បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ពី​អ្នកលក់​តូចតាច រហូត​បើកហាង​បុកល្ហុង​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​៣​សាខា ភ្ញៀវ ណែនៗ​
06, May 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ខណៈដែល​ហាង​មួយចំនួន​បើក​ហើយ​បិទ​ទៅវិញ​ក្នុង​វិស័យ​អាជីវកម្ម ហាង​បុកល្ហុង​យីហោ ត្បាល់​ខ្មែរ នៅតែ​ឈរជើង​បានល្អ និង​ពង្រីក​ខ្លួន​ជាប្រចាំ​។ តើ​កត្តា​អ្វីខ្លះ​ធ្វើ​ឲ្យ​យីហោ​មួយ​នេះ​ល្បី​ក្នុង​រាជធានី​ភ្នំពេញ និង​ទាក់ទាញ​បាន​ភ្ញៀវ​ច្រើន​កុះករ​ជាប្រចាំ​?

​សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​ពី​គន្លឹះ​ជោគជ័យ​របស់​អ្នកស្រី ឆោម ឆ​លិ​កា ម្ចាស់​ហាង​បុកល្ហុង​«​ត្បាល់​ខ្មែរ​» និង​លោក ញ៉ុ​ង ហេង អ្នកកាសែត​ផ្នែក​សេដ្ឋកិច្ច​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ដូចតទៅ​៖ 
 

 
 
​អ្នកស្រី ឆោម ឆ​លិ​កា ចាប់ផ្ដើម​លក់​បុកល្ហុង​តាំងពី​ឆ្នាំ​២០០៨ មក​ម្លេះ ដែល​កាលនោះ​អ្នកស្រី​លក់​នៅលើ​ច្រក​ផ្លូវ​តូច​ប៉ុណ្ណោះ​។ ដល់​ឆ្នាំ​២០១០ អ្នកស្រី​ពង្រីក​អាជីវកម្ម​នេះ​ទៅជា​លក់​បុកល្ហុង​នៅក្នុង​ផ្ទះល្វែង​។ សព្វថ្ងៃ​អ្នកស្រី ឆ​លិ​កា បើកហាង​បុកល្ហុង​នេះ​ចំនួន​៣​ទីតាំង​។ សាខា​បឹង​កេងកង និង​សាខា​ស៊ីសុវត្ថិ អ្នកស្រី​បោះទុន​បង្កើត​ហាង​លក្ខណៈ​ស្ដង់ដារ​តម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ទីតាំងៗ ខណៈ​សាខា​ទូល​ទំពូង​នៅ​ជា​ហាង​តូច​ជាង​នេះ​នៅឡើយ​។​
  
 
​មុន​ចេញ​ធ្វើ​អាជីវកម្ម​អ្នកស្រី ឆោម ឆ​លិ​កា បាន​សិក្សា​បញ្ចប់​បរិញ្ញាបត្រ​ចំនួន​ពីរ​គឺ​ផ្នែក​ច្បាប់ និង​ទេសចរណ៍ និង​បាន​បម្រើ​ការងារ​អស់​រយៈពេល​បួន​ប្រាំ​ឆ្នាំ​។ 
​ខ្លួន​អ្នកស្រី​ផ្ទាល់ ជា​អ្នក​ចូលចិត្ត​បរិភោគ​បុកល្ហុង​។ អ្នកស្រី ឆ​លិ​កា ឲ្យ​ដឹងថា អ្នកស្រី​ធ្វើ​អាជីវ​កម្មនេះ ដោយ​ក្ដី​ស្រលាញ់​ចូលចិត្ត ដែល​បង្កើត​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្លាំង​លើ​ធុរកិច្ច​មួយ​នេះ​។ 
  
 
«​អាជីវកម្ម​មួយ បើ​យើង​មិន Update (​កែលម្អ​ជាប្រចាំ​) ដោយ​ទុក​វា​ឲ្យ​នៅ​ដដែលៗ នោះ​អាយុកាល​របស់​វា​អត់​យូរ​ទេ​»​។ នេះ​ជា​ចក្ខុវិស័យ​ដែល​ម្ចាស់​ហាង​បុកល្ហុង​រូបនេះ​បានលើកឡើង ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​នៅតែ​គាំទ្រ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ជាប្រចាំ​។ អ្នកស្រី ឆ​លិ​កា គូសបញ្ជាក់ថា អ្នកស្រី​ព្យាយាម​ស្វែងយល់​ពី​តម្រូវការ អារម្មណ៍​របស់​អតិថិជន និង​បាន​កែលម្អ​គុណភាព​រសជាតិ សេវាកម្ម អនាម័យ ការតុបតែង និង​បន្ថែម​មុខ​មុខម្ហូប​ថ្មីៗ​។​
  
 
​មុខម្ហូប​ខ្លះ គឺ​ចេញពី​ការ​ស្រមើល​ស្រមៃ​របស់​អ្នកស្រី​ផ្ទាល់ និង​ច្នៃ​ប្រតិដ្ឋ​វា​ឡើង ដើម្បី​ឲ្យ​អតិថិជន​ទទួលបាន​អ្វីដែល​ថ្មី​។ អ្នកស្រី ឆ​លិ​កា ថ្លែង​បែបនេះ​។ ក្រៅពី​បុកល្ហុង ហាង​នេះ​មាន​លក់​ដូចជា បបរ យ៉ា​ហន ស៊ុប ជាដើម​។​
 
​ម្ចាស់​ហាង​បុកល្ហុង​យីហោ​ត្បាល់​ខ្មែរ​រូបនេះ អះអាងថា មុខម្ហូប​បុកល្ហុង​ទាំងនេះ ជា​ស្នាដៃ​របស់​អ្នកស្រី​ផ្ទាល់ ដែលជា​ជំនាញ​ចេះ​ត​ពី​សាច់ញាតិ ពោលគឺ​មិនមែន​ចម្លង​ពី​ប្រទេស​ថៃ​នោះទេ​៕
 




 

Tag:
 បុកល្ហុង​
  ឆោម ឆ​លិ​កា​
  startup
© រក្សាសិទ្ធិដោយ thmeythmey.com