ជាតិ
សុខភាព
មេតាណុលក្នុងស្រា ស ជាមូលហេតុនាំឲ្យមនុស្សស្លាប់១៣នាក់ និងឈឺជាង២០០នាក់នៅក្រចេះ
× ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោកវេជ្ជបណ្ឌិត ឈ្នាង សុវត្ថា បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នេះថា ករណីមនុស្សស្លាប់១៣នាក់ និងធ្លាក់ខ្លួនឈឺជាង២០០នាក់ បណ្តាលមកពីការពុលមេតាណុលក្នុងស្រា ស។
មនុស្សបានស្លាប់ និងធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់នៅថ្ងៃទី៤ ខែឧសភា នៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយការសន្និដ្ឋានជាបឋម ករណីទាំងនេះ បណ្តាលមកពីការពុលទឹកព្រែកទេរ និងពុលស្រាស ។ តែបើយោងតាមរបាយការណ៍ប្រជុំ ដែលដឹកនាំដោយលោក តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលកាលពីរសៀលថ្ងៃទី៧ ខែឧសភា ករណីទាំងនេះ បណ្តាលមកពីការពុលមេតាណុល ក្នុងស្រាស។
ការសន្និដ្ឋានរបស់ស្ថាប័នជំនាញ គឺយោងតាមលទ្ធផលមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាល លើសំណាកស្រាស ដែលមានកម្រិតជាតិមេតាណុលខ្ពស់ និងបណ្តាលអ្នកផឹកឈឺ រហូតដល់ស្លាប់បាន។ ការពុលមេតាណុលក្នុងស្រាស នាំឲ្យអ្នកផឹក មានរោគសញ្ញា ស្រវ៉ាំងភ្នែក ងងឹតភ្នែក និងថប់ដង្ហើម។
សម្រាប់អ្នកដែលធ្លាក់ខ្លួនឈឺ ប៉ុន្តែមិនមែនដោយសារការពិសារស្រា ស លោក ឈ្នាង សុវុត្ថា អះអាងថា ក្រុមការងារជំនាញកំពុងស្រាវជ្រាវ រកមូលហេតុជាបន្តបន្ទាប់ទៀត។
យោងតាមរបាយការណ៍ដោយគិតត្រឹមរសៀលថ្ងៃទី៧ ខែឧសភា ករណីពិគ្រោះសរុបមានចំនួន២៨០នាក់ ក្នុងនោះមានស្រី១៩២នាក់ និងកុមារ៦៩នាក់ ដោយអ្នកដែលត្រូវចូលសម្រាកមន្ទីរពេទកយមានចំនួនស្រុប២៣៤នាក់ (ស្រី១១៦នាក់)។
ករណីស្លាប់សរុបមានចំនួន១៣នាក់ (ស្រី៨នាក់) ក្នុងនោះ៦នាក់ស្លាប់នៅតាមផ្ទះ ១នាក់នៅមន្ទីរពេទ្យបង្អែកខេត្ត ២នាក់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ២នាក់ពេលបញ្ជូនដល់មន្ទីរកាល់ម៉ែត្រ និង២នាក់ស្លាប់តាមផ្លូវក្នុងដំណើរទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com