ជាតិ
សង្គមជាតិ
អាជ្ញាធរ​ខេត្តក្រចេះ​៖ ពលរដ្ឋ​ជាង​៤០​នាក់ ដែល​បាន​ពុល​នំអន្សម​អាំង​រួច​ផុតពី​គ្រោះថ្នាក់​
07, May 2018 , 12:30 pm        
រូបភាព
ដោយ:
​ក្រចេះ​៖ ប្រជាពលរដ្ឋ​៤៤​នាក់ ដែល​រស់នៅ​ក្នុងភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ជួបប្រទះ​បញ្ហា​ពុល​នំអន្សម​អាំង កាលពី​ថ្ងៃទី​៦ ឧសភា​។ ប៉ុន្តែ​ករណី​ពុល​នេះ មិន​បណ្ដាល​ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ ក្រោយពី​បាន​ជួយសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​។​


 
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ លោក ឈ្នាង សុវត្ថា បាន​និយាយថា ករណី​ពុល​នំអន្សម​អាំង​នេះ ខាង​មន្ទី​រសុខាភិបាល មិនទាន់​ពិនិត្យ​រកឃើញ​មូលហេតុ​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​កំពុងដំណើរកា​រ​ស្រាវជ្រាវ​​ ទើប​អាច​បង្ហាញ​លទ្ធផល​នៅពេល​ក្រោយ​។ ចំពោះ​ពលរដ្ឋ​រងគ្រោះ​វិញ លោក ឈ្នាង សុវត្ថា បាន​បញ្ជាក់ថា ពួកគេ​បាន​រួច​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឈ្នាង សុវត្ថា បាន​និយាយ​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ​ជាង ៤០​នាក់​ដែល​បាន​ពុល​នំ​អ​ន្ស​មអាំង​កាលពី​ព្រឹក​មិញ​នេះ ឥឡូវ​ពួកគាត់​មាន​អាកា​រ​ធូរស្បើយ​ទាំងអស់ មិនមាន​អ្នកណាម្នាក់​មាន​សភាព​ធ្ងន់ធ្ងរ​ទេ​។ 
 
​កាលពីពេល​ថ្មីៗ​នេះ ក៏មាន​ប្រជាពលរដ្ឋ​ជាង​១៤០​នាក់ បាន​រងគ្រោះ​ដោយសារ​ការពុល​ទឹក​ព្រែក​ទេរ និង​ស្រា​ផងដែរ​។ ពលរដ្ឋ​ទាំងនោះ​ រស់នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បូរី នៅ​ខេត្តក្រចេះ​។ ក្នុងចំណោម​ពលរដ្ឋ​១៤៩​នាក់ ដែល​បាន​ពុល​ទឹក​និង​ស្រា​នេះ មាន​អ្នកស្លាប់​ចំនួន ១១​នាក់​។ ចំណែក​អ្នកជំងឺ ១៣៤​នាក់ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តក្រចេះ ខណៈដែល​ពលរដ្ឋ ១២​នាក់​ទៀត មាន​សភា​ពពុល​ធ្ងន់ធ្ងរ​ បាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ អ្នកជំងឺ​បញ្ជូនមក​ភ្នំពេញ គឺ​អ្នកពុល​ស្រា​ដែលមាន​ជាតិ​មេ​តា​ណុល​ខ្ពស់​។ នេះ​បើតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់ ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​៧ ខែឧសភា​នេះ ៕

Tag:
 ឈ្នាង សុវត្ថា
 ​ពុលនំអន្សម​
 ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com