​រយៈពេល​២​ខែ គឺ​ចាប់ពី​ពាក់​កណ្ដាលខែ មេសា ដល់​ពាក់កណ្ដាល មិថុនា​។​
 
 
​ព្រីង​ដែល​អ្នកភូមិ​សណ្ដាន់​កំពុង​លក់​នេះ​ជា​ប្រភេទ​ព្រីងដោះក្របី ដែល​វា​មាន​ផ្លែ​ធំៗ ខ្លះទៀត​ក៏មាន​តូច​ដែរ ដែល​គេ​ឱ្យ​ឈ្មោះថា ព្រីងបាយ និង​ព្រីងអួល ហើយ​វា​មាន​រសជាតិ​ផ្អែម ខ្លះ​ជូរអែម ហើយ​គេ​និយម​យក​វា​ទៅ​ក្រឡុក​ជាមួយ​ស្ករ និង​អំបិល ដើម្បី​បន្ថែម​រសជាតិ​។ អ្នកដំណើរ​ដែល​និយម​ចូល​ទិញ​ព្រីង ច្រើន​ជា​អ្នកដំណើរ​ផ្លូវ​ឆ្ងាយ​ដែល​បាន​ឆ្លងកាត់​ខេត្តសៀមរាប មាន​ខ្លះ​មកពី​ភ្នំពេញ បាត់ដំបង និង​បន្ទាយមានជ័យ​។​ល​៕
 


 

Tag:
 ​ព្រីង​
  ទឹក​វិល​
© រក្សាសិទ្ធិដោយ thmeythmey.com