អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រីចាញ់ឆ្នោត ណាជីប៖ «ខ្ញុំទទួលការកាត់ក្តីរបស់ប្រជាជនម៉ាឡេស៊ី»
10, May 2018 , 10:32 am        
រូបភាព
នាយករដ្ឋមន្ត្រីចាំផ្ទះ ណាជីប រ៉ាហ្សាក់ (រូបភាព AFP)
នាយករដ្ឋមន្ត្រីចាំផ្ទះ ណាជីប រ៉ាហ្សាក់ (រូបភាព AFP)
 នាយករដ្ឋមន្ត្រីចាំផ្ទះម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ បានប្រកាសទទួលស្គាល់លទ្ធផល​បោះឆ្នោតជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍​ទី ១០ ខែឧសភានេះ។ លោកបានថ្លែងទៅកាន់ប្រជាជនម៉ាឡេស៊ីជាអ្នកគាំទ្រ​ថា លោកទទួលស្គាល់​ការកាត់សេចក្តីរបស់ប្រជាជន​ម៉ាឡេស៊ី ក្នុងការ​បោះឆ្នោតម្សិលមិញ។ បើសិនជាមិនមានការប្រែប្រួល​ទេ លោក មហាធៀ មហាម៉ាត់ វ័យ ៩២ ឆ្នាំ អះអាងថា​ លោកនឹង​ស្បថចូល​កាន់តំណែងជានាយករដ្ឋមន្ត្រី​ទី ៧ នៅថ្ងៃនេះដែរ។ 


ការទទួលស្គាល់លទ្ធផលបោះឆ្នោត​ប្រហែលជារឿងពិបាកបំផុតមួយសម្រាប់អ្នក​នយោបាយ​បើសិនជាគេចាញ់ឆ្នោត។​ ប៉ុន្តែនាយករដ្ឋមន្រ្តីចាំផ្ទះម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ មិនបានរត់គេចពីការពិតឡើយ។ លោក​បានចេញមុខប្រកាស​ទទួលស្គាល់​លទ្ធផលដែលបង្ហាញថា សម្ព័ន្ធ​បក្សកាន់អំណាចរបស់លោកពិតជាចាញ់​ឆ្នោតមែន​នៅថ្ងៃពុធទី ៩ ឧសភាម្សិលមិញនេះ។ 

បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅក្នុងសន្និសីទព័ត៌មាន លោក ណាជីប បានប្រកាសថា លោកទទួលយកការកាត់ក្តីរបស់ប្រជាជនម៉ាឡេស៊ីក្នុងការបោះឆ្នោត​ ដែលជ្រើសរើស​យក​បក្សប្រឆាំងដែលដឹកនាំ​ដោយលោក មហាធៀ មហាម៉ាត់ នោះ។ លោកបន្ថែម​ថា វានឹងមានការផ្លាស់ប្តូរមួយមែន ហើយលោកប្តេជ្ញា​ចិត្ត​ជួយធានាឲ្យមានដំណោះស្រាយត្រឹម​ត្រូវផងដែរ។

ប៉ុន្តែ​ក្រៅពីប្រកាសទទួល​ស្គាល់លទ្ធផលបោះឆ្នោត លោក ណាជីប បានឆ្លៀតបញ្ជាក់ថា ការបោះឆ្នោតសភាម្សិលមិញ​នេះ​មិនមានការបន្លំ និងរឿងមិនប្រក្រតីដូចគេចោទឡើយ។ អ្នកនយោបាយរូបនេះក៏បញ្ជាក់ផងដែរថា តាមលទ្ធផលបោះឆ្នោត គ្មានបក្សណាមួយឈ្នះបានសំឡេងភាគច្រើនធម្មតាឡើយ។ ដូច្នេះ​ការតែងតាំងនាយក​រដ្ឋមន្ត្រី​ថ្មីនឹងស្ថិតក្រោមការសម្រេចរបស់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី។
អត្ថបទទាក់ទង
 
យ៉ាងណាក៏ដោយចុះ គេ​រំពឹង​ថា អតីតនាយករដ្ឋមន្ត្រី មហាធៀ នឹងត្រូវគេតែងតាំងជានាយករដ្ឋមន្ត្រីទីប្រាំពីរ​នៃសហព័ន្ធម៉ាឡេស៊ី ដោយសារសម្ព័ន្ធបក្សកាន់​អំណាច​របស់​លោកឈ្នះបានអាសនៈសភាសរុប ១១៣ ហើយបើរាប់ទាំងបក្សសម្ព័ន្ធមិត្ត Warisan ផង អាសនៈសរុបកើនដល់​ ១២១ ឯណោះ។ ​លោក មហាធៀ ខ្លួនឯងបានប្រកាសហើយថា ការស្បថកាន់តំណែង​នឹង​ត្រូររៀបចំឡើងនៅថ្ងៃនេះផងដែរ។ 

យ៉ាងណាមិញ ទូរទស្សន៍សិង្ហបុរី Channel News Asia បានស្រង់ប្រភព​ពីរាជវាំងម៉ាឡេស៊ី​ថា លោក មហាធៀ មិន​អាចស្បថចូលកាន់តំណែង​នៅថ្ងៃព្រហស្បតិ៍នេះឡើយ ដ្បិតរដ្ឋាភិបាលថ្មីក៏មិនទាន់ត្រូវបានបង្កើតឡើងផងនោះ។ 

សូមបញ្ជាក់ថា ប្រជាជនម៉ាឡេស៊ីជិត ១៥ លាននាក់មានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតសភានីតិកាល ១៤ នេះ។ ចំណែកអាសនៈសរុបទូទាំងរដ្ឋទាំង ១៣ នៅម៉ាឡេស៊ីគឺ ២២២ ហើយបើសិនបក្សណាមួយដណ្តើមបានអាសនៈច្រើនជាងគេ បក្សនោះនឹងឈ្នះការបោះឆ្នោត និងដឹកនាំ​រដ្ឋាភិបាល ទោះបីទទួលបានសំឡេងឆ្នោតទូទាំងប្រទេសតិចក៏ដោយ។ ក្នុងការបោះឆ្នោតលើកនេះ គណបក្សកាន់អំណាច​នេះបានដណ្តើមអាសនៈសរុបចំនួន ៧៩,​គណបក្សឥស្លាមម៉ាឡេស៊ី​ (PAS) បានទទួល ១៨ អាសនៈ ហើយគណបក្ស Warisan បានទទួល ៨អាសនៈ។ ក្រុមអ្នកឈរឈ្មោះឯករាជ្យបាន ៣ អាសនៈ និងចុងក្រោយបក្ស​សម្ព័ន្ធរួបរួម Sabah (USA) បានទទួលមួយអាសនៈ៕



Tag:
 បោះឆ្នោតម៉ាឡេស៊ី
  ណាជីប រ៉ាហ្សាក់
  មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com