កីឡាជាតិ
ជាតិ
ក្លិប Negeri Sembilan យកកីឡាករហ្វីលីពីន ជំនួសប្រាក់ មុន្នីឧត្តម
× ខ្សែបម្រើ ប្រាក់ មុន្នីឧត្តម ជាកីឡាករកម្ពុជាទី៣ ដែលត្រូវចាកចេញពីក្របខណ្ឌលីគកំពូលម៉ាឡេស៊ី បន្ទាប់ពីក្លិប Negeri Sembilan បានបញ្ចប់កិច្ចសន្យារូបគេមុនពេលវេលាកំណត់កាលពីពេលថ្មីៗ។ ខ្សែប្រយុទ្ធហ្វីលីពីន Angel Guirado នឹងចូលមកជំនួសកន្លែង ប្រាក់ មុន្នីឧត្តម ដើម្បីបង្គ្រប់កូតាកីឡាករអាស៊ាន។ ក្លិប Negeri Sembilan បាននាំចូលខ្សែការពារប្រេស៊ីល Alex Moraes ដែលទើបបញ្ចប់កិច្ចសន្យាជាមួយ Pahang FA ដើម្បីពង្រឹងតំបន់ការពារផងដែរ។
កីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវបានក្លិប Negeri Sembilan ប្រកាសចែកផ្លូវគ្នាមុនកិច្ចសន្យាកាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០១៨។ ប្រាក់ មុន្នីឧត្តម ជាកីឡាករកម្ពុជាទី៣ ដែលត្រូវបានក្លិបក្នុងក្របខណ្ឌលីគកំពូលម៉ាឡេស៊ីបញ្ចប់តួនាទីមុនកាលកំណត់ បន្ទាប់ពីខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ជាមួយក្លិប Pahang FA និងកីឡាករ កែវ សុខផេង ជាមួយ PKNP FC។ តែយ៉ាងណា ការបញ្ចប់កិច្ចសន្យាមុនកាលកំណត់របស់ ប្រាក់ មុន្នីឧត្តម មិនទាន់មានការប្រកាសជាផ្លូវការពីក្លិបនេះនៅឡើយទេ។
ក្លិប Negeri Sembilan បាននាំចូលខ្សែប្រយុទ្ធហ្វីលីពីន Angel Guirado វ័យ៣៣ឆ្នាំ ដើម្បីជំនួសកន្លែង ប្រាក់ មុន្នីឧត្តម ក្នុងកូតាកីឡាករអាស៊ាន។ ក្រៅពីខ្សែប្រយុទ្ធខាងលើ ក្លិបនេះ ក៏បាននាំចូលខ្សែការពារប្រេស៊ីល Alex Moraes ដែលត្រូវបានក្លិបPahang FA ទើបប្រកាសបញ្ចប់កិច្ចសន្យាកាលពីពេលថ្មីៗ១រូបទៀតផងដែរ។
គួររំលឹកថា កាលពីចុងខែមករាកន្លងទៅ កីឡាករ ប្រាក់ មុន្នីឧត្តម បានចុះកិច្ចសន្យារយៈពេល១ឆ្នាំលេងក្លិប Negeri Sembilan សម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩៕
Tag:
បាល់ទាត់
ប្រាក់ មុន្នីឧត្តម
Malaysia Super League
© រក្សាសិទ្ធិដោយ thmeythmey.com