ស្វាស៊ីឡង់ឬអ៊ីស្វាទីនីជាប្រទេសអាហ្វ្រិកមួយក្រីក្របំផុតមួយលើពិភពលោកដែលមានប្រជាជនជាង ១លាននាក់។ ប៉ុន្តែមហាក្សត្រនៃរដ្ឋអាហ្វ្រិកនេះមិនក្រីក្រដូចប្រជាជនឡើយ។ ទ្រង់រស់នៅក្នុងជីវិតហ៊ឺហាដោយប្រើរថយន្តទំនើបតម្លៃវាល់លានដុល្លារ ពាក់នាឡិកាតម្លៃជាង១ លានដុល្លារ មានយន្តហោះផ្ទាល់ខ្លួនពីរគ្រឿង មានអាវដាំគ្រាប់ពេជ្រទម្ងន់រាប់គីឡូទៀត។ ក្រៅពីប្រើប្រាស់លុយលើសម្ភារៈ ទ្រង់ក៏ចំណាយលុយច្រើនកសាងវាំង ១៣ និង ប្រពន្ធ ១៥ នាក់ទៀត។
អ៊ីស្វាទីនី (ស្វាស៊ីឡង់) ជាប្រទេសចុងក្រោយនៅអាហ្វ្រិកដែលបន្តកាន់របបរាជានិយមផ្តាច់ការ។ ព្រះចៅ Mswati ទីបី ជាក្សត្រដែលកំពុងគ្រងរាជ្យនាពេលបច្ចុប្បន្ន ហើយទ្រង់ត្រូវគេរិះគន់ និងចាត់ទុកជាក្សត្រដែលមានជីវិតហ៊ឺហារជាងគេមួយ និងបន្តសោយសុខលើគំនរទុក្ខរបស់ប្រជារាស្ត្រ។ ចំណែករាជវង្សានុវង្សរបស់ក្សត្រអង្គនេះវិញចំណាយលុយខ្ជះខ្ជាយដើម្បីធ្វើដំណើរកម្សាន្តនៅបរទេសថែមទៀត។
អ៊ីស្វាទីនីនេះ ជាប់ឈ្មោះជាប្រទេសដែលមានអត្រាអ្នកកើតជំងឺអេដស៍ខ្ពស់បំផុតមួយ ហើយរដ្ឋាភិបាលក៏តែងរងការទិតៀនរឿងរំលោភសិទ្ធិមនុស្ស និងមិនទប់ស្កាត់ការរើសអើងប្រឆាំងស្ត្រី។
រឿងដែលគួរឲ្យបារម្ភនោះគឺ បំណុលរដ្ឋកើនឡើងជាបន្តបន្ទាប់ ខណៈដែលរដ្ឋាភិបាលគ្មានលទ្ធភាពដោះស្រាយបញ្ហាវិសមភាពសង្គម និងភាពក្រីក្រដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះខ្លាំងនោះ។ បើតាមរបាយការណ៍អង្គការ Oxfam ប្រជាជនអ៊ីស្វាទីនីនេះរកចំណូលមធ្យមបានក្រោម ២ដុល្លារក្នុងមួយថ្ងៃ ហើយបើតាមរបាយការណ៍កម្មវិធីស្បៀងអាហារពិភពលោក ប្រជាជនអ៊ីស្វាទីនីរហូតដល់ ៣៥ម៉ឺននាក់ខ្វះខាតស្បៀងអាហារឯណោះ។
ថ្វីបើអ៊ីស្វាទីនីជាប្រទេសក្រីក្របំផុតមួយ មានប្រជាជនដែលមានអាយុរំពឹងរស់ត្រឹមជាង ៥០ឆ្នាំ ហើយប្រជាជនទូទៅរកអាហារបរិភោគស្ទើរមិនបានក៏ដោយចុះ ព្រះចៅ Mswati នៅតែចំណាយលុយច្រើនសន្ធឹកលើសម្ភារប្រើប្រាស់ដូចជារថយន្តស៊េរីទំនើប យន្តហោះផ្ទាល់ខ្លួនកម្រិត VIP នាឡិកាដាំត្បូង និងអាវដាំពេជ្រជាដើម។
១. នាឡិកាដៃតម្លៃ ១,៦ លានដុល្លារ
ក្នុងពិធីបុណ្យខួបកំណើតគម្រប់ ៥០ឆ្នាំ នាថ្ងៃទី១៩ ខែមេសាកន្លងមក គេសង្កេតឃើញថា មហាក្សត្រអ៊ីស្វាទីនីខាងលើ ពាក់នាឡិកាដៃម៉ាក Jacobs & Co ដែលដាំសុទ្ធតែត្បូងមាន។ បើតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនាឡិកានេះ នាឡិកាម៉ូរបស់ក្សត្រអ៊ីស្វាទីនីនេះមានតម្លៃ ១៦២០០០០ ដុល្លារ។ វាច្រើនជាងជំនួយដែលសហភាពអឺរ៉ុបផ្តល់ឲ្យអ៊ីស្វាទីនីរាល់ឆ្នាំបង់លើការចំណាយលើវិស័យអប់រំថា្នក់បឋមសិក្សាទៅទៀត។ នៅក្នុងពិធីខួបកំណើតនោះដែរ គេឃើញក្សត្រអង្គនេះឈរជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ដែលជាសម្ព័ន្ធមិត្ត និងជាមួយប្រពន្ធ ១៣នាក់ផង។
