ជាតិ
មូលហេតុពុលនៅក្រចេះ៖ ទឹក មានជាតិគីមីពុល ឯស្រា ស មានជាតិមេតាណុល
×
ជាតិគីមីពុល ដោយសារថ្នាំបាញ់ស្មៅ និងសត្វល្អិត ដែលហូរចូលក្នុងព្រែកតេរ និងអូរគគី គឺជាមូលហេតុនៃការពុលទឹក នៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ចំណែកឯករណីពុលស្រា ស គឺដោយសារពិសារស្រា ស ដែលមានជាតិមេតាណុលខ្ពស់លើសកម្រិត។ នេះជាតាមការសន្និដ្ឋានរបស់ក្រសួងសុខាភិបាល ដោយផ្អែកលើលទ្ធផលពិសោធន៍ ពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលជាតិ និងមន្ទីរពិសោធន៍នៃវិទ្យាស្ថានតិចណូ។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ពីតួលេខជនរងគ្រោះដោយករណីពុលនេះដែរ គឺទាំងករណីពុលស្រា និងទឹកនេះ បានបណ្តាលឲ្យមនុស្សចំនួន១៣នាក់ស្លាប់ ក្នុងនោះស្រី៨នាក់។ ក្រៅពីនេះ មានមនុស្សចំនួន ២៧៣នាក់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងចំណោមមនុស្ស២៩៣នាក់ ដែលបានពិគ្រោះពីបញ្ហាសុខភាព ទាក់ទងនឹងករណីពុលនេះ។ រហូតមកដល់ពេលនេះ អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះចំនួន ១៣៩នាក់។
ក្រៅតែពីបញ្ជាក់ពីលទ្ធផលនៃការធ្វើពិសោធន៍ ក្រសួងសុខាភិបាល ក៏បានហាមដាច់ខាត និងបញ្ឈប់ការពិសារស្រា ស ដែលបិត និងលក់ស្រា ស នៅក្នុងមូលដ្ឋានដែលមិនមានលក្ខណៈត្រឹមត្រូវនៅតាមមូលដ្ឋានកើតហេតុ។ ហាមប្រើប្រាស់ទឹកព្រែកតេរ និងទឹកអូរគគីបណ្តោះអាសន្ន នៅក្នុងតំបន់ដែលកើតហេតុ ហើយអ្នកភូមិ ត្រូវប្រើប្រាស់ទឹកស្អាតដែលផ្គត់ផ្គង់ដោយអាជ្ញាធរ។ ជាមួយគ្នានេះ ក្រសួងក៏ណែនាំឲ្យប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុ ត្រូវអនុវត្តអនាម័យល្អ ពិសេសចូលរួមអនុវត្តអនាម័យចំណីអាហារ រស់នៅ និងហូបស្អាតផងដែរ៕
Tag:
ក្រចេះ
ពុលស្រា
ពុលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com