បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក សន ជ័យ ៖ បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​នោះ ការពិនិត្យ​មើលតំណែង​មន្ត្រី​នឹងមាន​ប្រសិទ្ធភាព​
06, May 2018 , 7:30 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក សន ជ័យ
រូបពីហ្វេសប៊ុកលោក សន ជ័យ
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល ប្រកាស​ពិនិត្យឡើងវិញ ចំពោះ​ឋានន្តរស័ក្តិ និង​តួនាទី​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ដែល​ត្រូវបាន​ដំឡើង​នៅតាម​ក្រសួង និង​ស្ថាប័នរដ្ឋ​ទាំងអស់​។ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) លោក សន ជ័យ បាន​និយាយថា បើ​រដ្ឋាភិបាល ពិនិត្យឡើងវិញ​មែន​នោះ មន្ត្រី​ដែល​រង​ផលប៉ះពាល់​ជាងគេ គឺ​ពួក​មន្ត្រី​ដែល​ឡើង​ឋានៈ ដោយសារ​ការ​អែបអប ឡែ​ម​ឡឺម ប្រើ​ឥទ្ធិពល​សែស្រឡាយ និង​ប្រើប្រាស់​ថវិកា​សូកប៉ាន់ អ្នកមានអំណាច​ក្នុង​ស្ថាប័ន ដើម្បី​ទទួលបាន​ឋានន្តរសក្តិ​។



​សម្រាប់​លោក សន ជ័យ ការពិនិត្យ​លើតំណែង​មន្ត្រី​ឡើងវិញ​នេះ វា​ជា​រឿង​មួយ​ល្អ ប៉ុន្តែ​មិន​ប្រាកដថា មាន​ប្រសិទ្ធភាព​ឡើយ បើសិនជា​ប្រមុខ​រដ្ឋាភិបាល គ្មាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។​
 
​សូម​អាន​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) ខាងក្រោម​នេះ​៖
 
​លោក រំដួល ចិ​ត្រា​៖ នៅពេលនេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពិនិត្យមើល​ឡើងវិញ ពី​ឋានន្តរស័ក្តិ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំង តាម​ក្រសួង និង​ស្ថាប័នរដ្ឋ​។ ដូច្នេះ​ជា​សំនួរ តើ​លោក យល់​យ៉ាងណា​ចំពោះ​គោលជំហរ​របស់រ​ដ្ឋា​ភិ​បាល​នេះ​? 
​លោក សន ជ័យ​៖ តាមពិត​យើង​មើលឃើញ​ទិដ្ឋភាព​បច្ចុប្បន្ននេះ ការដំឡើងឋានៈ​ដល់​ជួរ​មន្ត្រីជាន់ខ្ពស់ ទាំង​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​មួយចំនួន ក៏មាន​បញ្ហា​ដែរ​។ បញ្ហា​នៅពេល​ពួកគេ​(​អ្នកទទួលបាន​ឋានៈ​) អនុវត្ត​តួនាទី មិនបាន​ល្អ​នោះ យើង​មើលឃើញថា តើ​ពួកគេ​ឡើង​តួនាទី​នេះ តាម​មធ្យោបាយ​ណា តាម​ខ្សែ តាម​បក្សពួក ឬ​ជា​ថ្នូរ​បញ្ហា​លុយកាក់ ដែល​ជាការ​សូកប៉ាន់​ដើម្បី​ទទួលបាន​ឋានៈ​។ ដូច្នេះ​ខ្ញុំ​យល់ថា ការសើរើ​ឋានៈ​នេះ វា​ត្រូវមាន​ការពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​។ យើង​មិន​ចង់ឃើញ​មន្ត្រី​ដែល​សកម្ម មានចំណេះដឹង ដែលមាន​ជំនាញ គ្រាន់តែ​ជា​អ្នក​កាន់​ឯកសារ​ទេ អ្នករត់​ឯកសារ​ទេ គឺ​យើង​ចង់​ឲ្យ​ពួកគេ ការសម្រេចចិត្ត​ដែរ​។ ហើយ​រឿងនេះ ក៏​ឆ្លុះបញ្ចាំង​ដោយផ្ទាល់​ដែរ ពី​របៀប​នៃ​ការ​នៃ​ការឡើង​ឋានៈ របស់​ក្មួយ​សម្ដេច ហ៊ុន សែន ឈ្មោះ ហ៊ុន ជា នេះ យើង​មើល​ឥរិយាបទ ទង្វើរ​ជាម​នុស្ស​ដែលមាន​ការពាក់ព័ន្ធ​បាញ់បោះ តែ​បែ​ជាមាន​ការដំឡើងឋានៈ​ធំដុំ​ទៅវិញ ដូច្នេះ​វា​ជា​រឿង​ចំឡែក​ដែរ ដែល​ប្រព័ន្ធ​និង​របៀប​នៃ​ការវាយតម្លៃ​នៅក្នុង​ការដំឡើងឋានៈ​នេះ ថា​តើ​គេ​វាយតម្លៃ​នៅក្នុង​ទម្រង់​ណាមួយ តើ​គេ​វាយតម្លៃ​តាមរយៈ​ការអនុវត្ត​ការងារ ឬ​ការឡើង​តាមរយៈ​ឥទ្ធិពល​រុញច្រាន​ណាមួយ​? ដូច្នេះ​អ្វីដែល​យើង​ចង់​ឲ្យ​មាន​ប្រសិទ្ធភាព​នៅក្នុង​ប្រព័ន្ធ​មុខងារសាធារណៈ​ក្តី នៅក្នុង​ប្រព័ន្ធ​កងកម្លាំងប្រដាប់អាវុធ​ក្តី ត្រូវតែមាន​ប្រព័ន្ធ​មួយ​នៃ​ការវាយតម្លៃ​លើ​ការដំឡើងឋានៈ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​។​
 
