ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុម​ជំនាញមួយនៃ​អង្គការសិទិ្ធមនុស្សរបស់UN ហៅ​ការឃុំខ្លួន​លោក កឹម សុខា ថា​ខុសច្បាប់អន្តរជាតិ និង​ទាមទារ​ឲ្យ​ដោះលែង​ជាបន្ទាន់
09, May 2018 , 11:44 am        
រូបភាព
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
​ភ្នំពេញ​៖ ក្រុមការងារ​ជំនាញ​មួយ​របស់​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស ដែលហៅកាត់ជាភាសាអង់គ្លេសថា WGAD បានទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ ដោយគ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH)។ តែ​ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសថា នឹងមិនលើកលែងឲ្យលោក កឹម សុខាឡើយ។ ឯមន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច និយាយតពីប្រមុខរដ្ឋាភិបាលថា គ្មា​ប្រទេស​ណា ដោះលែង​ជន​ក្បត់ជាតិ នោះទេ​។




សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) ដែលមាន​អង្គការ​ជិត​២០០ មកពី​បណ្តា​ប្រទេស​ជាង​១០០ លើ​ពិភពលោក​ជា​សមាជិក បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយពី​ក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្តីពី​ភាពជោគជ័យ ដែល​ក្រុមការងារ​ពិសេស របស់​អង្គការសហប្រជាជាតិ យល់ព្រម​ធ្វើតាម​សំណើ​របស់ខ្លួន ក្នុងការ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការសង្ស័យ​របស់​តុលាការ​ថា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​។ FIDH ជា​អង្គការ​អន្តរជាតិ ដែល​ធ្វើ​ការងារ​ខ្លាំង​ផ្នែក​សិ​ទិ្ធ​ស៊ីវិល នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។​

​ក្រុមការងារ​ទទួលបន្ទុក​ករណី​ឃុំខ្លួន​ដោយ​បំពាន (WGAD) ដែលជា​អង្គភាព​មួយ​របស់​អង្គការសហប្រជាជាតិ បាន​សន្ម​ត់​ថា ការចាប់​និង​ការឃុំខ្លួន​លោក កឹម សុខា គឺធ្វើឡើង​ដោយ​ខុសច្បាប់ ដូច្នេះ​ត្រូវ​ដោះលែង​លោក ឲ្យ​មាន​សេរីភាព​ឡើងវិញ​ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ​។ នេះ​ជាការ​លើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ FIDH​។ FIDH អះអាងថា ខ្លួន​បានដាក់​សំណើ​ទៅកាន់ WGAD កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​សុំ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​លោក កឹម សុខា​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់ FIDH បាន​ឲ្យ​ដឹងថា WGAD មិន​ត្រឹមតែ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ប៉ុណ្ណោះ​ទេ តែ​ថែមទាំង ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ផ្តល់​សំណង​ដល់​លោក​ថែមទៀត សម្រាប់​ការឃុំ​ឃាំង​ដោយ​បំពាន​ច្បាប់​អន្តរជាតិ​។ FIDH បន្តថា WGAD បារម្ភ​យ៉ាងខ្លាំង​អំពី​សុខភាព​របស់លោក​កឹម​សុខា​។ 

FIDH បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​៖«WGAD បាន​រកឃើញថា លោក កឹម សុខា មិន​ទទួលបាន​យុត្តិធម៌​ក្នុងការ​ជំនុំជម្រះ​ឡើយ​។ WGAD បាន​សង្កត់ធ្ងន់ថា ករណី​លោក កឹម សុខា មិនចាំបាច់​ឈានដល់​យកទៅ​ជំនុំជម្រះ​នោះទេ ព្រោះ​ការឃុំ​ឃាំង​គាត់ គឺ​ខុសច្បាប់​បាត់ទៅហើយ ហើយ​សិទ្ធិ​របស់គាត់ ដែលមាន​ចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ក៏​ត្រូវបាន​រំលោភបំពាន​ដែរ​»​។

