ជាតិ
អាហារដ្ឋានចំការត្រាវទីកម្សាន្ដបែបស្រុកស្រែកំពុងទាក់ទាញអ្នកទីក្រុងសៀមរាប
× សៀមរាប៖
បច្ចុប្បន្ននេះ មានការរៀបចំជាអាហារដ្ឋានលក្ខណៈស្រុកស្រែ មានដើមឈើ ស្រះទឹក និងមានរោងស្លឹកអង្គុយជាច្រើននៅជាយៗប្រជុំជន។ តួយ៉ាង ការរៀបចំបែបនេះក៏មានច្រើនផងដែរនៅជាយក្រុងសៀមរាប។ អាហារដ្ឋានចំការត្រាវ ជាអាហារដ្ឋានមួយកន្លែង ដែលរៀបចំឡើងដើម្បីបំពេញបំណងដល់អតិថិជនដែលចង់បានភាពស្ងប់ស្ងាត់ និងមានបរិយាកាសស្រស់ស្រាយ អមដោយធម្មជាតិជុំវិញ។
លោក យ៉ាន វិវត្តន៍ ម្ចាស់អាហារដ្ឋានចំការត្រាវ ដែលមានទីតាំងស្ថិតនៅភូមិជ័យ ឃុំទឹកវិល ក្រុងសៀមរាបបានឱ្យដឹងថា អាហារដ្ឋានរបស់លោកបានបើកដំណើរការរយៈ៨ខែមកហើយ ហើយទទួលបានភ្ញៀវជាហូរហែរទាំងអ្នកក្នុងក្រុងសៀមរាប និងខ្លះមកពីបណ្ដាខេត្តក្រុងផ្សេងៗអំឡុងពេលបុណ្យទានម្ដងៗ។ លោកបន្ថែមថា លោកបានមើលឃើញពីសក្កានុពលនៃអាហារដ្ឋានបែបជនបទនេះ ព្រោះសង្កេតឃើញថា ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង ពួកគេចង់មានពេលសម្រាក និងហូបអាហារនៅកន្លែងស្ងប់ស្ងាត់ និងបរិយាកាសស្រស់សាយ ដែលខុសពីនៅក្នុងទីប្រជុំជន មានភាពអ៊ូអរ និងចង្អៀត។ ចំការត្រាវ មាន ទេសភាពវាលស្រែ និងអមដោយរុក្ខជាតិជុំវិញ។
ចំការត្រាវមានរោងអង្គុយជាង១០ មានស្រះទឹក និងដីស្រែចំការ ដែលមានទំហំសុរបជាងមួយហិកតា។ ភ្ញៀវជាច្រើនបានមកកម្សាន្ត និងហូបអាហារនៅកន្លែងនេះ មានជារៀងរាល់ថ្ងៃ ហើយចេញចូលច្រើននៅរាល់ថ្ងៃសម្រាកបុណ្យទាន។ លោក វិវត្តន៍ បានឱ្យដឹងទៀតថា ម្ហូបនៅអាហារដ្ឋានលោកមានជាង១០មុខ ហើយភ្ញៀវក៏អាចធ្វើការកុម្ម៉ង់មុខអាហារដែលខ្លួនពេញចិត្តបានផងដែរ។ មុខម្ហូបប្រចាំអាហារដ្ឋានចំការត្រាវ រួមមាន ប្រហុកលើជ្រុញ ខ្យងខ្លឹមស និងម្ជូរស្រុកស្រែ។
ភ្ញៀវមួយរូប លោក ស៊ូទី ដែលបាននាំក្រុមគ្រួសារមកហូបអាហារនៅអាហារដ្ឋានចំការត្រាវ បាននិយាយថា លោកទើបនឹងមកទីនេះជាលើកទីមួយ ហើយលោកពេញចិត្តការរៀបចំទីនេះជាខ្លាំង។ ក្រៅពីនេះលោកក៏បានកោតសើរចំពោះរសជាតិអាហារផងដែរ ហើយការរៀបចំបានល្អ និងមានអនាម័យ។
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ហាងអាហារដែលរៀបចំជាលក្ខណៈស្រុកស្រែ មានដើមឈើ និងស្រះទឹកជាដើមនោះ បានបង្កើតឡើងជាហូរហែរ ដូចជានៅតំបន់ក្របីរៀល ទឹកវិល ភ្នំក្រោម ស្រះស្រង់ និងហៀរដល់តំបន់ត្រាវកុដិ ខាងស្រុកបន្ទាយស្រីឯណោះក៏មាន។ ទោះស្ថិតក្នុងកម្រិតប្រកួតប្រជែងបែបនេះក្ដី ម្ចាស់អាហារដ្ឋានចំការត្រាវហាក់មិនព្រួយបារម្ភឡើយ លោកថា ហាងរបស់លោកមានភាពពិសេសដែលអាចទាក់ទាញភ្ញៀវបាន ដូចជា កត្ដាម្ហូបអាហារ និងបរិយាកាសការរៀបចំហាង គឺហ៊ុំព័ទ្ធដោយធម្មជាតិស្រស់ស្អាត៕
© រក្សាសិទ្ធិដោយ thmeythmey.com