​លោក រំដួល ចិ​ត្រា​៖ តើ​វិធានការ​របស់​រដ្ឋាភិបាល ដែល​គ្រោង​ពិនិត្យមើល​ការដំឡើង​ឋានន្តរស័ក្តិ​នេះ អាចអនុវត្ត​ដោយមាន​ប្រសិទ្ធភាព​ដែរ​ទេ ខណៈដែល​រដ្ឋាភិបាល ក៏​មានការ​សាច់ញាតិ​មាន​ឋានៈ​ធំៗ​ដែរ​?
​លោក សន ជ័យ​៖ បើ​ការរកឃើញ​ទៅ ពិនិត្យឃើញថា​ជា​បញ្ហា​នោះ ខ្ញុំ​គិតថា ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ការងារ​មួយ គួរតែមាន​គំនិត សាច់ញាតិ​និយម បក្សពួកនិយម​មួយ​ដុំ​សិន ដើម្បី​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ខ្ញុំ​គិតថា អនុសាសន៍​នាយករដ្ឋមន្ត្រី​ប៉ុណ្ណឹង នឹងមិន​អាច​ឲ្យ​មាន​ប្រសិទ្ធភាព​តែម្ដង​បានទេ ដោយសារ​រឿងនេះ បានក្លាយ​ទៅជា​ជំងឺមហារីក ហើយ​វា​រ៉ាំរ៉ៃ​រាប់​ទស្សវត្ស​មកហើយ​។ ដូច្នេះ​គួរតែ​ធ្វើការ​ចាប់ផ្ដើម​ពី​ចំណុច​ណាមួយ​ឲ្យ​បានជា​ក់លាក់ និង​គួរតែ​មើល​ពី​ចំណុចកំពូល ដើម្បី​ជា​គំរូ​។ ហើយ​រឿងនេះ​ខ្ញុំ​យល់ថា ការចាប់ផ្ដើម​ក្នុង​ជួរ​កម្លាំងប្រដាប់អាវុធ​ជា​មុខសញ្ញា​ដំបូង​ដែល​គេ​ចង់ឃើញ ។​
 
