ជាតិ
សង្គមជាតិ
ស្ពាន​អាកាសទឹកថ្លា នឹង​បើក​ឲ្យ​ដំណើរការ​ជាធម្មតា​ឡើងវិញ នៅ​ថ្ងៃទី​១០ ឧសភា​
09, May 2018 , 10:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សម្រេច​បើក​ស្ពាន​អាកាស​ទឹកថ្លា (​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​) ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ជាធម្មតា​ឡើងវិញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​។ ពលរដ្ឋ​អាចធ្វើ​ចរាចរណ៍ ចាប់ពី​ថ្ងៃទី​១០ ឧសភា​។​

 
​ក្រសួង ស្នើ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ស្ពាន​អាកាស​ទឹកថ្លា​នេះ ដោយ​ស្មារតី​ថែរក្សា និង​គោរព​ច្បាប់​ចរាចរណ៍ រួមទាំង​ផ្លាកសញ្ញា​ចរាចរណ៍ ដែលមាន​បង្ហាញ​នៅ​ក្បាលស្ពាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​គេចផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​។​
 
​ក្រោយ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​១២ មេសា កន្លងមក ស្ពាន​អាកាស​ទឹកថ្លា​នេះ ធ្លាប់​រង​ការខូចខាត​ផ្លាកសញ្ញា​ចំនួន​២​លើក​មកហើយ ដោយសារ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ខ្វះ​ការប្រុងប្រយ័ត្ន​។​
 
​ស្ពាន​អាកាស​ទឹកថ្លា (​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​) គឺជា​ស្ពាន​អាកាស​ទី​៥ ក្នុង​រាជធានី​ភ្នំពេញ ។​ស្ពាន​អាកាស​នេះ អាច​ឲ្យ​ឡានតូច​ធ្វើដំណើរ​សង់ខាង​បាន​២​ជួរ នៅលើ​ស្ពាន​។ ស្ពាន​នេះ បាន​ប្រើប្រាស់​ថវិកា​សាងសង់​អស់​៦១​លាន​ដុល្លារ​អាមេរិក ដែលជា​កម្ចី​សប្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា​។​
 
​គួរបញ្ជាក់​ផងដែរ ស្ពាន​អាកាស​នៅក្នុង​រាជធានី​ភ្នំពេញ​សរុប​មាន​៥ គឺ​ស្ពាន​អាកាស​ក្បាលថ្នល់​, ស្ពាន​អាកាស​៧​មករា​, ស្ពាន​អាកាស​ស្ទឹងមានជ័យ​, ស្ពាន​អាកាស​៥​មករា និង​ស្ពាន​អាកាស​ទឹកថ្លា​៕

Tag:
 ស្ពាន​អាកាស​
  ផ្សារ​ដី​ហុយ​
© រក្សាសិទ្ធិដោយ thmeythmey.com