បទវិភាគ
សេដ្ឋកិច្ច
នៅថ្ងៃអនាគត, ក្នុងក្រុងភ្នំពេញ, «ខុនដូ» គំរាមកំហែង«ផ្ទះវីឡា»
× ភ្នំពេញ៖ ការរីកចម្រើនផ្នែកសំណង់ខ្លាំងនារយៈពេលចុងក្រោយនេះ បានគំរាមកំហែងវត្តមានផ្ទះវីឡានៅក្នុងទីក្រុងភ្នំពេញ ជាពិសេស នៅក្នុងតំបន់ដែលដីធ្លីមានតម្លៃខ្ពស់។ នៅក្នុងតំបន់ប្រណិតមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ផ្ទះវីឡា ត្រូវបានគេវាយកំទេចចោល ហើយជំនួសមកវិញ ដោយវត្តមាន ខុនដូ។ តម្លៃដីធ្លីថ្លៃ ធ្វើឲ្យអ្នកវិនិយោគធំៗត្រូវការសង់ ខុនដូ ព្រោះខុនដូ បង្កើតបន្ទប់ និងកន្លែងរស់នៅបានច្រើនជាង វីឡា។
ក្រោយរបបប៉ុលពតឆ្នាំ១៩៧៩ ភ្នំពេញមិនសូវមានផ្ទះល្វែង ឬវីឡា ច្រើនទេ។ ក្នុងអំឡុងឆ្នាំ១៩៨០ ដល់១៩៩០ វត្តមានផ្ទះល្វែងថ្មសំណង់ថ្មី ក៏មិនទាន់សូវមានច្រើនដែរ។ ពលរដ្ឋ កាលនោះ ភាគច្រើន រស់នៅក្នុងផ្ទះល្វែង ឬផ្ទះវីឡា ដែលត្រូវបានគេសាងសង់មុនជំនាន់ប៉ុលពត(មុនឆ្នាំ១៩៧៥)។
ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ពោលគឺនៅក្នុងទសវត្សរ៍៩០ ផ្ទះល្វែង ផ្ទះវីឡាខ្លះៗ បានចាប់ផ្តើមសាងសង់នៅក្នុងរាជធានីភ្នំពេញ។ តែវាមិនមានវត្តមានច្រើនណាស់ណាប៉ុន្មានទេ។ ចាប់ពីដើមឆ្នាំ២០០០ សំណង់ជាច្រើនចាប់ផ្តើមដុះជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ និងជាយក្រុងនៃរាជធានីចតុមុខ។
សំណង់ដែលកាន់តែដុះខ្លាំងឡើង គឺចាប់ពីដើមឆ្នាំ២០១០ រហូតមកដល់ពេលនេះ។ ទាំងផ្ទះល្វែង ទាំងផ្ទះវីឡា ដុះឡើងខ្លាំងមែនទែនក្នុងរាជធានីភ្នំពេញ ពីក្នុងអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨នេះ។ ប៉ុន្តែ ជាអកុសល ក្នុងរយៈពេល៣ ឬ៤ឆ្នាំចុងក្រោយនេះ វត្តមានផ្ទះវីឡា ត្រូវបានគំរាមកំហែង និងបាត់បង់ទៅវិញ ហើយជំនួសមកវិញដោយវត្តមាន ខុនដូ។ ជាក់ស្តែង ក្នុងតំបន់បឹងកេងកង១ ផ្ទះវីឡា ជាច្រើន ត្រូវបានគេវាយកំទេចចោល ហើយសង់ជំនួសមកវិញដោយ ខុនដូ។ មូលហេតុ គឺដោយសារ ខុនដូ អនុញ្ញាតឲ្យគេរកប្រាក់ចំណូលបានច្រើនជាងផ្ទះ វីឡា។
បើផ្អែកលើនិន្នាការ និងផ្អែកលើការកើនឡើងតម្លៃដីធ្លី នៅក្នុងទីក្រុងភ្នំពេញ វត្តមាន វីឡា នឹងកាន់តែថយចុះពីមួយឆ្នាំៗទៅមួយឆ្នាំ ព្រោះឈ្មួញអចលនទ្រព្យ សំឡឹងមើល និងប៉ងទិញដី និងផ្ទះវីឡា ដើម្បីសង់ ខុនដូ ជំនួសមកវិញ។ ខុនដូ ធ្វើឲ្យអ្នកជំនួញលក់ ឬជួលបានថ្លៃជាង វីឡា។
ពេលអនាគត ខុនដូ នឹងដុះកាន់តែច្រើននៅកណ្តាលបេះដូងនៃរាជធានីក្រុងភ្នំពេញ (រាជធានីចតុមុខ) រីឯ វីឡា នឹងដុះនៅក្នុងបុរី ឬនៅឯជាយក្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com