​លោក រំដួល ចិ​ត្រា​៖ មូលហេតុ​បានជា ត្រូវ​ចាប់ផ្ដើម​ពី​កងកម្លាំងប្រដាប់អាវុធ​មុន​?
​លោក សន ជ័យ​៖ ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់ ខ្ញុំ​យល់ថា បើសិនជា​មន្ត្រី​នោះ បាន​ឋានៈ​បុណ្យ​សក្តិ​ដោយ​ភាពមិនប្រក្រតី វា​ក៏​ធ្វើ​ឲ្យ​ការអនុវត្ត​ច្បាប់​របស់គាត់​គ្មាន​ប្រសិទ្ធភាព ហើយ​មន្ត្រី​មិនមាន​ឆន្ទៈ​នៅក្នុង​ការអនុវត្ត​ច្បាប់ បានន័យថា ពួកគេ​ឡើង​តំណែង​បាន​ដោយសារ​បក្សពួក ឬ​ការ​សូកប៉ាន់​ណាមួយ​នោះ ពួកគេ​នឹង​អនុវត្ត​ច្បាប់​មិនបាន​ល្អ​ទេ​។ ហើយ​នៅពេលនោះ​ហើយ មន្ត្រី​អនុវត្ត​ច្បាប់​មិនបាន​ល្អ ធ្វើ​ឲ្យ​មាន​មិនល្អ​ដល់​ការអនុវត្ត​ច្បាប់ ដែល​នាំ​ឲ្យ​អយុត្តិធម៌​នៅក្នុង​សង្គម​ដែរ ។ ខ្ញុំ​ឧទាហរណ៍​ថា បើសិនជា​ពួកគេ​បាន​តំណែង​ដោយសារ​ការ​សូកប៉ាន់​នេះ ពួកគេ​នឹង​យក​តំណែង​របស់​ពួកគេ​ទៅ​ស្រង់ដើម​វិញ​។  
 
​លោក រំដួល ចិ​ត្រា​៖ បើសិនជា​ប្រមុខ​រដ្ឋាភិបាល អនុវត្ត​ការពិនិត្យ​លើ​ការដំឡើងឋានៈ​ឡើងវិញ​នេះ តើ​មន្ត្រី​បែបណា ដែល​លោក​មើលឃើញថា នឹង​ទទួលរង​ផលប៉ះពាល់​ខ្លាំង​?
​លោក សន ជ័យ​៖ ភាព​អសកម្ម​នៅក្នុង​ការអនុវត្ត​តួនាទី​គឺជា​រឿង​មួយ ដែល​នាំ​ឲ្យ​មានការ​ប៉ះពាល់​រដ្ឋាភិបាល ជាពិសេស​គណបក្សកាន់អំណាច​តែម្ដង​។ ហើយ​ប្រព័ន្ធ​ដំឡើង​ឋានៈ​នេះ មាន​បញ្ហា​បានន័យថា អ្នក​ដែលមាន​សមត្ថភាព មិនត្រូវ​បាន​គេ​ចាប់អារម្មណ៍ ហើយ​បែ​ជា​ចាប់អារម្មណ៍​ដំឡើង​ឋានៈ​នេះ ទៅ​មន្ត្រី​ពូកែ​អែបអប ឡែបឡប​ឡេមឡឺម ដូច្នេះ​បើ​ពួកគេ​ពូកែ​ខាង​ហ្នឹង អ្នក​ដែល​ពូកែ​អែបអប​នេះ ខ្ញុំ​មានជំនឿថា​ពួកគេ នឹង​បម្រើ​ប្រជាពលរដ្ឋ និង​មិន​បំពេញ​តួនាទី​ជា​គំរូ​សម្រាប់​ប្រសិទ្ធភាព​ការងារ ដែល​ធ្វើ​ឲ្យ​ខូច​ការងារ ។​
 
