ជាតិ
អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​ផ្ទុះ​ការតវ៉ា​ជាថ្មី ពាក់ព័ន្ធ​នឹង​បញ្ហា​កន្លែង​លក់​
10, May 2018 , 8:59 pm        
រូបភាព
រូបភាព៖ លោក ស៊ាន សុផាត
រូបភាព៖ លោក ស៊ាន សុផាត
​សៀមរាប​៖ ក្រុមអាជីវករ​ផ្សារ​ដើម​ក្រឡាញ់ ក្រុង​សៀមរាប បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី ដោយ​ទាមទារ​ឱ្យ​ម្ចាស់​ផ្សារ​រៀបចំ​តូច​លក់ដូរ​ដល់​ពួកគេ​។ តាម​ការលើកឡើង​រប​ស់​ក្រុមអាជីវករ ពួកគេ​ជា​អ្នកលក់​ចាស់ មុនពេល​ផ្សារ​ត្រូវបាន​ឆេះ និង​រៀបចំ​ថ្មី​ឡើងវិញ ។ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​មិនទាន់មាន​កន្លែង​លក់​នៅឡើយ​។​



​អាជីវករ​ប្រមាណ ៣០​នាក់ បាន​លើក​បដា ដោយមាន​រូប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បាន​បិទ​កំណាត់​ផ្លូវ​នៅ​ផ្ដុំ​ផ្សារ​ដើម​ក្រឡាញ់ នៅ​ព្រឹក​ថ្ងៃទី​១០ ឧសភា នេះ ដើម្បីឱ្យ​អាជ្ញាធរ និង​ម្ចាស់​ផ្សារ រក​ដំណោះស្រាយ​លើ​បញ្ហា​អត់​តូច​លក់ដូរ​របស់​ពួកគេ​។​

​អាជីវករ​ម្នាក់​ដែល​បាន​ចូលរួម​តវ៉ា​បាន​និយាយថា ពួកគេ​ជា​អាជីវករ​ចាស់​នៅ​ផ្សារ​ដើម​ក្រឡាញ់ ហើយ​តាំងពី​ផ្សារ​ធ្វើ​ថ្មី​រួចមក ពួកគេ​មិនទាន់​អាច​ចូលទៅ​លក់​ក្នុង​ផ្សារ​នៅឡើយ ដោយហេតុថា គេ​តម្រូវឱ្យ​លក់​នៅ​ជាន់​ខាងលើ​នៃ​ផ្សារ ។ បើតាម​ការអះអាង​រប​ស់​អាជីវករ ពួកគេ​មិន​ពេញ​ចិត្តនឹង​ការរៀបចំ​បែបនេះ ព្រោះ​ជាន់​ខាងលើ​ជា​កន្លែង​មិនសូវមាន​មនុស្ស ឬ​កន្លែង​មិនល្អ​។ ដូច្នេះ ឆ្លើយតប​ទៅនឹង​ការជំទាស់​នេះ អាជីវក​រទាំង​នោះបាន​បង្ខំចិត្ត​លក់​នៅលើ​ចិញ្ចើមផ្លូវ​មុខ​ផ្សារ ដោយ​រង់ចាំ​ដំណោះស្រាយ​ត្រឹមត្រូវ​ពី​ម្ចាស់​ផ្សារ​។​

​ឆ្លើយតប​ទៅនឹង​ការលើកឡើង​នេះ ម្ចាស់​ផ្សារ​ដើម​ក្រឡាញ់ លោក សុខ តុញ បានឱ្យដឹងថា គឺ​វា​មិន​ដូច​ការលើកឡើង​របស់​ក្រុមអាជីវករ​ទាំងនោះ​ឡើយ​។ ផ្ទុយទៅវិញ ខាង​លោក​បានរៀបចំ កំណត់​ផ្នែក​នៃ​របរ​លក់ និង​ផ្ដល់​ការចាប់​ឆ្នោត​រើស​តូច​លក់​ហើយ តែ​ក្រុមអាជីវករ​ខាងលើ​មិនបាន​ទៅ​ចាប់ឆ្នោត គឺ​ជំទាស់​ទៅនឹង​គោលការណ៍​រៀបចំ​ផ្សារ​នេះ​តែម្ដង ដោយ​ទាមទារ​ដាច់​ណាត់​ដើម្បី​បាន​លក់​នៅ​ជាន់​ខាងក្រោម​។​

​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៣ ផ្សារ​ដើម​ក្រឡាញ់ ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា «​ផ្សារ​សម្តេច​តេ​ជោ​» ដើម​ក្រឡាញ់ ត្រូវបាន​ភ្លើង​ឆេះ​ទាំងស្រុង ហើយ​ត្រូវបាន​ប្រមុខ​ថ្នាក់ដឹកនាំ​សម្តេច ហ៊ុន សែន ចេញមុខ​ជួយ​សាងសង់​ផ្សារ​នេះឡើយ​វិញ​។ ផ្សារ​នេះ​មាន​ចំនួន​ជាង ១០០០​តូប​៕


Tag:
 ផ្សារ​ដើម​ក្រឡាញ់
© រក្សាសិទ្ធិដោយ thmeythmey.com