ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជន​ណា​ដែល​រារាំង​ពលរដ្ឋ​បោះឆ្នោត នឹងរង​ពិន័យ​ពី​៥ ទៅ​២០​លាន​រៀល ដោយ​ពុំទាន់​គិត​ទោស​ព្រហ្មទណ្ឌ​
06, May 2018 , 2:36 pm        
រូបភាព
 ភ្នំពេញ​៖ ជន​ណា​ដែល​រារាំង​ពលរដ្ឋ​បោះឆ្នោត នឹងរង​ពិន័យ​ពី​៥ ទៅ​២០​លាន​រៀល ដោយ​ពុំទាន់​គិត​ទោស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត ។​

 
​ការផាកពិន័យ​នេះ មានចែង​នៅក្នុង​ច្បាប់​ស្តីពី​ការជ្រើសរើស​តំណាងរាស្ត្រ ត្រង់​ជំពូក​ទី​១០ ស្តីពី​ទោស​បញ្ញត្តិ នៃ​មាត្រា​៤២ ចែងថា​«​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥,០០០,០០០​រៀល (​ប្រាំ​លាន​)​រៀល ទៅ​២០,០០០,០០០​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​»​។​
 
​ចំណុច ដែល​ចាត់ទុក​ជាការ​ល្មើសច្បាប់ ដែល​ត្រូវ​ផាកពិន័យ​នោះ រួមមាន​៖ រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ឬ​រារាំង​មិន​ឲ្យ​ចុះឈ្មោះ​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅបញ្ជី​បោះឆ្នោត​។​
 
-​បង្ក​ការអុកឡុក ឬ​រារាំង​សកម្ម​ភាពជា​ប្រក្រតី ក្នុង​ទីកន្លែង​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត នៅក្នុង​អំឡុងពេល​នៃ​ការពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​។​
-​ឲ្យ​អ្នកគាំទ្រ ឬ​អ្នកបោះឆ្នោត ប្រព្រឹត្ត​អំពើ​រំលោភបំពាន អំពើ​គំរាមកំហែង អំពើហិង្សា ទៅលើ​បេក្ខជន ឬ​ទៅលើ​គណបក្សនយោបាយ​ដទៃ​។​
-​រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ទៅ​បោះឆ្នោត​។​
-​រារាំង​បេក្ខជន ឬ​អ្នកគាំទ្រ​គណបក្សនយោបាយ​មិន​ឲ្យ​ឃោសនាបោះឆ្នោត​តាម​ការកំណត់​។​
-​ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការសម្ងាត់​នៃ​ការបោះឆ្នោត​។​
-​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​នាំ​ឲ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។​
-​បង្ក​ការរំខាន​មិន​ឲ្យ​ដំណើរការ​បោះឆ្នោត​បាន​។​
-​បង្ក​ការរំខាន​មិន​ឲ្យ​រាប់​សន្លឹកឆ្នោត​បាន​។​
-​ធ្វើ​ឲ្យ​ខូច​របៀបរៀបរយ​ក្នុងពេល​បោះឆ្នោត​។​
-​ទិញ​សន្លឹកឆ្នោត​ដោយ​សម្ភារ ឬ​ដោយ​ប្រាក់កាស​។​
​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត ឬ​លុប​បេក្ខភាព​របស់​សាមីខ្លួន ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បន្ថែម​លើ​ទណ្ឌកម្ម​ដែលមាន​ចែង​ក្នុង​កថាខណ្ឌ​ទី​១ ខាងលើ ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ដូច​មានចែង​ក្នុង​កថាខណ្ឌ​ទី​១ ខាងលើនេះ​។​
 
​ត្រង់ចំណុច​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ស្នើ​ឲ្យ​មេដឹកនាំ និង​សកម្មជន​គាំទ្រ​នយោបាយ កុំ​ប្រព្រឹត្ត​សកម្ម​ភាពមិន​គប្បី​ណាមួយ ដែល​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ខាងមុខនេះ​។ បន្ថែម​ពីនេះ លោក ហង្ស ពុទ្ធា ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ការបោះឆ្នោត ដោយ​មិនត្រូវ​ជឿ​លើ​ការ អុចអាល​របស់​អ្នកនយោបាយ​ឡើយ​។​
 
​មកដល់ពេលនេះ មាន​គណបក្សនយោបាយ​ចំនួន​៣​ហើយ ដែល​បានមក​ដាក់ពាក្យ​នៅ​គ​.​ជ​.​ប ដើម្បី​ចូលរួម​ឈរ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខនេះ​។ គណបក្ស​ទាំង​៣​នេះ មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា​៕

Tag:
 ហង្ស ពុទ្ធា​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com