២.អាវដាំពេជ្រទម្ងន់ ៦ គីឡូ
ក្រៅពីនាឡិកាថ្លៃរាប់លានដុល្លារ ក្សត្រអង្គនេះក៏ពាក់អាវដែលដាំសុទ្ធតែពេជ្រច្រើនសន្ធឹក ហើយវាមានទម្ងន់រហូតដល់ ៦ គីឡូក្រាមឯណោះ។ គេមិនបានដឹងច្បាស់ថា អាវរបស់មហាក្សត្រអង្គនេះមានតម្លៃថ្លៃប៉ុណ្ណាឡើយ ប៉ុន្តែគេវាយតម្លៃវា អាវដាំពេជ្របែបនេះមានតម្លៃមិនក្រោមវាល់លានដុល្លារឡើយ។
៣.យន្តហោះផ្ទាល់ខ្លួនពីរគ្រឿងតម្លៃរាប់សិបលានដុល្លារ
យោងតាមសារព័ត៌មាន All Africa មុនខួបកំណើតមកដល់ប៉ុន្មានថ្ងៃ ក្សត្រអ៊ីស្វាទីនេះនេះបានទទួលយន្តហោះផ្ទាល់ខ្លួនទីពីរ ដែលមានម៉ាក A340-300 របស់ក្រុមហ៊ុន Airbus។ យន្តហោះនេះមានតម្លៃប្រហែល ១៣, ២ លានដុល្លារ ប៉ុន្តែវាត្រូវបានកែច្នៃពិសេសសម្រាប់ក្សត្រអង្គនេះ។ ដូច្នេះហើយវាមានតម្លៃរហូតដល់ ៣០ លានដុល្លាឯណោះ។
៤ ភរិយា ១៥ និងមានដំណាក់ចំនួន ១៣
ព្រះចៅ Mswati មានភរិយាទាំងអស់ ១៥ (ក្សត្រមុនៗមានដល់រយនាក់)។ មហេសីម្នាក់របស់ទ្រង់ មានឈ្មោះ Senteni Masango ព្រះជន្ម ៣៧ ឆ្នាំបានធ្វើអត្តឃាតកាលពីដើមខែមេសាកន្លងមកនេះ ដោយមិនដឹងមូលហេតុ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក New York Times ក្រៅពីភរិយាច្រើន ព្រោះចៅ Mswati ក៏មានដំណាក់រហូតដល់ ១៣ ទូទាំងប្រទេសដែរ។ មានរបាយការណ៍ខ្លះបង្ហាញថា ព្រះចៅចំណាយលុយច្រើនសន្ធឹកសន្ធាប់លើការសាងសង់ដំណាក់ទាំងអស់ទាំងនេះ។
៥. ឡានទំនើបផុតលេខប្រភេទ BMW និង Mercedes ពីរក្រុម
សារព័ត៌មាន All Africa បានផ្សាយថា ក្សត្រអ៊ីស្វាទីនីនេះចំណាយលុយទិញរថយន្តទំនើបផុតលេខ BMW និង Mercedes ផង។ មុនថ្ងៃខួបកំណើត ក្សត្រអង្គនេះបានទិញរថយន្ត BMW មួយគ្រឿងដែលមានតម្លៃសរុប ៧,៥លានដុល្លារឯណោះ។ ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់សម្រេចជួយចេញ ១,៣ លានដុល្លារដើម្បីធ្វើជាអំណោយសម្រាប់រដ្ឋាភិបាលអ៊ីស្វាទីនី ក្នុងនាមជាសម្ព័ន្ធមិត្តល្អ។
តាមពិតទៅរថយន្តនេះត្រូវបានបញ្ជាទិញដោយអង្គភាពរដ្ឋបាលដឹកជញ្ជូន (CTA) ប៉ុន្តែទីភ្នាក់ងារនេះធ្លាប់រងការរិះគន់ខ្លាំងដោយសារគ្មានការធ្វើសវនកម្មត្រឹមត្រូវ និងមិនដែលមានឯកសារចំណូលចំណាយត្រឹមត្រូវសោះ៕