ការទាមទារ​ខាងលើ ដែលកើតឡើងនាពេលនេះ ​ក៏​អាចជា​ចំណែក​នៃ​កា​ររ​ប្រឹងប្រែង​របស់​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​របស់លោក កឹម សុខា ដែរ​។ កញ្ញា កឹម មនោ​វិទ្យា បាន​ពឹងពាក់​មេធាវី​អន្តរជាតិ​មួយក្រុម ឲ្យ​ដាក់​បណ្តឹង​ទៅកាន់ WGAD កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​សុំ​ឲ្យ​ជួយ​រក​យុត្តិធម៌ ជូន​ឪពុក​របស់​នាង​។​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា មិនបានប្រតិកម្មផ្ទាល់ទៅកាន់សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ ឬ ក្រុមការងារជំនាញរបស់អង្គការសហប្រជាជាតិនោះទេ ដែលទាមទារឲ្យដោះលែងលោក កឹម សុខា។ ប៉ុន្តែ ក្រោយមានការទាមទារបែបនេះ ប្រមុខរដ្ឋាភិបាល ក៏បានប្រកាសសាជាថ្មីថា ការលើកលែងឲ្យលោក កឹម សុខា នឹងមិនអាចកើតមានឡើយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីដូចសព្វដង នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ប្រធានគណបក្សកាន់អំណាច បានបញ្ជាក់យ៉ាងដូច្នេះថា៖«ការជាប់គុករបស់អ្នកឯង គឺជា​រឿងត្រឹមត្រូវណាស់ មិនអាចលើកលែងឲ្យអ្នកឯងបានទេ»។ 

​ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បកស្រាយ​ដូច​មុនដ​ដែលថា លោក កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ខ្លួនឯង ទើបបានជា​ត្រូវ​ទទួលទោស​បែបនេះ​។ លោក សង្កត់​ធ្ងន់​ថា ចំណាត់កា​របស់​សមត្ថ​កិច្ច និង​តុលាការ លើ​លោក កឹម សុខា គឺ​ត្រឹមត្រូវ​ទៅតាម​ច្បាប់​របស់​កម្ពុជា ដែលជា​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ពេញលេញ​។​

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ យ៉ាង​ដូច្នេះ​ថា​៖«​ប្រទេស​យើង មិន​ចំណុះ​ឲ្យ​បរ​ទេសណា ហើយក៏​មិន​ធ្វើ​តម្រូវ​តាម​បរ​ទេសណា​ដែរ​។ ច្បាប់​ប្រទេស​ណា ដែល​អ្នក​ក្បត់ជាតិ ហើយ​គេ ដោះលែង​នោះ​។ លើ​ពិភពលោក មិន​ដែលមាន​ប្រទេស​ណា អនុគ្រោះ​ឲ្យ​អ្នក ដែល​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ទេ​»​។​

​ការទាមទា​ម​ឲ្យ​ដោះលែង​លោក កឹម សុខា ពី​សំណាក់​ក្រុមការងារ​ពិសេស​របស់​អង្គការ​សហ​ប្រជាជា​តិ គឺ​ស្រប​ពេលដែល​ការបោះឆ្នោត កាន់តែ​ជិត​ឈាន​មកដល់​។ បច្ចុប្បន្ន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) កំពុង​ទទួល​ពាក្យ​របស់​គណបក្សនយោបាយ ដើម្បី​ត្រៀម​ប្រកួត​យក​អាសនៈ​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​មកដល់ពេលនេះ គណបក្សកាន់អំណាច និង​គណបក្ស​មួយចំនួនទៀត បាន​យកពាក្យ​ទៅ​ដា​ក់នៅ​គ​.​ជ​.​ប​. រួចហើយ ខណៈ​គណបក្ស​ផ្សេង​ពីនេះ កំពុង​បំពេញបែបបទ​។ ការចុះឈ្មោះ​គណបក្ស ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ ខែមេសា​មក នឹងត្រូវ​បិទ​បញ្ចប់ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។​

​មិនមែន​មានតែ​ក្រុមការងារ​ពិសេស​របស់​អង្គការ​សហ​ប្រជាជា​តិ​នោះទេ ដែល​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា នៅពេលនេះ​។ ចាប់តាំងពី​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៧​មក សហគមន៍​អន្តរជាតិ​នានា បានចេញ​មកជា​ហូរហែ ដើម្បី​អំពាវនាវ​ឲ្យ​ដោះលែង​។

​យ៉ាងណាក៏ដោយ សញ្ញា​វិជ្ជមាន​ដែលថា​លោក កឹម សុខា អាច​ត្រូវបាន​ដោះលែង​នោះ មិនទាន់​មាននៅ​ឡើង​ទេ​។ រដ្ឋាភិបាល ប្រកាស​ជំហរ​ថា អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់ ត្រូវតែ​ទទួលទោស ដោយ​មិនត្រូវ​លើកលែង​ជាដាច់ខាត​៕

អត្ថបទទាក់ទង




Tag:
 បោះឆ្នោត​
  UN
  កឹម សុខា​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com