​លោក រំដួល ចិ​ត្រា​៖ កន្លងមក​ធ្លាប់មាន​ការឡើង​ថា មន្ត្រី​ម្នាក់​មានមុខ​ងារ​ឋានៈ បុណ្យ​សក្តិ ២​ទៅ​៣ នៅក្នុង​ស្ថាប័ន​តែមួយ ដូច្នេះ​តើ​វា​មាន​ប្រសិទ្ធ​ការងារ​ទេ ដែល​ត្រូវ​ដំឡើង​ឋានៈ​មន្ត្រី ឲ្យ​មាន​តួនាទី​ច្រើន​នេះ​?
​លោក សន ជ័យ​៖ ខ្ញុំ​យល់ថា វា​ជា​ខាត​ធនធានមនុស្ស​ទេ​។ យើង​ទទួលស្គាល់ថា ធនធានមនុស្ស​ជាង​៣០​ឆ្នាំនេះ គឺមាន​ការប្រែប្រួល មាន​អ្នកចេះដឹង មាន​អ្នករៀន​នៅក្នុង​ស្រុក នៅក្រៅ​ប្រទេស ដែល​គេ​មក​ចូលរួម​បម្រើ​ការងារ​នៅក្នុង​រដ្ឋបាល​សាធារណៈ​។ អ៊ីចឹង​ការផ្ដល់​ឋានៈ​ឲ្យ​មន្ត្រី​ម្នាក់​មាន​តំណែង​២ ឬ​៣ នៅក្នុងពេល​តែមួយ ខ្ញុំ​គិតថា​វា​ជា​រឿង​ហួស​សម័យ​ទៅហើយ ហើយ​វា​នឹង​ខាត​ឱកាស​សម្រាប់​អ្នកមាន​សមត្ថភាព​។ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ពិនិត្យមើល​ទម្រង់​នេះ​(​អ្នកមាន​តំណែង​ច្រើន​) ព្រោះ​ពេលខ្លះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​សមត្ថភាព​មួយចំនួន​ខូចចិត្ត​។ ហើយ​ការរុះរើ កែសម្រួល​ឡើងវិញ​នេះ ធ្វើ​យ៉ាងម៉េច​ធានា​ឲ្យ​អ្នក​ដែល​ទទួលបាន​ឋានៈ មាន​ភាព​ស្មើៗ​គ្នា​។ ហើយ​ខ្ញុំ​តែងតែ​ឮសូរ​ក្រុមមន្ត្រី​គេ​និយាយ​គ្នា​នៅពេល​ផឹកស៊ី​ស្រវឹង គេ​និយាយថា គេ​ឡើង​សក្តិ ឡើង​ឋានៈ​អស់​លុយ​ប៉ុណ្ណេះ អស់​លុយ​ប៉ុណ្ណោះ វា​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​អស់សំណើច​ថា បុណ្យ​សក្តិ និង​តួនាទី គួរតែ​ផ្ដល់​ឲ្យ​អ្នកមាន​សមត្ថភាព ប៉ុន្តែ​វា​បែ​ជា​បាន​ទៅ​អ្នកផឹកស៊ី​ស្រវឹង និង​ប្រើ​លុយ​បាន​បុណ្យ​សក្តិ​ទៅវិញ​។​
 
​លោក រំដួល ចិ​ត្រា​៖ ដូច្នេះ​តើ​បញ្ហា​ដំឡើង​ឋានន្តរសក្តិ​នៅតាម​ក្រសួង និង​ស្ថាប័ន​នេះ វា​ជា​កំហុស​របស់​រដ្ឋមន្ត្រី ឬ ប្រមុខ​រដ្ឋាភិបាល​?
​លោក សន ជ័យ​៖ វា​ជា​កំហុស ដោយសារ​ប្រព័ន្ធ​ត្រួតពិនិត្យ វាយតម្លៃ​សមត្ថភាព​។ ដូច្នេះ​សម្រាប់​ខ្ញុំ​យល់ថា តាម​ក្រសួង ស្ថាប័ន​នីមួយៗ សូម្បីតែ​មន្ត្រី​នៅតាម​ថ្នាក់​កំពូល នៅ​ថ្នាក់ក្រោម​រដ្ឋលេខាធិការ​មកដល់​អគ្គនាយកដ្ឋាន រហូតដល់​ប្រធាន​មន្ទីរ ប្រធានការិយាល័យ​នេះ គួរតែមាន​ប្រព័ន្ធ​វាយតម្លៃ​សម្រាប់​ការដំឡើងឋានៈ ជាជាង​ការឡើង​ដោយ​ការ​ជ្រោមជ្រែង ដោយ​ការអន្តរាគមន៍ ហើយ​ខ្ញុំ​ធ្លាប់​ដឹងថា មន្ត្រី​ខ្លះ​ឡើង​តំណែង​ដោយសារ​ការអន្តរាគមន៍​ពី​អ្នកមាន​ឥទ្ធិពល​នៅក្នុង​ស្ថាប័ន​នោះ​។ ហើយ​ពេលខ្លះ​អ្នកមាន​ឥទ្ធិពល​អាច​ឆ្លង​វិស័យ​ជួយ​អ្នកនេះ​ជួយ​អ្នកនោះ ក្រោយ​ហេតុថា​អ្នកនេះ​សែ​ខាង​នេះ ឬ​ខាង​នោះ ។ អ៊ីចឹង​វា​ធ្វើ​ឲ្យ​របៀប​ដំឡើង​តំណែង ត្រូវមាន​ប្រព័ន្ធ​វាយតម្លៃ​ឬ​ដាក់ពិន្ទុ​…​ថា​តើ​ឥរិយាបថ ច​រិ​ក ឫកពា​របស់​បុគ្គល​នោះ​សាក​សមជា​អ្នកដឹកនាំ​ដែរឬទេ​។​
 
លោក រំដួល ចិ​ត្រា​៖ ជា​សំនួរ​ចុងក្រោយ ខ្ញុំ​ឃើញថា ប្រមុខ​រដ្ឋាភិបាល បាន​ខិតខំ​ដោះស្រាយ​បញ្ហា​មួយចំនួន​ជូន​ប្រជាពលរដ្ឋ រួមទាំង​ព្រមាន​រដ្ឋមន្ត្រី មន្ត្រី​អសកម្ម និង​ប្រកាស​ពិនិត្យ​ឋានន្តរសក្តិ​មន្ត្រី​ឡើងវិញ ខណៈ​ការបោះឆ្នោត​ខិតជិត​មកដល់​នេះ​។ សម្រាប់​លោក​មើលឃើញ​យ៉ាងណា ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​?
​លោក សន ជ័យ​៖ តាម​កែ​ទម្រ​ង​នេះ កែទម្រង់​នោះ ផ្ដល់​នេះ ផ្ដល់​នោះ នៅក្នុង​ទិដ្ឋភាព​មុន​ការបោះឆ្នោត​មកដល់​នេះ ខ្ញុំ​គ្រាន់តែ​យល់ថា ជា​សារ​មួយ សម្រាប់​បុគ្គល សម្រាប់​ទាញ​ប្រជាប្រិយភាព​នយោបាយ ដែល​ចៀស​មិន​រួច​ពី​ចង់បាន​ផលចំណេញ​នយោបាយ​ទេ​។ ធម្មតា​អ្នកនយោបាយ​តែងតែ​បង្កើត​សារ​នយោបាយ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ ប៉ុន្តែ​សំខាន់​ប្រព័ន្ធ​នៃ​ការអនុវត្ត​ហ្នឹង ដោយ​ខ្ញុំ​នៅតែ​សង្កត់ធ្ងន់​លើ​ប្រព័ន្ធ និង​របៀប​នៃ​ការអនុវត្ត ហើយនឹង​ឆន្ទៈ​នយោបាយ​៕ 
 

Tag:
 ហ៊ុន សែន​
  សន ជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com